សម​ត្ថកិច្ចច្រាន​ចោ​លករ​ណីចាប់ជំ​រិ​តក្មេងថា​ជាព័ត៌មា​ន​ក្លែងក្លាយ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃបានច្រានចោលព័ត៌មានដែលផ្សព្វផ្សាយអំពីករណីចាប់ជំរិតក្មេងដែលធ្វើឱ្យសាធារណៈកំពុងព្រួយបារម្ភថាជាព័ត៌មានក្លែងក្លាយមិនពិតបង្កើតឡើងដោយក្រុមមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់។ជុំវិញករណីនេះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាកំពុងប្រមូលភស្តុតាងដើម្បីរៀបចំនីតិវិធីតាមផ្លូវច្បាប់ ។ប៉ុន្តែក៏ស្នើឱ្យពលរដ្ឋជួយរាយការណ៍ជូនសមត្ថកិច្ចប្រសិនបើមានករណីណាមួយសង្ស័យ។

សមត្ថកិច្ចច្រានចោលករណីចាប់ជំរិតក្មេងថាជាព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយក្រុមប្រឆាំងរដ្ឋាភិបាល។រូបភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ

ក្រោយមន្ត្រីស្រាវជ្រាវនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃបានចុះស្រាវជ្រាវពីករណីចាប់ជំរិតក្មេង សមត្ថកិច្ចនិងមន្ត្រីជំនាញមិនបានរកឃើញមានករណីណាមួយដែលអាចសន្មត់បានថាជាករណីពិតនោះទេ។​ម្ល៉ោះហើយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាចាត់ទុកថារាល់ព័ត៌មានដែលបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមនាពេលកន្លងមកគឺជាព័ត៌មានក្លែងក្លាយ និងមានចេតនាបង្កការយល់ច្រឡំ ឬធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម។តែយ៉ាងណានាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាអំពាវនាវឱ្យអាណាព្យាបាលជួយរាយការណ៍មកសមត្ថកិច្ច ​ ប្រសិនបើមានការករណីណាមួយសង្ស័យ។ក៏ប៉ុន្តែមិនត្រូវចែករំលែកព័ត៌មានក្លែងក្លាយឡើយដើម្បីបញ្ចៀសការភ័ន្តច្រឡំនិងបង្កឱ្យមានភាពចលាចលក្នុងសង្គម។ជាកត់សម្គាល់ករណីបាត់ក្មេងនិងសង្ស័យថាមានការចាប់ជំរិតក្មេងនៅតាមបណ្តាខេត្តមួយចំនួនបូករួមនឹងរាជធានីភ្នំពេញផង កំពុងតែកក្រើកពាសពេញបណ្តាញសង្គមដែលធ្វើឱ្យពលរដ្ឋអ្នកមានកូនតូចៗព្រួយបារម្ភ និងស្នើឱ្យសមត្ថកិច្ចបើកការស៊ើបអង្កេត វែកមុខជនល្មើសមកផ្តន្ទាទោសតាមផ្លូវច្បាប់។បើផ្អែកតាមវីដេអូមួយខ្សែដែលត្រូវបានពលរដ្ឋចែកចាយលើបណ្តាញសង្គមគឺ មានក្មេងស្រីវ័យប្រហែល១៣ឆ្នាំត្រូវបានជនមិនស្គាល់ចាប់ដាក់ម៉ូតូ និងយកដៃខ្ទប់មាត់។ ប៉ុន្តែក្មេងស្រីរូបនេះបានស្រែកឱ្យគេជួយ ក្រោយមកក៏រត់ទៅរកប៉ុស្តិ៍ប៉ូលីសដែលស្ថិតក្នុងខណ្ឌជ្រោយចង្វារ បន្ទាប់ពីជនល្មើសទម្លាក់ក្មេងស្រីរូបនេះចោលវិញ។ ចំណែក ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ គីម សានវិញ បានសរសេររៀបរាប់ថា ខ្លួនបានបាត់ដំណឹងកូនប្រុសរយៈពេល៤ថ្ងៃមកហើយ ដោយពុំទាន់រកឃើញនៅឡើយ។ក្រៅពីនេះក៏មានការបង្ហោះពីករណីបាត់ក្មេងជាច្រើនផងដែរ ប៉ុន្តែសម្រាប់ករណីខ្លះ សមត្ថកិច្ចរកឃើញថា មិនបានជាប់ពាក់ព័ន្ធនឹងករណីជំរិតក្មេងឡើយ ខណៈក្រុមគ្រួសាររបស់ក្មេងមួយចំនួនដែលបានបាត់ដំណឹងក៏បានរកឃើញជាបន្តបន្ទាប់។ តែយ៉ាងណា ពលរដ្ឋស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចមានចំណាត់ការឱ្យបានម៉ឺងម៉ាត់ ដោយមិនត្រូវចាត់ទុកបញ្ហានេះថា ជាព័ត៌មានក្លែងក្លាយឡើយ។គួររំឭកថា ករណីចាប់ជំរិតក្មេងនេះ មិនមែនទើបតែកើតមានឡើងឡើយ ពោលគឺលេចឭព័ត៌មានជាច្រើនឆ្នាំមកហើយ ដោយករណីខ្លះការចាប់ជំរិតក្មេងដើម្បីកំហែងគំរាមយកប្រាក់ពីក្រុមគ្រួសារក្មេងរងគ្រោះ ឬករណីខ្លះយកទៅធ្វើជាអាជីវកម្មផ្លូវភេទ និងកេងប្រវ័ញ្ចពលកម្មក្នុងរូបភាពជាច្រើនផ្សេងទៀត៕RFI


Powered by Blogger.