នាយករដ្ឋមន្រ្តី៖ការបង្កើតសមាគមឧកញ៉ាកម្ពុជាពុំមែនជាការចងក្រងខ្សែបណ្ដាញបក្សពួកផ្ទាល់ខ្លួន
សម្ដេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថាការបង្កើតសមាគមឧកញ៉ាកម្ពុជានិងការតែងតាំងគោរមងារឧកញ៉ាពុំមែនជាការចងក្រងខ្សែបណ្ដាញបក្សពួកនិងការផ្ដល់បុព្វសិទ្ធិពិសេសសម្រាប់បុគ្គលឬក្រុមណាមួយ ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួននោះទេពោលគឺទាំងសមាគមនេះ និងអ្នកឧកញ៉ាឧកញ៉ាទាំងអស់ត្រូវតែគោរពប្រតិបត្តិតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានានៃព្រះរាជាណាចក្រកម្ពុជាជាធរមាន ដើម្បីធានាបញ្ចៀសបាននូវបាតុភាពអសកម្មនិងរូបភាពឆ្គាំឆ្គងដោយប្រការណាមួយដែលបង្កនូវភាពថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋ។
ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសជាផ្លូវការ «សមាគមឧកញ៉ាកម្ពុជា» និងពិសារភោជនាហារសាមគ្គី នាល្ងាចថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ផ្ដាំផ្ញើដល់សមាគមឧកញ៉ាកម្ពុជា និងបណ្ដាអ្នកឧកញ៉ា ឧកញ៉ាទាំងអស់ គប្បីលៃលកយ៉ាងណា ត្រូវអនុវត្តន៍ឱ្យបានល្អនិងខ្ជាប់ខ្ជួននូវប្រការមួយចំនួនដែលក្នុងនោះ រួមមាន
១. បន្តរក្សាកិត្តិស័ព្ទកិត្យានុភាព ឧត្ដមភាព និងសេចក្ដីថ្លៃថ្នូរដ៏ឧត្ដុឧត្ដមរបស់ខ្លួនក្នុងគោរមងារជាឧកញ៉ា សក្ដិសមត្រូវបានព្រះមហាក្សត្រទ្រងផ្ដល់សេចក្ដីទុកព្រះទ័យត្រាស់បង្គាប់ និងផ្ដល់គោរពងារជាអ្នកឧកញ៉ាឬឧកញ៉ាដោយប្រកាន់យកនូវឥរិយាបថប្រពៃថ្លៃថ្នូរជាគំរូដល់ជានុជនខ្មែរទូទាំងប្រទេស។
២. ប្រកៀកស្មាគ្នាជាមួយរាជរដ្ឋាភិបាលក្នុងការត្រួសត្រាយនិងកាច់ចង្កូតនាវាកម្ពុជាឆ្ពោះទៅរកភាពរុងរឿងដោយចូលរួមឱ្យបានយ៉ាងសកម្ម ក្នុងការរួមចំណែកអភិវឌ្ឃន៍សង្គមជាតិយើងតាមសកម្មភាពផ្សេងៗ ។ពិសេសក្នុងបេសកកម្មកាត់បន្ថយភាពក្រីក្រនិងជួយយកអាសារប្រជាជនទីទ័លលំបាក ដូចពាក្យចាស់បុរាណទូន្មានថា«អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅដូចសំពៅនៅសំប៉ាន»។
៣. ចូលរួមទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ វឌ្ឍនភាពជាតិ ឧត្ដមភាពជាតិ និងការពារឱ្យបានដាច់ខាតនូវឧត្ដមប្រយោជន៍ជូនជាតិមាតុភូមិ ពិសេសជួយទ្រទ្រង់ ឧកស៊ីសែនបន្ថែមដល់ប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា តាមរយៈបង្កើតធុរកិច្ចបន្ថែម ឬការចាប់ដៃគូធុរកិច្ចឬការប្រាស្រ័យទាក់ទងធុរកិច្ច ឬសមាគមវិនិយោគបរទេសធំៗឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត ពោលគឺ បំពេញតួនាទីឱ្យបានល្អ ស្ថិតនៅក្រោមអភិបាលកិច្ច ផ្នែកបច្ចេកទេស របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា។ សម្ដេចតេជោបន្តថា បន្ថែមលើនេះ សូមចូលរួមឱ្យបានសកម្ម ជាពិសេសលើការធ្វើទំនើបកម្ម និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច តាមរយៈការជំរុញបច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនុវានុវត្តន៍ ទាំងក្នុងវិស័យផលិតកម្ម និងសេវាកម្ម ឱ្យស្របតាមបរិវត្តន៍កម្ម ឧស្សាហកម្មជំនាន់ទី៤ ព្រមទាំងចូលរួមលើកកម្ពស់ទំនួលខុសត្រូវសង្គម របស់សាជីវកម្មឱ្យកាន់តែច្រើនថែមទៀត។ សម្ដេចតេជោ ក៏បានណែនាំឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជិស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ធ្វើជាដៃគូដ៏ល្អ ជាមួយសមាគមឧកញ៉ាកម្ពុជា ដើម្បីសម្រេចបាននូវផែនការសកម្មភាព ៣ឆ្នាំរំកិល ដែលបានកំណត់ក្នុងអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាគមឧកញ៉ាកម្ពុជាស្ដីពីភាពជាដៃគូក្នុងការជំរុញ និងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។សម្ដេចបានបង្ហាញនូវអារម្មណ៍រីករាយ ប្រកបដោយមោទនភាពជាទីបំផុតដែលសមាគមឧកញ៉ាកម្ពុជា បានបង្កើតឡើងស្របពេលដែលរាជរដ្ឋាភិបាលកំពុងត្រូវការដៃគូសហការជាយុទ្ធសាស្ត្រ ដើម្បីឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យ ប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។ សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមដែរថា នេះគឺជាសក្ខីកម្មបញ្ជាក់ឱ្យឃើញពីចំណងមេត្រីភាពយ៉ាងរឹងមាំ រវាងរាជរដ្ឋាភិបាលនិងវិស័យឯកជនក៏ដូចជាការរូមគ្នាវេញជាធ្លុងមួយរវាងភាគីទាំង២ក្រោមម្លប់ត្រឈឹងត្រឈៃនៃសុខសន្តិភាព និងបុព្វហេតុជាតិមាតុភូមិ និងការអភិវឌ្ឍដ៏យូរអង្វែងនៅកម្ពុជា៕AKP
Post a Comment