នាយ​ករដ្ឋមន្ត្រី​ថាអ្នក​មិន​​ទៅ​​បោះឆ្នោត​នឹង​ក្លាយ​ជា​​​ជន​ឯកោ​​​នឹ​ងពាក់ព័ន្ធ​លោ​ក​ស​ម​ រង្ស៊ី

 ​សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែនបញ្ជាក់​ថា​ចំពោះ​អ្នក​ដែល​មិន​ទៅ​បោះឆ្នោត​ ​នឹង​ក្លាយ​ជា​ជន​ឯកោ​​ព្រមទាំង​ពាក់ព័ន្ធ​ជាមួយនឹង​លោក​ ​សម​ រង្ស៊ី ​អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​ប្រទេស​បារាំង​។​

ការ​លើក​ឡើង​ខាង​លើ​នេះ​ ​ធ្វើ​ឡើង​ក្នុង​ជំនួប​សំណេះ​សំណាល​ជាមួយ​កម្មករ​ ​កម្មការិនី​ ​នៅ​ស្រុក​ត្រាំ​កក់​ ​ខេត្ត​តាកែវ​ ​កាល​ពីព្រឹក​ថ្ងៃអាទិត្យ​ម្សិលមិញ​។​សម្តេចនាយករដ្ឋមន្ត្រី​បន្ថែម​ថា​ ​ទោះ​ទៅ​បោះឆ្នោត​ឬ​មិន​ទៅ​បោះឆ្នោត​ ​គឺជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។​ប៉ុន្តែ​មិន​គួរ​ធ្វើ​ឱ្យ​ខុស​ពី​គេ​ត្រឹម​មួយ​ឬ​ពីរ​នាក់​នោះ​ទេ​ ​ព្រោះ​នឹង​ក្លាយ​ជា​ជន​ឯកោ​ហើយ​គេ​នឹង​កត់​សម្គាល់​ថា​ពាក់ព័ន្ធ​នឹង​ក្រុម​ក្បត់ជាតិ​។​សម្តេចបញ្ជាក់​ថា​៖​ ​«​សូម​ទៅ​ចូលរួម​បោះឆ្នោត​ ​ចលនា​ណា​ក៏ដោយ​ ​ពិតមែន​វា​ជា​សិទ្ធិ​។ក៏ប៉ុន្តែ​វា​មិនគួរ​ទេ​ ​ម៉ា​ភូមិ​ ​១០០​គ្រួសារ​ ​គេ​ទៅ​បោះឆ្នោត​ ​៩​៨​ ឯង​នៅសល់​ ​២​ហ្នឹង​ ​ថ្ងៃក្រោយ​មើល​មុខ​គេ​អា​មិច​ទៅ​ ​វា​ទៅជា​ជន​ឯកោ​ ​ហើយ​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា​​ជន​ប្រឆាំង​នឹង​ការបោះឆ្នោត​ ​ហើយក៏​នឹង​ពាក់ព័ន្ធ​អា​មេខ្លោង​ក្បត់ជាតិ​៣​ជំនាន់​នោះ​ ​ដែល​វា​ឱ្យ​ធ្វើ​អ៊ីចឹង​ ​អ៊ីចឹង​ទេ​ថ្ងៃក្រោយ​រស់នៅ​ជាមួយ​គេ​វា​លំបាក​ ​អ៊ីចឹង​ទេ​ ​យើង​អនុវត្ត​សិទ្ធិ​យើង​ ​ត្រូវធ្វើ​រយៈពេល​ខាងមុខនេះ​»​។​សម្តេច​បន្ត​ថា​ ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​មិន​ត្រូវ​ភ្លេច​ទៅ​បោះឆ្នោត​នៅ​ថ្ងៃខាងមុខ​នោះ​ទេ​ ​ព្រោះ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​រយៈពេល​៣​ថ្ងៃ​ ​ដោយ​ទទួល​បាន​ប្រាក់​បៀរ​វត្ស​។​សម្តេចហ៊ុន​ ​សែន​ ​បន្ថែម​ថា​ ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ទៅ​បោះឆ្នោត​គ្រប់​ៗ​រូប​ ​និង​ជ្រើសរើស​នូវ​គណបក្ស​ណា​ដែល​មានលទ្ធភាព​ផ្តល់​សេចក្តី​សុខ​និង​សន្តិភាព​សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​  ​ជម្រើស​ដ៏​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ ​គឺ​បន្ត​បោះឆ្នោត​ឱ្យ​គណបក្សប្រជាជន​កម្ពុជា​ដើម្បី​ធានា​ការ​អភិវឌ្ឍ​​។​សម្តេច​នាយករដ្ឋមន្ត្រី​បន្ត​ថា​ ​ទោះ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​២​នាក់​បងប្អូន​ក៏​គេ​មិនដែល​និយាយ​ម្ដងណា​ឡើយ​ពាក់ព័ន្ធ​នឹង​ទាមទារ​ឱ្យ​បរទេស​គាបសង្កត់​ ​ចំពោះ​នយោបាយ​​និង​សេដ្ឋកិច្ច​របស់​ថៃ​។ប៉ុន្តែ​ខុស​ពី​អ្នកនយោបាយ​ជ្រុល​និយម​នៅ​កម្ពុជា​ ​បែរជា​ប្រាប់​ឱ្យ​គេ​ដាក់ទណ្ឌកម្ម​កម្ពុជា​ទៅវិញ​។​សម្តេច​ ​ហ៊ុន​ ​សែន​ ​បញ្ជាក់​ថា​៖​ ​«​​ការងារ​ដែល​ក្មួយ​ៗ​បាន​សព្វថ្ងៃនេះ​ ​បាន​មកពីណា?​ ​មិនមែន​បាន​មកពី​ក្រុម​ប្រឆាំង​ទេ​គឺ​បាន​មកពី​ការ​​​ដឹកនាំ​របស់​គណបក្សប្រជាជន​កម្ពុជា​ ​ការ​​​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ ​ពួក​ប្រឆាំង​ ​បាន​ត្រឹមតែ​ទៅ​ប្រាប់​បរទេស​កុំ​មក​វិនិយោគ​នៅ​កម្ពុជា​ ​កុំ​មក​ទិញ​ទំនិញ​ពី​កម្ពុជា​ ​និង​សូម​ឱ្យ​ដាក់ទណ្ឌកម្ម​ចំពោះ​កម្ពុជា​»​។​​លោក​ ​សំ​ ​គន្ធា​មី​ ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រឹត​ ​និង​យុត្តិធម៌​ដើម្បី​ការបោះឆ្នោត​ដោយសេរី​ ​និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ឬ​ហៅ​កាត់​ និ​ក​ហ្វិ​ក​ ​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ ​កាល​ពីម្សិលមិញ​ថា​ ​ពាក់ព័ន្ធ​នឹង​ដំណើរ​ការបោះឆ្នោត​នៅ​កម្ពុជា​ ​អង្គការ​ស៊ីវិល​ ​សមាគម​ ​បក្ស​នយោបាយ​ ​និង​ស្ថាប័ន​ ​គ​.​ជ​.​ប​ ​តែង​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​គ្រប់រូប​ឱ្យ​ទៅ​បោះឆ្នោត​ ​ដើម្បី​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​សម្រេច​លើ​ជោគវាសនា​ប្រទេសជាតិ​។​លោក​បន្ថែម​ថា​ ​ចំពោះ​អង្គការ​និ​ក​ហ្វិ​ក​ ​តែង​លើកទឹកចិត្ត​ ​និង​ជំរុញ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ឱ្យ​បាន​ច្រើន​ ​គឺ​កាន់តែ​ល្អ​។ប៉ុន្តែ​មិនមែន​បង្ខិតបង្ខំ​ ​ឬ​ទៅ​ដាក់​សម្ពាធ​លើ​ពួកគេ​នោះ​ទេ​។​​លោក​បញ្ជាក់​ថា​៖​ ​«​យើង​លើកទឹកចិត្ត​ ​ដើម្បី​ឱ្យ​គាត់​បញ្ចេញ​ឆន្ទៈ​របស់​ខ្លួន​ ​ដើម្បី​បោះឆ្នោត​ឱ្យ​បក្ស​នយោបាយ​ណា​ដែល​គាត់​ស្រឡាញ់​ ​ព្រោះ​ជា​សិទ្ធិ​របស់​គាត់​  ​យើង​លើក​ទឹក​ចិត្ត​គាត់​ពិត​មែន​ ​ប៉ុន្តែ​បើ​គាត់​មិនទៅ​បោះ​ឆ្នោត​ខ្លួន​ឯង​ ​គឺជា​សិទ្ធិ​របស់​គាត់​ ​ព្រោះ​ការបោះឆ្នោត​នៅ​ស្រុកខ្មែរ​ ​លោក​ទៅ​បោះ​ ​ឬ​មិនទៅ​បោះ​ ​ក៏​មិន​មាន​បញ្ហា​អ្វី​ដែរ​»​។​លោក​បាន​បន្ត​ថា​ ​គ្មាន​ច្បាប់​ណាមួយ​ដាក់កំហិត​ឱ្យ​ប្រជាពលរដ្ឋ​ ​ត្រូវ​តែ​ទៅ​បោះឆ្នោត​នោះ​ទេ​ ​ហើយក៏​មិន​បាន​ដាក់​ពិន័យ​ ​ឬ​ជាប់ទោស​ ​ឬក៏​តម្រូវ​ឱ្យ​បង់​ជា​ប្រាក់​នោះ​ដែរ​។​​លោក​និយាយ​ថា​ ​អ្នក​ដែល​មិន​ទៅ​បោះឆ្នោត​ ​មិនមែន​សុទ្ធ​តែ​ជា​ក្រុម​ប្រឆាំង​ឬ​ជាប់​ពាក់ព័ន្ធ​នឹង​លោក​ ​សម​ រង្ស៊ីនោះ​ទេ​។​ប៉ុន្តែ​អ្នកខ្លះ​ដោយសារ​ជាប់រវល់​រកស៊ី​ ​ប្រកប​ការងារ​ ​ឬ​កំពុង​ស្ថិត​នៅ​តំបន់​ផ្សេង​ឬក៏​ចំណាក​ស្រុក​។​ដូច្នេះ​ ​ប្រជាពលរដ្ឋ​ទាំង​អស់​ ​គឺ​មិន​ដូចគ្នា​នោះ​ទេ​ ​ព្រោះ​អ្នក​ខ្លះ​មាន​ភារកិច្ច​ ​ឬ​មាន​ការចាំបាច់​ដែល​តម្រូវ​ធ្វើ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​។​គួរ​រម្លឹក​ថា​ ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ ​នីតិកាល​ទី​៧​ ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​។​គណបក្ស​នយោបាយ​ដែល​មាន​ក្នុង​បញ្ជី​បោះឆ្នោត​ ​នីតិកាល​ទី​៧​ ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​គឺ​មាន​ចំនួន​១​៨​ ​គណបក្ស​ ​ខណៈ​គណបក្ស​ភ្លើង​ទៀន​ ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាងគេ​នៅ​កម្ពុជា​ ​ត្រូវ​បាន​អាក់ខាន​ចូលរួម​បោះឆ្នោត​ ​ដោយសារ​ ​គ​.​ជ​.​ប​ ​ថា​ខ្វះខាត​នីតិវិធី​មួយ​ចំនួន​។​​គណបក្ស​នយោបាយ​ទាំង​១​៨​ ​ដែល​ឈរ​ទៅតាម​លេខ​រៀង​ផ្លូវការ​របស់​ ​គ​.​ជ​.​ប​ ​រួម​មាន​ ​លេខរៀង​ទី​១​ ​គណបក្ស​សំបុក​ឃ្មុំ​ដើម្បី​ប្រជាធិបតេយ្យ​ ​ទី​២​ ​គណបក្ស​ខ្មែរ​តែមួយ​ ​ទី​៣​ ​គណបក្ស​សញ្ជាតិ​កម្ពុជា​ ​ទី​៤​ ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ​ទី​៥​ ​គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ​ ​ទី​៦​ ​គណបក្ស​កសិករ​ ​ទី​៧​ ​គណបក្ស​ស្ត្រី​ដើម្បី​ស្ត្រី​ ​ទី​៨​ ​គណបក្ស​ខ្មែរ​ឈប់​ក្រ​ ​ទី​៩​ ​គណបក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច​ ​ទី​១​០​ ​គណបក្ស​ធម្មាធិបតេយ្យ​។​ក្រៅពី​នេះ​ ​លេខរៀង​ទី​១​១​ ​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន​ ​ទី​១​២​ ​គណបក្ស​បំណង​ពលរដ្ឋ​ ​ទី​១​៣​ ​គណបក្ស​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​ទី​១​៤​ ​គណបក្ស​ឯកភាពជាតិ​ខ្មែរ​ ​ទី​១​៥​ ​គណបក្ស​ខ្មែរ​អភិ​រក្ស​ ​ទី​១​៦​ ​គណបក្ស​យុវជន​កម្ពុជា​ ​ទី​១​៧​ ​គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា​ ​និង​ទី​១​៨​ ​គណបក្ស​ប្រជាជន​កម្ពុជា៕​Khmer Times


Powered by Blogger.