រាជរដ្ឋាភិបាលកំ​​ណត់នូវគោ​លដៅបង្កើតការ​ងារជូនប្រ​ជា​ពលរដ្ឋ

 សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា រាជរដ្ឋាភិបាលបានកំណត់នូវគោលដៅជាក់លាក់ ក្នុងមួយឆ្នាំយ៉ាងហោចណាស់ត្រូវតែបង្កើតការងារឱ្យបានពី២០ទៅ៣០ម៉ឺន កន្លែងហើយក្រៅពីនេះក៏មានគោលដៅត្រូវដោះស្រាយក្នុងមួយ អាណត្តិរបស់រាជរដ្ឋាភិបាលដែលមានរយៈពេល៥ឆ្នាំ ត្រូវបង្កើតការងារឱ្យបាន១លាន៥សែនកន្លែង។


ក្នុងពិធីបន្តជួបសំណេះសំណាលជាមួយកម្មករកម្មការិនីចំនួន១៩០០៤នាក់មកពីរោងចក្រ សហគ្រាចំនួន១៣នៅ រាជធានីភ្នំពេញនិង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្ដេចហ៊ុន សែន មានប្រសាសន៍ថាក្នុងមួយអាណត្តិរបស់នាយករដ្ឋមន្រ្តីរយៈពេល៥ឆ្នាំត្រូវ បង្កើតការងារឱ្យបានចំនួន១,៥លានកន្លែង។ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏ត្រូវចំណាយប្រាក់ដើម្បី បណ្តុះបណ្តាល វិជ្ជាជីវៈសម្រាប់ពល រដ្ឋក្រីក្រ១,៥លាននាក់ផងដែរ។ សម្តេចបញ្ជាក់ថា នេះគឺជាកម្មវិធីជាក់លាក់ដែល រាជរដ្ឋាភិបាល បានដាក់ ចេញសម្រាប់បម្រើឱ្យការអភិវឌ្ឍបន្ត។ ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏ខិតខំប្រឹងប្រែងអភិវឌ្ឍន៍ហេដ្ឋារចនាប្រព័ន្ធផ្លូវ ទឹក ភ្លើង ដើម្បីទាក់ទាញអ្នកមកវិនិយោគឱ្យចូលមកជួយកែច្នៃកសិផល ដែលមានស្រាប់នៅក្នុងប្រទេសយើង ដែលសម្បូរ ដោយវត្ថុធាតុដើម។ប៉ុន្តែខ្វះការកែច្នៃ សម្រាប់បម្រើឱ្យការនាំចេញផងដែរ។ សម្ដេចគូសបបញ្ជាក់ថា សមិទ្ធផលដែល កើតមាន នៅលើទឹកដីកម្ពុជា គឺជាចំណែករបស់គណបក្ប្រជាជនកម្ពុជាដែលក្នុងនោះក៏មានការចូលរួមរបស់ជីដូនជីតា ឪពុកម្ដាយ បងប្អូន របស់ក្មួយៗកម្មករផងដែរ។ សម្តេចបន្តថា នេះហើយលទ្ធផល នៃការអភិវឌ្ឍ ហើយ រាជរដ្ឋាភិបាល បានខិតខំខ្លាំងណាស់ ក្នុងការបង្កើតការងារ សម្រាប់បងប្អូន បង្កើនប្រាក់ខែ គិតគូរអំពីសុខុមាលភាព និងខិតខំទប់ស្កាត់ ការឡើងថ្លៃទំនិញ ថ្លៃភ្លើង ថ្លៃទឹក ដើម្បីធានាជីវភាពរបស់បងប្អូនការខិត ខំស្វែងរកទីផ្សារ ដើម្បីនាំចេញទំនិញរបស់កម្ពុជា  ដើម្បីធានាថា ផលិតផល ដែលផលិត នៅកម្ពុជា មានទីផ្សារ អាចនាំចេញទៅបាន។ ទន្ទឹមនេះ វិស័យកាត់ដេរ បាននាំចេញ ប្រមាណ ១៣ ពាន់លានដុល្លារអាម៉េរិក ក្នុងចំនួន ទំហំនាំចេញសរុបរបស់កម្ពុជា មានប៉ុន្មានជាង ២៩ ពាន់លានដុល្លា រអាម៉េរិក។បើតាមរបាយការណ៍របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា រោងចក្រសហគ្រាទាំង១៣ ដែលអនុញ្ញាតឱ្យកម្មករ និយោជិតចូលរួម ក្នុងពិធីសំណេះសំណាលនេះ មកពីស្រុកមុខកំពូល ខេត្តកណ្តាលចំនួន៣ និងរាជធានីភ្នំពេញចំនួន១០ (ខណ្ឌឫស្សីកែវចំនួន៨ ខណ្ឌជ្រោយចង្វារ ចំនួន ១ និងខណ្ឌពោធិ៍សែន ជ័យចំនួន១)។ រោងចក្រ សហគ្រាសទាំង១៣នេះ មានរោងចក្រកាត់ដេរចំនួន១០ ផលិតផលិតផល ធ្វើដំណើរ និងកាបូប ចំនួន២ និងផលិតស្បែកជើងចំនួន១។ ឯកឧត្តមថ្លែងថា ផលិតផលរោងចក្រ សហគ្រាសទាំងនេះ ត្រូវបាននាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក ចិន និងអូស្ត្រាលីជាដើម។លោកថ្លែងបន្តថា រាជធានី ភ្នំពេញ និងខេត្ត កណ្តាល គឺជាតំបន់ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើន បានរួម ចំណែកផ្តល់ ការងារជាច្រើន កន្លែងសម្រាប់ប្រជាពលរដ្ឋ និងគាំទ្រដល់សេដ្ឋកិច្ចជាតិ។ នៅឆ្នាំ២០២៣នេះ រាជធានីភ្នំពេញ មានរោងចក្រ សហគ្រាស ចំនួន៩ ៣១៤ មានកម្មករ និយោជិតជាង ៦៦ម៉ឺននាក់ ដែលមានប្រាក់ឈ្នួល មធ្យមប្រមាណ ២ពាន់លានដុល្លារ អាមេរិក ក្នុងមួយឆ្នាំ។ ក្នុងនោះ រោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន ៧២៧ មានកម្មករ និយោជិត ប្រមាណ ៣៤ម៉ឺននាក់ មានប្រាក់ឈ្នួលមធ្យមសរុបប្រមាណ ១.១ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។ ដោយឡែក នៅខេត្តកណ្តាលវិញ នៅឆ្នាំ២០២៣នេះ មានរោងចក្រ សហគ្រាសចំនួន៤៨៣ មានកម្មករ និយោជិតប្រមាណ ១៥ម៉ឺននាក់ ដែលមានប្រាក់ ឈ្នួលមធ្យមសរុបប្រមាណ ៤៧៣លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ។លោករដ្ឋមន្រ្តីបន្ថែមថា រោងចក្រ សហគ្រាសក្នុង វិស័យកាត់ដេរមានចំនួន១៧១ មានកម្មករ និយោជិតសរុបជាង ១៣ម៉ឺន ២ពាន់នាក់ ដែលមានប្រាក់ឈ្នួល សរុបប្រមាណ ៤១១លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ៕AKP


Powered by Blogger.