ឯកឧត្តម​​​ស សុខាបង្ហាញគោ​​ល​ដៅជាយុទ្ធ​សាស្ត្រ៥ចំណុច​ដល់​អ្នកចូល​រួមជិត​២ពាន់​នាក់ក្នុ​ងស្រុកពា​មជរ

ព្រៃវែង៖នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣នេះឯកឧត្តមស សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោមស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែងបានអញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធចំនួន១៨៦១នាក់ក្នុងស្រុកពាមជរ។ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសសុខាបានលើកយកគោលដៅជាយុទ្ធសាស្ត្រសំខាន់ៗ ចំនួន៥ចំណុច ដែលជាទិសដៅការងាររយៈពេល៥ឆ្នាំ(២០២៣-២០២៨) របស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាត្រូវសម្រេចឲ្យបានដូចខាងក្រោម៖

រូបភាព៖សែត លីណា

ទី១.បន្តថែរក្សាពង្រឹងសន្តិភាព ស្ថិរភាព ការពារខឿនឯករាជ្យជាតិ អធិបតេយ្យភាព បូរណភាពទឹកដី ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ព្រមទាំងលើកកម្ពស់ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពក្នុងសង្គម ដើម្បីធានាភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ 

ទី២.រាជរដ្ឋាភិបាលនឹងបន្តជំរុញឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវកំណែទម្រង់រដ្ឋបាលសាធារណៈកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ និងកំណែទម្រង់តាមវិស័យនានា ដើរទន្ទឹមនឹងការជំរុញអភិបាលកិច្ចល្អនៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលសាធារណៈគ្រប់លំដាប់ថ្នាក់ ដោយធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីរាជការគ្រប់ថ្នាក់ គ្រប់វិស័យ ឲ្យមានសមត្ថភាពជំនាញវិជ្ជាជីវៈខ្ពស់ រួមទាំងសមត្ថភាពជំនាញបច្ចេកវិទ្យាឌីជីថលនិងព័ត៌មាន និងពង្រឹងការគោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិន័យ សីលធម៌វីជ្ជាជីវៈ ភាពស្អាតស្អំ ដោយផ្តោតលើការបម្រើប្រជាជន សំដៅលើកកម្ពស់នូវការផ្តល់សេវាសាធារណៈនិងការអភិវឌ្ឍសង្គម ប្រកបដោយសមធម៌យុត្តិធម៌និងបរិយាបន្ន។ 

ទី៣. បន្តដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងបន្តកែសម្រួល និងដំឡើងប្រាក់សោធននិវត្តន៍របស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន។ បន្តដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិត និងអត្ថប្រយោជន៍ផ្សេងៗទៀត សម្រាប់កម្មករនិយោជិត។

ទី៤. ជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ចសង្គម ឱ្យមានការរីកចម្រើនជឿនលឿន តាមរយៈការបន្តធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច ដោយផ្តោតសំខាន់លើវិស័យកសិកម្ម ឧស្សាហកម្ម សហគ្រាសធុនតូចនិងមធ្យម និងសេវាកម្ម។ ក្នុងនោះវិស័យកសិកម្ម ៖ រាជរដ្ឋាភិបាលនឹងអនុវត្តវិធានការនានាដើម្បីគាំទ្រដល់ការបង្កើនផលិតភាពកសិកម្ម ដូចជាការពង្រាយមន្ត្រីជំនាញកសិកម្មនៅតាមឃុំនានា (បច្ចុប្បន្នកម្មវិធីនេះកំពុងអនុវត្តសាកល្បងនៅក្នុងឃុំមួយចំនួនក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម) ការខិតខំរកទីផ្សារ សម្រាប់ផលិតផលកសិកម្ម, ធានារក្សាលំនឹងថ្លៃកសិផលនិងការលើកទឹកចិត្តដល់ការកែច្នៃទំនិញកសិផលសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញ។ បន្តជំរុញការអនុវត្តច្បាប់វិនិយោគថ្មី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកទឹកចិត្តទាក់ទាញការវិនិយោគ ទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្កើតរោងចក្រ សហគ្រាស និងសេវាកម្មនានា សំដៅបង្កើតឱកាសការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋកម្ពុជា។

