ADBរក្សា​ការ​ព្យាករណ៍​​​កំ​ណើនសម្រា​ប់ប្រទេស​​កំពុង​អភិវឌ្ឍន៍នៅ​​អាស៊ី​និង​ប៉ាស៊ីហ្វិក​២​​០២​៣

 ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានរក្សាទស្សនវិស័យកំណើនរបស់ខ្លួនសម្រាប់ប្រទេស​កំពុង​អភិវឌ្ឍន៍នៅអាស៊ីនិងប៉ាស៊ីហ្វិកក្នុងអត្រា៤,៨ភាគរយ នៅឆ្នាំនេះ ដោយសារតម្រូវ​ការ​ក្នុង​ស្រុកដ៏រឹងមាំដែលបន្តគាំទ្រដល់ការងើបឡើងវិញក្នុងតំបន់។អតិផរណាត្រូវបានរំពឹងថានឹងបន្តធ្លាក់ចុះ ដោយខិតជិតដល់កម្រិតមុនជំងឺរាតត្បាត ដោយសារ តម្លៃប្រេងឥន្ធនៈ និងអាហារធ្លាក់ចុះ។ 

នេះបើយោងតាមទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី (ADB) ខែកក្កដា ឆ្នាំ២០២៣ ដែលចេញផ្សាយនៅថ្ងៃនេះ។ បើតាម ADB អតិផរណាក្នុងតំបន់អាស៊ីកំពុងអភិវឌ្ឍន៍ ត្រូវបានព្យាករណ៍ថា នឹងមាន ៣,៦ភាគរយ នៅឆ្នាំនេះ ធៀបនឹងការព្យាករណ៍៤,២ភាគរយ កាលពីខែមេសា ។ ទន្ទឹម​នឹងនោះ ទស្សនវិស័យអតិផរណា សម្រាប់ឆ្នាំ ២០២៤ គឺកើនឡើងដល់ ៣,៤ភាគរយ ពីការ​ប៉ាន់ស្មាន ៣,៣ភាគរយ  កាលពីលើកមុន។ក្នុងរបាយការណ៍បានអះអាងថា ការបើកឡើងវិញ នៃសាធារណរដ្ឋប្រជាមានិតចិន កំពុងជំរុញកំណើនក្នុងតំបន់។ សេដ្ឋកិច្ច របស់ចិន ត្រូវបានព្យាករណ៍ថានឹងកើនឡើង ៥,០​ភាគរយ នៅឆ្នាំនេះ ដូចការព្យាករណ៍កាលខែមេសា ខណៈមានតម្រូវការក្នុងស្រុកខ្លាំង​នៅ​ក្នុងវិស័យសេវាកម្ម។ ទោះជាយ៉ាងណាក៏ដោយ តម្រូវការសម្រាប់ ការនាំចេញគ្រឿង​អេឡិចត្រូនិក និង ផលិតផលផ្សេងទៀត របស់តំបន់អាស៊ីកំពុងអភិវឌ្ឍន៍ ធ្លាក់ចុះដោយ សារការរឹតបន្តឹងរូបិយវត្ថុដែលបន្តជះឥទ្ធិពលលើកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសធំៗដែលមាន​សេដ្ឋកិច្ចជឿនលឿន។ ជាមួយគ្នានេះ តាមការព្យាករណ៍កំណើនក្នុងតំបន់សម្រាប់ឆ្នាំក្រោយត្រូវបាន​កែ​សម្រួលតិចតួចមកត្រឹម ៤,៧ភាគរយ ពីការប៉ាន់ប្រមាណ ៤,៨ភាគរយ កាលពីខែមេសា។លោក Albert Park ប្រធានសេដ្ឋវិទូ របស់ ADB បានគូសបញ្ជាក់ថា៖ «អាស៊ី និង​ប៉ាស៊ីហ្វិកបន្តងើបឡើងវិញ ពីជំងឺរាតត្បាតក្នុងល្បឿនមួយដែលថេរសកម្ម​ភាព។ តម្រូវការ និងសកម្មភាពសេវាកម្មក្នុងស្រុក កំពុងជំរុញកំណើន ខណៈប្រទេសជាច្រើន​ក៏កំពុងទទួល​បានអត្ថប្រយោជន៍ពីការស្ទុះងើបឡើងវិញយ៉ាង រឹងមាំនៃវិស័យទេសចរណ៍។ ទោះជាយ៉ាង​នេះក្តី សកម្មភាពឧស្សាហកម្ម និងការនាំចេញនៅតែទន់ខ្សោយ ហើយទស្សនវិស័យ​សម្រាប់​កំណើន និងតម្រូវការសកលនៅឆ្នាំក្រោយកាន់តែមានស្ថានភាពមិនល្អ។»សូមជម្រាបជូនថា ADB រក្សាការព្យាករកំណើនរបស់ខ្លួនសម្រាប់អនុតំបន់​ភាគច្រើន​នៅអាស៊ី និងប៉ាស៊ីហ្វិក។ ករណីលើកលែងរួមមានតំបន់អាស៊ីអាគ្នេយ៍ ដែលទស្សនវិស័យ​ធ្លាក់ចុះមកត្រឹម ៤,៦​ភាគរយនៅឆ្នាំនេះ និង ៤,៩ភាគរយ នៅឆ្នាំក្រោយ ធៀបនឹង​ការ​ប៉ាន់​ស្មាន ៤,៧​ភាគរយ (សម្រាប់ឆ្នាំនេះ) និង ៥,០ភាគរយ (សម្រាប់ឆ្នាំក្រោយ) កាលពីខែ​មេសា។ ការព្យាករណ៍សម្រាប់តំបន់ Caucasus និងអាស៊ីកណ្តាលត្រូវបានកែសម្រួល ចុះ​តិច​តួច មកត្រឹម ៤,៣ភាគរយ ពី ៤,៤ភាគរយ សម្រាប់ ២០២៣ និង ៤,៤ភាគរយ ពី ៤,៦​ភាគរយ សម្រាប់ឆ្នាំ ២០២៤៕AKP/ ADB


Powered by Blogger.