ថៃចាប់ខ្លួនអ្នកសុំទានខ្មែរចំណាកស្រុកខុសច្បាប់នៅប៉ាតាយ៉ា
មន្ត្រីនគរបាលជាង៥០នាក់មកពីប៉ុស្តិ៍Banglamung និងPattayaបានរួមសហគ្នាដើម្បីបំបែកក្រុមក្មេងទំនើងដែលពាក់ព័ន្ធនឹងសកម្មភាពសុំទាននិងល្បែងស៊ីសងខុសច្បាប់។ ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ឧសភា ។ជាដំបូង អាជ្ញាធរបានមានគោលដៅលើផ្ទះមួយខ្នងដែលមានទីតាំងស្ថិតនៅសង្កាត់ Sukhumvit Soi 7និងក្នុងសង្កាត់រងNongprue។ នៅពេលនគរបាលបានចូលទៅដល់ គេបានឃើញផ្ទះពីរខ្នងប្រក់ដំបូលស័ង្កសីដែលមានរបងបិទជិត។នៅពេលចូលដល់ក្នុងផ្ទះភ្លាម គេបានប្រទះនឹងស្ត្រីខ្មែរម្នាក់ដែលត្រូវនឹងការប្រកាសស្វែងរកចាប់ខ្លួន។ភ្លាមៗនោះ មន្ត្រីនគរបាលបានបង្ហាញដីកាចាប់ខ្លួន និងផ្តល់រូបថតមួយសន្លឹក ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់គាត់។នៅក្នុងផ្ទះទី១ពួកគេក៏បានប្រទះឃើញកូនក្មេងចំនួនប្រាំនាក់ផងដែរ ដែលមានអាយុចន្លោះពី១ទៅ៨ឆ្នាំ។ចំណែកផ្ទះទី២ មន្ត្រីក៏ប្រទះឃើញបុរសជនជាតិខ្មែរម្នាក់ និងស្ត្រីម្នាក់ និងកូន២នាក់ ។ ពុំមានឯកសារបញ្ជាក់អត្តសញ្ញាណផ្ទាល់ខ្លួនណាមួយ ត្រូវបានគេរកឃើញក្នុងពេលឆែកឆេរនោះទេ ទើបសមត្ថកិច្ចនាំខ្លួនជនទាំងអស់ទៅកាន់ប៉ុស្តិ៍នគរបាលBanglamung។នៅទីតាំងទី២ ផ្ទះមួយកន្លែងឈ្មោះ Pornpimol ស្ថិតក្នុងសង្កាត់Soi Naklua 14 អាជ្ញាធរបានរកឃើញចំណុចគួរឱ្យកត់សម្គាល់ផ្សេងទៀត ។ ពួកគេបានរកឃើញមនុស្សពេញវ័យខ្មែរមួយក្រុមរួមនឹងកុមារចំនួន ១១ នាក់អាយុទើបកើតដល់អាយុ ៨ ឆ្នាំ រស់នៅជាមួយគ្នា។ ក្នុងចំណោមការរកឃើញរបស់ពួកគេ មានវត្ថុដែលជាធម្មតាទាក់ទងនឹងការសុំទានដូចជា ផ្តិល និងកាក់។ គេមិនបានរកឃើញឯកសារអត្តសញ្ញាណផ្ទាល់ខ្លួននៅទីតាំងនេះទេ។ក្រោយពីបង្ហាញដីកាចាប់ខ្លួនសមត្ថកិច្ចបាននាំខ្លួនមនុស្សប្រុស២នាក់ស្រី៣នាក់ទៅឃុំខ្លួន។ បុគ្គលម្នាក់បានប្រាប់អត្តសញ្ញាណខ្លួនឯងត្រឹមតែឈ្មោះ អូ អាយុ ២៧ ឆ្នាំ បានអះអាងថាធ្វើការនៅសណ្ឋាគារមួយដែលមិនទាមទារឯកសារអ្វីឡើយ។គាត់ក៏បានសារភាពថា បុគ្គលមួយចំនួនមកពីក្រុមសុំទានបានចូលរួមលេងល្បែងបៀរក្នុងគោលបំណងកម្សាន្តដោយភ្នាល់លុយដែលពួកគេរកបានពីការសុំទាន។ការស៊ើបអង្កេតបឋមបានបង្ហាញថា ក្រុមអ្នកសុំទានទាំងនេះបានចូលទីក្រុងដោយខុសច្បាប់ ដោយប្រើមធ្យោបាយផ្សេងៗ និងដាក់គោលដៅលើកុមារនៅតំបន់ដែលមានអ្នកទេសចរធ្វើដំណើរច្រើនដើម្បីសុំប្រាក់ ឬសុំការអាណិតអាសូរពីអ្នកស្រុក និងអ្នកទេសចរ។ ប្រាក់ចំណូលប្រចាំថ្ងៃរបស់ពួកគេមានចាប់ពី ៣០០ ទៅ ១,០០០បាត។ដើម្បីដោះស្រាយស្ថានការណ៍នេះ មន្ត្រីបានសហការជាមួយការិយាល័យអភិវឌ្ឍន៍សង្គម និងសន្តិសុខប្រជាជនខេត្តឈុនបុរី និងមណ្ឌលកុមារខេត្ត ដើម្បីធ្វើការពិនិត្យបុគ្គល កត់ត្រាប្រវត្តិផ្ទាល់ខ្លួន និងស៊ើបអង្កេតបណ្តាញ និងទំនាក់ទំនងក្នុងចំណោមមនុស្សពេញវ័យដែលអះអាងថាជាឪពុកម្តាយរបស់កុមារទាំងនោះ។ ក្នុងករណីមិនមានទំនាក់ទំនងស្របច្បាប់ណាមួយទេ អាជ្ញាធរគ្រោងនឹងបន្តការចោទប្រកាន់ពីបទជួញដូរមនុស្ស។ ការស៊ើបអង្កេតបន្ថែមទៀតនឹងត្រូវបានអនុវត្តដើម្បីប្រមូលភស្តុតាងសម្រាប់ការចោទប្រកាន់បន្ថែម។Pattaya Mail/
នគរបាលប៉ាតាយ៉ាបង្ហាញដីកាចាប់ខ្លួនជាមួយនឹងរូបថតស្ត្រីខ្មែរចំណាកស្រុកខុសច្បាប់ម្នាក់ដើម្បីបញ្ជាក់អត្តសញ្ញាណរបស់គាត់។ ពួកគេក៏បានប្រទះឃើញកូនក្មេង៥នាក់អាយុពី១ដល់៨ឆ្នាំនៅក្នុងផ្ទះផងដែរ ។
Post a Comment