សម្តេច​​ហ៊ុន សែនអ​ញ្ជើញទៅចូល​រួម​កិច្ចប្រជុំកំពូល​​អាស៊ាន​លើ​កទី៤២

 សម្តេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយនាព្រឹកថ្ងៃទី៩ ខែឧសភាឆ្នាំ២០២៣តាមជើងយន្តហោះពិសេសដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ស្នូលនៃកំណើន» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ដល់ទី១១ ខែឧសភា  ឆ្នាំ២០២៣ នៅទីក្រុង ឡាប៊ូនបាចូសាធារណរដ្ឋឥណ្ឌូណេស៊ីដែលជាការតបតាមការអញ្ជើញរបស់លោកចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងជាប្រធានប្តូរវេនឆ្នាំ២០២៣នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

អញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញមានវត្តមានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេចទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលជាច្រើនរូបទៀត។លោកស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងថាអញ្ជើញអមដំណើរ សម្តេចនាយករដ្ឋមន្រ្តី រួមមានលោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងធុរជនមួយចំនួននៃសភាពាណិជ្ជកម្មកម្ពុជា។នៅក្នុងអំឡុងពេលស្នាក់នៅទីក្រុងឡាប៊ូនបាចូសម្តេចនាយករដ្ឋមន្រ្តីក៏នឹងមានជំនួបសម្ដែងកាគួរសមជាមួយ ឯកឧត្ដមនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងនាយករដ្ឋមន្ត្រីនៃប្រទេសទីម័រខាងកើត។លោកបានបន្តថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ថ្នាក់ដឹកនាំអាស៊ាន នឹងពិភាក្សាអំពីវិធីសាស្រ្តនិងមធ្យោបាយនានាក្នុងការរក្សានូវសន្ទុះនៃការកសាងសហគមន៍អាស៊ានជំរុញលើរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អាស៊ានដើម្បីសម្រេចបាននូវសហគមន៍មួយប្រកបដោយបរិយាប័ន្ន ការចូលរួមនិងកិច្ចសហប្រតិបត្តិការព្រមទាំងពន្លឿនការអភិវឌ្ឍនូវចក្ខុវិស័យរបស់សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ សំដៅប្រែក្លាយអាស៊ាន ជាសហគមន៍ដែលតម្រង់ទិសដៅអនាគត និងជាតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព វិបុលភាព និងភាពធន់។ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភ និងផល ប្រយោជន៍រួមរួមទាំងការអនុវត្តលើការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចស្តីពីមីយ៉ាន់ម៉ា និងសេចក្តីសម្រេចរបស់មេដឹកនាំអាស៊ាន និងការអនុវត្តលើទស្សនវិស័យរបស់អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ផងដែរ។ នៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាននេះលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ាន (APSC) លើកទី២៦ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣៣ (ACC)ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានខាងលើនេះ។គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលគ្រោងធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣៕AKP


Powered by Blogger.