អាស៊ាននឹងផ្តល់ជំនួយសង្គ្រោះទៅកាន់មីយ៉ាន់ម៉ាចុងក្រោយ
មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌និងគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) នឹងផ្តល់ជំនួយសង្រ្គោះលើកទី២ចុងក្រោយទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី១៦ ខែមិថុនា និងថ្ងៃទី២២ ខែមិថុនាតាមផ្លូវទឹក។ជំនួយមនុស្សធម៌ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះបន្ទាន់នៅប្រទេសមីយ៉ាន់ម៉ាធ្វើឡើងបន្ទាប់ពីមានព្យុះស៊ីក្លូន MOCHA កាលពីខែមុនដែលនេះឆ្លុះបញ្ចាំងពីសាមគ្គីភាពរបស់អាស៊ានចំពោះប្រជាជនរបស់ពួកគេ។ជំនួយសង្គ្រោះដែលរួមមានរបស់ប្រើប្រាស់ និងឧបករណ៍សំអាតទឹកត្រូវបានគេរំពឹងថានឹងមកដល់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទ២០ ខែមិថុនានិងថ្ងៃទី២៧ ខែមិថុនា។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន។ជំនួយមនុស្សធម៌ដំបូងរបស់អាស៊ានបានមកដល់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី២១ ខែឧសភា ហើយជាជំនួយសង្គ្រោះបន្ទាន់ដំបូងដែលបានទទួលដោយសហគមន៍ដែលរងផលប៉ះពាល់។អាស៊ានក៏បានចាប់ផ្តើមការពិភាក្សាផ្ទៃក្នុងស្តីពីការគាំទ្រដែលអាចកើតមានសម្រាប់ដំណាក់កាលនៃការស្តារឡើងវិញដោយផ្អែកលើការវាយតម្លៃពីក្រុមសង្រ្គោះ និងការវាយតម្លៃក្នុងគ្រាអាសន្នរបស់អាស៊ាន (ERAT)។ក្រុមវាយតម្លៃការងារអាស៊ាន បានបញ្ចប់ការវាយតម្លៃដំបូងរបស់ពួកគេនៅក្នុងតំបន់រងផលប៉ះពាល់នៅថ្ងៃទី៣០ ខែឧសភា។គិតត្រឹមថ្ងៃទី២ ខែមិថុនា មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌និងគ្រប់គ្រងគ្រោះមហន្តរាយបានប្រគល់សម្ភារៈសង្គ្រោះដល់សហគមន៍ដែលរងផលប៉ះពាល់នៅក្នុស្រុក Sittwe, Rathedaung, KyaukTaw, និងPonnagyun។ជំនួយសង្រ្គោះមានតម្លៃ ១.៦៤ លានដុល្លារត្រូវបានបញ្ជូនទៅប្រទេសមីយ៉ាន់ម៉ាពីឃ្លាំងដឹកជញ្ជូនសង្គ្រោះបន្ទាន់របស់អាស៊ាននៅទីក្រុង Subang ប្រទេសម៉ាឡេស៊ី។រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ចំនួន ៣០ម៉ឺនដុល្លារ ដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែង ដោះស្រាយផលប៉ះពាល់ នៃគ្រោះមហន្តរាយ ព្យុះស៊ីក្លូន Mocha ដែលបានបង្កឲ្យមានសោកនាដកម្ម និងការបាត់បង់អាយុជីវិតរាប់រយនាក់ ព្រមទាំងការខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងរដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា៕Bernama/Khmer Times
ផ្ទះជាច្រើនខ្នងត្រូវបានបំផ្លាញដោយព្យុះស៊ីក្លូន Mocha នៅក្នុងស្រុក Sittwe រដ្ឋ Rakhine ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៦ ខែឧសភា។ AFP/Khmer Times
Post a Comment