សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាមានប្រសាសន៍ថា ការបោះឆ្នោតសកលឆ្នាំ២០២៣ ក្រៅពីការប្រកួតប្រជែងរវាងគណបក្សនយោបាយចំនួន១៨គណបក្សដែលបានចុះឈ្មោះប្រកួតប្រជែងយកកៅអីក្នុងសភាជាតិ នៅមានការប្រកួតប្រជែងជាមួយពួកជ្រុលនិយមដែលចង់បំផ្លាញចោលការបោះឆ្នោត។
|
សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។រូបភាពធ្វីតធ័រសម្ដេចហ៊ុន សែន |
នៅលើបណ្ដាញតេឡេក្រាម នាព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចហ៊ុន សែន បានសរសេរថា ការបោះឆ្នោតសកលឆ្នាំ២០២៣ ក្រៅពីការប្រកួតប្រជែងរវាងគណបក្សនយោបាយចំនួន១៨គណបក្សដែលបានចុះឈ្មោះប្រកួតប្រជែងយកកៅអីក្នុងសភាជាតិយើង នៅមានការប្រកួតប្រជែងរវាង១៨គណបក្ស ដែលចូលរួមការបោះឆ្នោតជាមួយពួកជ្រុលនិយម ដែលចង់បំផ្លាញចោលការបោះឆ្នោត។ សម្ដេចបន្តថា ពួកជ្រុលនិយម ដែលបញ្ជាដោយទណ្ឌិតរត់ចោលគុកពីក្រៅប្រទេសមក បក្សនយោបាយមួយនៅក្នុងប្រទេសបានរកគ្រប់វិធីដើម្បីបំផ្លាញចោលដំណើរការប្រជាធិបតេយ្យ តាមរយៈការខិតខំបំផ្លាញចោលការបោះឆ្នោតដូចជាយុទ្ធនាការមិនឱ្យប្រជាជនទៅបោះឆ្នោតនិងបំផ្លាញចោលសន្លឹកឆ្នោត។ល។សម្ដេចនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា៖«តើថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ កម្លាំងប្រជាធិបតេយ្យដែលចូលរួមការបោះឆ្នោត មានច្រើនជាងឬមានតិចជាងកម្លាំងបំផ្លាញប្រជាធិបតេយ្យ បំផ្លាញការបោះឆ្នោតសូមរង់ចាំមើលទាំងអស់គ្នា»៕AKP
Post a Comment