ឯ​កអ​គ្គរដ្ឋទូត​​អា​មេ​រិក​និយា​យ​​ថា​ទ្វារ​​សម្រាប់​ការ​ស​ន្ទនា​​​ជា​មួយ​ចិន​​តែង​តែ​​​​បើកចំហ

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិនបាននិយាយថាទ្វារការទូតរបស់ទីក្រុងវ៉ាស៊ីនតោននៅតែបើកចំហហើយរង់ចាំទីក្រុងប៉េកាំងចាត់វិធានការដើម្បីកែលម្អទំនាក់ទំនង។ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិនលោក Nicholas Burns កាលពីថ្ងៃទី២ខែឧសភាបានប្រាប់មជ្ឈមណ្ឌល Stimson នៅសហរដ្ឋអាមេរិកតាមរយៈវីដេអូពីទីក្រុងប៉េកាំងថា"យើងត្រូវការបណ្តាញកាន់តែប្រសើរនិងកាន់តែស៊ីជម្រៅរវាងរដ្ឋាភិបាលទាំង២ហើយមានឆន្ទៈក្នុងការចរចា"។"នេះមានសារៈសំខាន់ជាពិសេសនៅពេលដែលយើងមានបញ្ហាធំៗនិងការខ្វែងគំនិតគ្នា"។លោកឯកអគ្គរដ្ឋទូត Burnsបានបន្ថែមថា សហរដ្ឋអាមេរិក"មិនដែលស្ទាក់ស្ទើរ"ក្នុងការចរចាហើយសង្ឃឹមថាប្រទេសចិននឹងសម្របសម្រួល។មន្ត្រី​ចិន​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​លើក​ឡើង​របស់លោកBurnsទេ។លោកBurnsបានអត្ថាធិប្បាយក្នុងបរិបទនៃទំនាក់ទំនងដ៏តានតឹងរវាងសហរដ្ឋអាមេរិកនិងចិនដែលទាក់ទងនឹងបញ្ហាជាច្រើនដូចជា ពាណិជ្ជកម្ម តៃវ៉ាន់ ការការពារសិទ្ធិមនុស្ស នយោបាយ និងទស្សនៈវិស័យផ្សេងៗនៃប្រព័ន្ធពិភពលោក។ ប្រទេសចិនតែងតែចាត់ទុកកោះតៃវ៉ាន់ជាខេត្តមួយដែលកំពុងរង់ចាំការបង្រួបបង្រួមឡើងវិញដែលអាចប្រើកម្លាំងប្រសិនបើចាំបាច់។ភាពតានតឹងបានកើនឡើងយ៉ាងខ្លាំងនៅក្នុងខែសីហា ឆ្នាំ២០២២នៅពេលដែលប្រធានសភាតំណាងរាស្រ្តអាមេរិកNancy Pelosi បានធ្វើទស្សនកិច្ចនៅតៃវ៉ាន់។ប្រទេសចិនបានឆ្លើយតបជាមួយនឹងសមយុទ្ធបាញ់គ្រាប់ពិតដ៏វែងមួយនៅជុំវិញកោះតៃវ៉ាន់ដោយបានប្រកាសពីការបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកក្នុងវិស័យជាច្រើនដូចជា ការប្រែប្រួលអាកាសធាតុកិច្ចខិតខំប្រឹងប្រែងប្រឆាំងគ្រឿងញៀន ការចរចាផ្នែកយោធា។ទំនាក់ទំនងរវាងអាមេរិកនិងចិនបានរសាត់បន្តិចម្តងៗចាប់តាំងពីខែតុលាឆ្នាំ២០២២។ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អទំនាក់ទំនងបានជាប់គាំងបន្ទាប់ពីនាវាអាកាសចិនត្រូវបានបាញ់ទម្លាក់ដោយសហរដ្ឋអាមេរិកកាលពីដើមខែកុម្ភៈ។"នៅពេលនេះវាពិបាកក្នុងការទស្សន៍ទាយថាតើនៅពេលណាដែលស្ថានការណ៍នឹងប្រសើរឡើង ។ប៉ុន្តែយើងមិនដែលបានតស៊ូមតិក្នុងការបង្កកក្នុងទំនាក់ទំនងនោះទេ។ យើងមិនចង់ឱ្យមានជម្លោះឬការវិលត្រឡប់ទៅរកទំនាក់ទំនងបែបសង្រ្គាមត្រជាក់ជាមួយប្រទេសចិននោះទេ។ យើងត្រូវការស្ថេរភាពបន្ថែមទៀតនៅក្នុងទំនាក់ទំនងនេះ។"Burns បាននិយាយ។លោក Burns បាននិយាយថា គោលនយោបាយរបស់សហរដ្ឋអាមេរិកលើកោះតៃវ៉ាន់មិនផ្លាស់ប្តូរទេ ដោយបានអំពាវនាវឱ្យប្រទេសចិនបោះបង់ចោលនូវចេតនារបស់ខ្លួនក្នុងការប្រើប្រាស់កម្លាំងប្រឆាំងនឹងកោះនេះ។ឯកអគ្គរដ្ឋទូតអាមេរិកបានបន្ថែមថា មូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគីណាមួយគឺទំនាក់ទំនងសេដ្ឋកិច្ច និងការផ្លាស់ប្តូរប្រជាជនទៅប្រជាជនទោះបីជាប្រទេសនានាប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លាក៏ដោយ។បច្ចុប្បន្នចិនគ្មានឯកអគ្គរដ្ឋទូតប្រចាំសហរដ្ឋអាមេរិកទេ ចាប់តាំងពី Qin Gang បានចាកចេញពីតំណែងរបស់លោកក្នុងខែធ្នូ ឆ្នាំ ២០២២ដើម្បីឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេស។នេះ​ជា​រយៈពេល​វែង​បំផុត​ដែល​កៅអី​នេះ​នៅ​ទំនេរ​ចាប់​តាំង​ពី​ប្រទេស​ទាំង​២បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​​ក្នុង​ឆ្នាំ១៩៧៩៕ប្រភពSCMP

Nicholas Burns នៅCapitol Hill ក្នុងទីក្រុង Washington សហរដ្ឋអាមេរិក ក្នុងខែតុលា ឆ្នាំ ២០២១។ រូបថត៖Reuters

Powered by Blogger.