កម្ពុជា​គាំទ្រដ​ល់គំនិតផ្តួចផ្តើមឥណ្ឌូ​ប៉ាស៊ីហ្វិកសេ​​រីនិង​បើកចំហ​រ​​បស់ជប៉ុនដោយផ្អែកលើ​គោ​លការណ៍​៣​​ចំណុច

សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសទី១ដែលគាំទ្រដល់គំនិតផ្តួចផ្តើមឥណ្ឌូប៉ាស៊ីហ្វិកសេរីនិង​បើក​ចំហរបស់ជប៉ុនដោយផ្អែកលើគោលការណ៍៣ចំណុច ។

ការគូសបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្រ្ដីបែបនេះក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧នៃទិវាពលកម្ម​អន្តរជាតិ១ឧសភា,ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុនិង​ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងជប៉ុនដែល​ប្រារព្ធធ្វើឡើង នៅចំណតកំពង់ផែក្រុងព្រះសីហនុនាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣។សម្តេចហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាប្រទេសទី១ដែលបានគាំទ្រជប៉ុន​លើគំនិតផ្តួចផ្តើមឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងបើកចំហបញ្ហាហ្នឹងដោយផ្អែកលើគោលការណ៍៣ មិនមែនគ្រាន់ តែប្រទេសជប៉ុនមួយទេ គឺប្រទេសទាំងអស់។ សម្តេចបានថ្លែងថា គោល​ការណ៍ទាំង៣ចំណុចនោះរួមមាន ទី១. គំនិតផ្តួចផ្តើមណាក៏ដោយត្រូវតែបម្រើ​ឱ្យសន្តិភាពនិង​ការអភិវឌ្ឍទី២. គំនិតផ្តួចផ្តើមនោះមិនត្រូវប្រឆាំងជាមួយប្រទេសណាឬក្រុមណាមួយទេនិង ទី៣.គំនិតផ្តួចផ្តើមត្រូវតែគោរពដល់មជ្ឈភាពរបស់អាស៊ាននិងទស្សនទាន ឥណ្ឌូ​ប៉ាស៊ី​ហ្វិករបស់អាស៊ាន។សម្តេចបានបញ្ជាក់ផងដែរថា សម្តេចមិនគាំទ្រទេបើគំនិតផ្តួចផ្តើមនាំឱ្យមាន​សង្គ្រាមឬប្រឆាំងជាមួយ ប្រទេសណាផ្សេងហើយបានបញ្ជាក់បន្ថែមថានយោបាយការ​បរទេសកម្ពុជាគឺជានយោបាយការបរទេស ឯករាជ្យដោយផ្អែកលើច្បាប់។ ដូច្នេះគំនិតផ្តួច​ផ្តើម​ទាំងឡាយណាដែលធានាលើ៣ចំណុចខាងលើនេះ មិនបានទេកម្ពុជាក៏នឹងមិនចូលរួមនោះទេ។សម្តេចនាយករដ្ឋមន្ត្រីបានអះអាងថាកម្ពុជានឹងមិនលេងជាមួយនោះ​ទេប្រសិន​បើគំនិតផ្តួចផ្តើមនោះ ប្រឆាំង ជាមួយអ្នកដទៃឬដើម្បីទប់ឥទ្ធិពលប្រទេសដទៃ៕AKP


Powered by Blogger.