ទី៥.ដើម្បីឈានទៅសម្រេចបានគោលដៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ រាជរដ្ឋាភិបាល នឹងបន្តរៀបចំនូវគោលនយោបាយ និងកម្មវិធីនានា ដើម្បីបែងចែកភាគផល នៃការអភិវឌ្ឍសង្គមប្រកបដោយសមធម៌ ដោយបន្តដាក់ចេញនូវគោលនយោបាយ និងកម្មវិធីនានា ដើម្បីគាំពារដល់គ្រួសារក្រីក្រ និងក្រុមជនងាយរងគ្រោះ ដែលក្នុងនោះមានជាអាទិ៍៖បន្តរៀបចំ និងដាក់ចេញនូវគោលនយោបាយ និងកម្មវិធីនានា ដើម្បីកាត់បន្ថយភាពក្រីក្រឱ្យស្ថិតក្នុងអត្រាទាប និងមានភាពធន់។ ធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម (កម្មវិធីឧបត្ថម្ភសាច់ប្រាក់)សម្រាប់ជួយគាំពារដល់ជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស។ រៀបចំកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈនិងជំនាញបច្ចេកទេសជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងក្រុមជនងាយរងហានិភ័យទូទាំងប្រទេស  នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈរបស់រដ្ឋដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ សំដៅបន្តធ្វើការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាព ឆ្លើយតបនឹងតម្រូវការទីផ្សារ។ រៀបចំដាក់ចេញ និងអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមានលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធដើម្បីបង្កើតឱកាសការងារនិងប្រាក់ចំណូលដល់ប្រជាជន។លើកកម្ពស់ការថែទាំសុខភាពជូនគ្រួសារក្រីក្រនិងក្រុមជនងាយរងហានិភ័យ តាមរយៈការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល។ ពង្រឹងរបបថែទាំសុខភាពដោយផ្តល់ប័ណ្ណ ប.ស.ស ( ពិនិត្យព្យាបាលជំងឺដោយមិនបង់ថ្លៃ) សម្រាប់កម្មករនិយោជិត និងមន្ត្រីសាធារណៈ។ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានសម្តែងនូវការថ្លែងអំណរគុណ កោតសសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការកងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងស្រុកពាមជរ ដែលបានខិតខំបំពេញការងារតាមតួនាទីភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់សម្រេចបានសមិទ្ធផលនានាជាច្រើន ធ្វើអោយស្រុកពាមជរ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ សមិទ្ធផលទាំងអស់នេះពិតជាបានចូលរួមអនុវត្តសម្រេចដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។ជាមួយគ្នានោះផងដែរ ឯកឧត្តម ស សុខា ក៏បានសម្តែងនូវការដឹងគុណនិងអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះអតីតយុទ្ធជន និងនិវត្តជនទាំងអស់នៅក្នុងស្រុកពាមជរ ក៏ដូចជានៅទូទាំងប្រទេស ដែលបានតស៊ូលះបង់ ធ្វើពលិកម្មយ៉ាងលំបាកលំបិន ចូលរួមនាំមកនូវសុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពសង្គម ដូចសព្វថ្ងៃនេះ។ ហើយអតីតយុទ្ធជន និងនិវត្តជនទាំងអស់ មិនថានៅក្នុងស្រុកពាមជរ ទេ នៅទូទាំងប្រទេសកម្ពុជា គឺជាសាក្សីរស់ឆ្លងកាត់សម័យសង្គ្រាម និងបានដឹងងច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត ៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ពិសេសក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) បានកាប់សម្លាប់ បំបិទសិទ្ធិសេរីភាពគ្រប់បែប បិទសាលារៀន បង្ខំឲ្យកុមារធ្វើការការបំផ្លិចបំផ្លាញការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ ការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្ស ក៏គ្មានដែរ៕សេង បូលីន













































Powered by Blogger.