ប្រតិកម្មបន្តប​​ន្ទាប់ថ្កោលទោ​ស​ការបដិ​​សេធចុះបញ្ជីគ​ណ​បក្សភ្លើងទៀន​ចូល​​រួមការ​​បោះឆ្នោត

 សំណុំរឿងបដិសេធការចុះបញ្ជីគណបក្សភ្លើងទៀនមិនឲ្យចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧នៅទទួលបន្តរងប្រតិកម្មពីបណ្តាទូតនិងអង្គការសង្គមស៊ីវិលអន្តរជាតិដែលធ្វើការលើផ្នែកប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ប្រតិកម្មពីបណ្តាទូតនិងអង្គការសង្គមស៊ីវិលអន្តរជាតិ នៅតែស្រោចការថ្កោលទោសចំពោះការសម្រេចរបស់គ.ជ.បដែលបដិសេធការចុះបញ្ជីរបស់គណបក្សភ្លើងទៀនដែលជាគណបក្សប្រឆាំងដ៏ធំ។ 

ស្ថាតទូតអាមេរិកប្រចាំកម្ពុជា។រូបភាពអ៊ីនធឺណិត

«ការ​សម្រេច​បដិសេធការ​ចុះ​ឈ្មោះ​គណបក្ស​ភ្លើងទៀន​ដោយ​ចោទ​ថា​មិន​បាន​បំពេញ​ឯកសារ​ត្រឹមត្រូវ​នោះធ្វើ​ឲ្យ​ខូច​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​មុន​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដាឆ្នាំ​២០២៣។» នេះគឺជាការបញ្ជាក់របស់កញ្ញា Stephanie Arzate មន្ត្រីនាំពាក្យស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញតាមរយៈប្រព័ន្ធសារអាឡិចត្រនិចដោយបានបន្ថែមទៀតថាការគំរាមកំហែងនិងឧប្បត្តិហេតុនៃការយាយីដែលផ្តោតលើសង្គមស៊ីវិលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងគណបក្សប្រឆាំង បានរារាំងសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការចូលរួមក្នុងលទ្ធិប្រជាធិបតេយ្យពហុបក្ស។បើតាមមន្ត្រីនាំពាក្យស្ថានទូតអាមេរិក គឺ អាមេរិកនៅតែជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បើក​លំហ​នយោបាយនិង​ពលរដ្ឋ​ឡើងវិញ រួម​ទាំង​ការ​បញ្ចប់​ការ​យាយី​គណបក្ស​ប្រឆាំង។ដោយឡែកសេចក្តីថ្លែងការណ៍រួមនៃអង្គការអន្តរជាតិចំនួន២ផ្សេងទៀតបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានបដិសេធក្នុងការចុះបញ្ជីគណបក្សភ្លើងទៀន ចូលរួមការបោះឆ្នោតខែកក្កដាខាងមុខ។ សេចក្តីថ្លែងការណ៍រួមរបស់វេទិកា​អាស៊ី​ដើម្បី​សិទ្ធិ​មនុស្សនិង​ការ​អភិវឌ្ឍ និងអង្គការសម្ព័ន្ធភាពពិភពលោកសម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋ ថ្កោលទោសការសម្រេចរបស់គ.ជ.ប ថា​កាន់តែ​បំផ្លាញ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ជ្រើសរើស​តំណាង​របស់​ពួកគេ។ការ​រារាំង​គណបក្សប្រឆាំងដ៏​សំខាន់​មិន​ឱ្យ​ឈរឈ្មោះ​ក្នុង​ការ​បោះឆ្នោត​នាពេល​ខាង​មុខ ដោយ​ប្រើមូលហេតុ​កង្វះឯកសារដើមជាលេស បានបញ្ជាក់ថា រដ្ឋាភិបាលសម្តេចហ៊ុន សែន កំពុង​បង្ហាញ​ពី​ការ​មិន​គោរព​ទាំងស្រុង​ចំពោះ​គោលការណ៍​នៃ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ នេះបើតាមលោកស្រី Mary Aileen Bacalso នាយិកាប្រតិបត្តិវេទិកា​អាស៊ី​ដើម្បី​សិទ្ធិ​មនុស្ស និង​ការ​អភិវឌ្ឍ។ទាំងFORUM-ASIA និង CIVICUS ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ឈប់​ប្រើ​ប្រព័ន្ធ​ច្បាប់​ដើម្បី​កម្ទេច​គណបក្ស​ប្រឆាំង ជាពិសេសនៅ​មុន​ការបោះឆ្នោត។ ហើយរដ្ឋាភិបាលកម្ពុជា គួរតែអនុវត្តតាមអនុសាសន៍ដែលធ្វើឡើងដោយយន្តការអន្តរជាតិសម្រាប់ការការពារសិទ្ធិមនុស្សនិងលំហស៊ីវិលនៅក្នុងប្រទេស។ជាការកត់សម្គាល់ប្រតិកម្មរបស់បណ្តាទូតនិងអង្គការអន្តរជាតិ បានធ្លាក់ចុះមកជាបន្តបន្ទាប់ ក្រោយពេលគ.ជ.ប កាលពីថ្ងៃទី១៥បានប្រកាសបដិសេធការចុះបញ្ជីគណបក្សភ្លើងទៀន សម្រាប់ការចូលរួមការបោះឆ្នោតថ្នាក់ជាតិ២០២៣ដោយសារតែកង្វះឯកសារច្បាប់ដើម។ បណ្តាប្រតិកម្មពីសហគមន៍អន្តរជាតិបានធ្លាក់មក រាប់ចាប់តាំងពី អូស្ត្រាលី អាល្លឺម៉ង់ អង់គ្លេស បារាំង សហភាពអឺរ៉ុប សភាអាស៊ានផ្នែកសិទ្ធិមនុស្សនិងអង្គការអន្តរជាតិដែលឃ្លាំមើលកិច្ចការបោះឆ្នោតនៅអាស៊ី។តែយ៉ាងណាប្រតិកម្មទាំងនោះ មិនធ្វើឲ្យរដ្ឋាភិបាលកម្ពុជាឈឺក្បាលខណៈដែលក្រសួងការបរទេសកម្ពុជាបានចេញមកច្រានចោលចំពោះការរិះគន់ទាំងអស់ដែលបានធ្វើឡើង។ តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ការមិនអាច​ចុះបញ្ជី​ចូលរួម​ការបោះឆ្នោត​បាន​របស់​គណបក្សនយោបាយ​មួយ គឺ​ដោយ​សារ​តែ​គណបក្ស​នោះ​មិន​យកចិត្ត​ទុក​ដាក់​ចំពោះ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​បោះឆ្នោត ក៏ដូចជា​សេចក្តីជូនដំណឹង​នានា​របស់ គ​.​ជ​.​ប​។នៅក្នុងសំណុំរឿងនេះ គណបក្សភ្លើងទៀនបានប្រកាសពីការបន្តនីតិវិធីប្តឹងជំទាស់ការសម្រេចរបស់គ.ជ.បទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញដើម្បីទាមទារឲ្យគណបក្សខ្លួនអាចចូលរួមការបោះឆ្នោតពេលខាងមុខ។ បើតាមអ្នកនាំពាក្យបក្ស គឺការប្តឹងជំទាស់នឹងធ្វើឡើងនៅថ្ងៃទី២០ឧសភាខាងមុខ៕RFI

Powered by Blogger.