នាយ​ករដ្ឋមន្ត្រី៖កម្ពុជានឹងបន្តប្រកា​​ន់​យកនូវគុណតម្លៃ​និងទ​ស្សនៈវិជ្ជា​របស់ព្រះ​ពុទ្ធសា​សនា

 សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រកម្ពុជា​បានលើកឡើងថា កម្ពុជានឹងបន្តប្រកាន់យកនូវគុណតម្លៃគុណធម៌និងទស្សនៈវិជ្ជារបស់​ព្រះពុទ្ធ​សាសនាហើយប្រជាជនកម្ពុជានឹងបន្តទទួលបាននូវសេរីភាពខាងសាសនាដោយ​មាន​​ចែង​ក្នុងរដ្ឋធម្មនុញ្ញ។

ការលើកឡើងរបស់សម្តេចនេះ ក្នុងឱកាសអញ្ជើញទទួល​គោរម​ងារកិត្តិយស«ពុទ្ធមាមកាភិបាល»និង​សញ្ញា​​បត្របណ្ឌិតកិត្តិយសផ្នែក​«មនុស្ស​សាស្ត្រ និងសាមគ្គីភាព» នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ នៅរមណីដ្ឋានវប្បធម៌ និងប្រវត្តិសាស្ត្រវត្តភ្នំ។សម្តេចហ៊ុន សែន បានថ្លែងថា៖ «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាសូម​បញ្ជាក់សារជាថ្មីថាកម្ពុជានឹងបន្តយកប្រកាន់យកនូវគុណតម្លៃ គុណធម៌ និងទស្សនវិជ្ជា​របស់​ព្រះពុទ្ធសាសនាហើយប្រជាជនកម្ពុជាទាំងអស់នឹងបន្តទទួលបាន​នូវសេរីភាពខាង​សាសនាដោយមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់យើង»។សម្តេចនាយករដ្ឋមន្រ្ដីក៏បានអំពាវនាវឱ្យអង្គការពុទ្ធសាសនិកពិភពលោក ​ក្រុមប្រឹក្សាវប្បធម៌អាស៊ីនិងសហគមន៍ព្រះពុទ្ធសាសនាកម្ពុជា និងអន្តរជាតិមកពី​គ្រប់​និ​កាយធ្វើការរួមគ្នាជាមួយអង្គការយូណេស្កូ និងទីភ្នាក់ងារអង្គការសហប្រជាជាតិ​ដទៃ​ទៀត​​ដើម្បីលើកកម្ពស់សុខដុមបនីយកម្មអន្តរសាសនាជាតិ និងអន្តរជាតិ​ដើម្បីទទួលបាន​នូវ​គោលដៅរួមរបស់យើងគឺសន្តិភាពនិងស្ថិរភាព ។ជាមួយគ្នានេះ សម្ដេចក៏បានចាត់ទុកថា ពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធគឺជា​ទស្សនៈ​វិជ្ជាមូលដ្ឋាននៃភាពប្រាកដនិងជាក់ស្ដែងនិយមដែលផ្ដល់តម្លៃដល់ការប្រកាន់​យក​នូវ​ភាពអហិង្សាការអត់ឱន ការយកចិត្តទុកដាក់ ការគោរព សេចក្តីស្រឡាញ់ មេត្តា​និង​ករុណា ។សម្តេចតេជោនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា៖ «ការផ្ដល់គោរមងារ និងសញ្ញា​បត្រកិត្តិយសនៅថ្ងៃនេះគឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ ខ្ញុំព្រះករុណាខ្ញុំ ​និងប្រជាជន​កម្ពុជាទាំងអស់ដែល​បានបង្ហាញពីទំនាក់ទំនងដែលមិនអាចកាត់ថ្លៃបានរវាងព្រះ​ពុទ្ធ​សាសនា សន្តិភាព ការអភិវឌ្ឍ និងសន្តិសហវិជ្ជមានប្រកបដោយសុខដុមរមនា​របស់​មនុស្សជាតិ»។សម្តេចហ៊ុនសែនក៏បញ្ជាក់បន្ថែមថាការផ្ដល់ជូននេះគឺពិតជានិមិត្តរូបនៃពុទ្ធឱវាទនៃ​ព្រះសម្មាសម្ពុទ្ធដែលបានជ្រាបចូលទៅក្នុងជីវិតរស់នៅរបស់​មនុស្សលោកទាំងទិដ្ឋភាព​សង្គម​ វប្បធម៌ នយោបាយ និងសេដ្ឋកិច្ច ។ ក្នុងនាមជាពុទ្ធសាសនិកមួយរូបសម្តេចតេជោ​នាយករដ្ឋមន្រ្ដីបានឈ្វេងយល់ឃើញថា​ពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុទ្ធគឺ​ជាទស្សនៈ​វិជ្ជា​មូល​ដ្ឋាននៃភាពប្រាកដនិងជាក់ស្ដែងនិយមដែលផ្ដល់តម្លៃដល់ការប្រកាន់យកនូវភាព​អហិង្សា​ការអត់ឱន ការយកចិត្តទុកដាក់ការគោរព សេចក្តីស្រឡាញ់ មេត្តា និងករុណា ។សម្តេចហ៊ុន សែន បានអះអាងដែរថា គុណតម្លៃទាំងអស់នេះគឺជាប្រភព​នៃការបំផុសគំនិតដ៏សំខាន់បំផុតរបស់សម្តេច និងជាពន្លឺនៃការដឹកនាំជីវិតផ្ទាល់ខ្លួន និង​ការ​បំពេញវិជ្ជាជីវៈរបស់សម្តេចជាប្រចាំ៕AKP

Powered by Blogger.