លោកស​ម រង្ស៊ីស្នើឱ្យសហ​គ​ម​ន៍អន្តរជា​តិកុំ​ទទួលស្គាល់កា​រ​បោះឆ្នោត​នៅ​កម្ពុជា

 លោកសមរង្ស៊ីស្នើឱ្យសហគមន៍អន្តរជាតិកុំទទួលស្គាល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៅកម្ពុជាដែលត្រៀមធ្វើឡើងនៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣។ការស្នើបែបនេះរបស់លោក សម រង្ស៊ី ដោយលោកចាត់ទុកថាការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ ធ្វើឡើងដើម្បីបង្ហាញរូបភាពល្អមើលតែមិនយុត្តិធម៌ឡើយ។ ក្នុងអត្ថបទវិចារណកថារបស់សារព័ត៌មានជប៉ុនNikkie Asia អ្នកនយោបាយរស់នៅក្រៅស្រុករូបនេះក៏អំពាវនាវឱ្យអ្នកសង្កេតការណ៍អន្តរជាតិដែលមានបំណងចង់មកតាមដានការបោះឆ្នោតនៅកម្ពុជា មិនគួរដាក់ភ្នាក់ងារសង្កេតការណ៍អ្វីឡើយត្បិតលោកថា នេះជាការបង្កើតស្ថានភាពអាក្រក់ដល់ប្រជាជនកម្ពុជាទៅវិញទេ។ ក្នុងអត្ថបទវិចារណកថារបស់សារព័ត៌មានជប៉ុន Nikkie Asia លោក សម រង្ស៊ីបានសរសេរថាលោកមិនចង់ឱ្យអ្នកសង្កេតការណ៍អន្តរជាតិមកសង្កេតការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជានោះទេ ដោយលោកយល់ថាមិនចាំបាច់ ត្បិតវាជំនួសដោយការផ្តល់ភាពស្របច្បាប់ដល់ការបោះឆ្នោតដែលមានរូបភាពបំភ្លៃឆន្ទះរបស់ពលរដ្ឋជាម្ចាស់ឆ្នោតទៅវិញ។អ្នកនយោបាយក្រៅស្រុករូបនេះថា ក្រៅពីមិនគួរឱ្យមានវត្តមានរបស់អ្នកសង្កេតការណ៍អន្តរជាតិ សម្រាប់វត្តមានរបស់គណបក្សប្រឆាំងដែលចូលរួមការបោះឆ្នោតនាពេលខាងមុខ លោកក៏ចាត់ទុកថានេះជានិមិត្តរូបតូចមួយដើម្បីលម្អការបោះឆ្នោត និងអាចអនុញ្ញាតឱ្យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញមុខមាត់លទ្ធិប្រជាធិបតេយ្យរបស់ខ្លួនដើម្បីសម្រាលបន្ទុកពីការរិះគន់របស់អន្តរជាតិក៏ដូចជាបង្កាស្ថេរភាពនិងជ័យជម្នះលើលទ្ធផលបោះឆ្នោតចុងក្រោយ។លើសពីនេះ លោក សម រង្ស៊ី សរសេររិះគន់ទៅគជបថា ស្ថាប័ននេះមិនឯករាជ្យពីព្រោះស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជា។ម្ល៉ោះហើយប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិរូបនេះអំពាវនាវដល់សហគមន៍អន្តរជាតិកុំទទួលស្គាល់នូវការបោះឆ្នោតនិងលទ្ធផលបោះឆ្នោតនៅកម្ពុជា។ទាក់ទិននឹងរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសានមើលឃើញថា គ្រាន់តែជាវប្បធម៌នយោបាយចាស់របស់លោកសម រង្ស៊ីដែលគ្មានប្រសិទ្ធិភាពនិងទល់ច្រកដែលរត់ឱ្យសហគមន៍អន្តរជាតិជួយ។ ក៏ប៉ុន្តែលោកសុខឥសានកត់សម្គាល់ថាមានតែពលរដ្ឋខ្មែរដែលជាម្ចាស់សន្លឹកឆ្នោតប៉ុណ្ណោះដែលអាចសម្រេចអំពីជោគវាសនារបស់ប្រទេសជាតិខ្លួន។សម្រាប់លោក សុខ ឥសាន ការដែលលោក សម រង្ស៊ី អំពាវនាវមិនឱ្យអន្តរជាតិដាក់អ្នកសង្កេតការណ៍មកក្នុងការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជា អាចដោយសារតែលោក សម រង្ស៊ីព្រួយបារម្ភថា អន្តរជាតិទទួលស្គាល់លទ្ធផលបោះឆ្នោតដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់លោក។តែយ៉ាងណាប្រសិនបើអន្តរជាតិមិនបញ្ចូនអ្នកសង្កេតការណ៍មកពិនិត្យនិងតាមដានការបោះឆ្នោតនៅកម្ពុជាទេនោះ។នេះសរបញ្ជាក់ឱ្យឃើញថា អន្តរជាតិផ្តល់សេចក្តីទុកចិត្តដល់ដំណើរការបោះឆ្នោតនៅកម្ពុជា។បើតាមសេចក្តីប្រកាសរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)កាលពីថ្ងៃទី៩​ខែឧសភាបានឱ្យដឹងថាក្រោយបិទបញ្ចប់នៃការទទួលពាក្យសុំចូលរួមប្រកួតប្រជែងសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ មានគណបក្សនយោបាយចំនួន២០បានដាក់ពាក្យនៅគជប។ ក្នុងនោះ គណបក្សនយោបាយចំនួន១១ ដែលមានគណបក្សប្រជាជនកម្ពុជាផង ត្រូវបានគជបទទួលស្គាល់ជាផ្លូវការ សម្រាប់ការចូលរួមប្រកួតប្រជែង។ ដោយឡែកនៅសល់គណបក្សនយោបាយចំនួន០៩ផ្សេងទៀតដែលមានគណបក្សភ្លើងទៀនមួយផងដែរកំពុងស្ថិតក្រោមត្រួតពិនិត្យរបស់គជប៕RFI

លោកសមរង្ស៊ី។អ៊ីនធឺណិត

Powered by Blogger.