សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែននៅក្នុងឱកាសសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់នៅខេត្តកំពង់ចាមនាព្រឹកថ្ងៃសុក្រនេះបានចេញបទបញ្ជាជាចំហរឲ្យកងកម្លាំងនៅយោធភូមិភាគ១ជាប់ព្រំដែនវៀតណាម អាជ្ញាធរខេត្តរតនគីរីមណ្ឌលគីរីនិងក្រចេះបង្កើនការប្រុងប្រយ័ត្នទប់ស្កាត់ក្រុមប្រឆាំងប្រដាប់អាវុធវៀតណាមឬម៉ុងតាញ៉ាដែលអាចលាក់ខ្លួននៅតំបន់នោះ។
|
រូបឯកសារតំណាងក្រុមបុរសជនជាតិដើមតំបន់ភ្នំវៀតណាមឬ Montagnard(ម៉ុងតាញ៉ា) ដើរតាមផ្លូវចេញពីតំបន់ព្រៃជ្រៅនៅចម្ងាយប្រមាណ៧០គីឡូម៉ែត្រភាគឦសានក្រុងបានលុងទីរួមខេត្តរតនគីរីកាលពីថ្ងៃទី២២ខែកក្កដា ឆ្នាំ២០០៤។Reuters/VOA |
ការប្រកាសរបស់សម្តេចហ៊ុនសែនដូច្នេះគឺធ្វើឡើងបន្ទាប់ពីមានការប្រយុទ្ធគ្នារវាងក្រុមប្រឆាំងនិងអាជ្ញាធរវៀតណាមដែលធ្វើឲ្យមន្ត្រីវៀតណាមមួយចំនួនស្លាប់។បន្ទាប់ពីមានការវាយប្រយុទ្ធគ្នាដោយប្រដាប់អាវុធចាប់តាំងពីថ្ងៃទី១១ខែមិថុនាមករវាងក្រុមបះបោរវៀតណាមឬជនជាតិភាគតិចម៉ុងតាញ៉ាប្រមាណ៦០០នាក់និងអាជ្ញាធរវៀតណាមសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បញ្ជាឲ្យកងកម្លាំងកម្ពុជានៅភូមិភាគ១និងអាជ្ញាធរខេត្តរតនគីរី មណ្ឌលគីរី ក្រចេះ និងត្បូងឃ្មុំ បង្កើនការប្រុងប្រយ័ត្ន សហការជាមួយអាជ្ញាធរវៀតណាមទប់ស្កាត់កម្លាំងបះបោរ ដែលរត់ចូលមកទឹកដីកម្ពុជាបន្ទាប់ពីពួកគេបានបាក់ទ័ព។សម្តេចហ៊ុន សែន ក៏បានដាក់ការសង្ស័យថាមេខ្លោងរបស់ក្រុមបះបោរវៀតណាមនេះ អាចនៅក្នុងទឹកដីកម្ពុជាដោយសម្តេចលើកឡើងពីបទពិសោធន៍កន្លងមកតែងមានជនជាតិម៉ុងតាញ៉ាវៀតណាមចូលមកទឹកដីកម្ពុជាជ្រកក្រោមផ្លាក ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR)។ជាមួយគ្នានេះសម្តេចនាយករដ្ឋមន្ត្រីធ្វើការព្រមានទុកជាមុនដល់អង្គការអន្តរជាតិឬពលរដ្ឋខ្មែរណាក៏ដោយដែលឃុបឃិតនាំពួកម៉ុងតាញ៉ាវៀតណាមមកភ្នំពេញ ព្រមទាំងបញ្ជាឲ្យចាប់ខ្លួនក្រុមបាក់ទ័ពប្រគល់ឲ្យវៀតណាមភ្លាមៗ ដោយមិនមានការលើកលែងទោះមកដល់ទីស្នាក់ការ HCR ក៏ដោយ ដោយមិនមានសិទ្ធជ្រកកោនជាជនភៀសខ្លួនទេ។ការលើកឡើងដូច្នេះ ក៏ព្រោះតែកម្ពុជានិងវៀតណាម មានកិច្ចព្រមព្រៀងជាមួយគ្នា មិនអនុញ្ញាតឲ្យប្រើប្រាស់ទឹកដីរបស់ខ្លួនប្រឆាំងប្រទេសជិតខាងណាមួយឡើយ។សម្តេចហ៊ុនសែនក៏បានហៅក្រុមប្រឆាំងអាជ្ញាធរវៀតណាមនេះថាជាក្រុមភេរវកម្មដោយសម្តេចជឿជាក់ថាបណ្តាញនិងអង្គការចាត់តាំងក្រុមនេះចេញពីកម្ពុជា។សូមបញ្ជាក់ថាក្រុមម៉ុងតាញ៉ាវៀតណាមនេះ បានបង្កើតឲ្យមានជនភៀសខ្លួនកាលពីអំឡុងដើមឆ្នាំ២០០០ម្តងហើយ ដោយពួកគេបានទៅលាក់ខ្លួននៅក្នុងខេត្តរតនគីរី មណ្ឌលគីរី ធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលវៀតណាម៕RFI
Post a Comment