នាយករដ្ឋមន្រ្តីហ៊ុនសែន៖គំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ» របស់ចិនបានផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា
ក្នុងខួបលើកទី៦៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតមិត្តភាពកម្ពុជា-ចិន និងខួប១០ឆ្នាំនៃគំនិតផ្ដួចផ្ដើម«ខ្សែក្រវាត់និងផ្លូវ»របស់សាធារណរដ្ឋប្រជាមានិតចិននោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចហ៊ុន សែនបានលើកឡើងថា គំនិតផ្តួចផ្តើម«ខ្សែក្រវាត់និងផ្លូវ» របស់សាធារណរដ្ឋប្រជាមានិតចិនបានផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជានិងប្រទេសជាសមាជិក។ក្នុងពិធីអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិតជាង២ម៉ឺននាក់និងទស្សនាពិព័រណ៍សមិទ្ធផលក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តព្រះសីហនុ ព្រមទាំងសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់រថយន្ត នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ សម្ដេចហ៊ុន សែន មានប្រសាសន៍ថា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុនេះ ក៏ជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវនោះដែរ ហើយសម្ដេចបានប្រឹងប្រែងធ្វើការជាមួយមិត្តចិនរហូតបង្កើតបានមិត្តភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយបន្ថែមលើនោះប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន បានប្រសិទ្ធនាមថា«ជាមិត្តដែលថែប»។ សម្ដេចបានថ្លែងថា នេះគឺជារឿងពិតដែលគ្មានអសិរពិសណាមួយអាចបំបែកបាក់នូវសាមគ្គីភាពនេះបានទេ។សម្ដេចហ៊ុនសែនបានគូសបញ្ជាក់ថាហេតុអ្វីបានជាកម្ពុជា ស្ថិតក្នុងចំណោមប្រទេស១៥០និងអង្គការអន្តរជាតិ ដែលបានចុះហត្ថលេខាលើក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ«ខ្សែក្រវាត់និងផ្លូវ» ដែលផ្ដួចផ្ដើមឡើងដោយឯកឧត្ដមប្រធានាធិបតីស៊ី ជិនពីង។ ចំណុចនេះគឺស្របជាមួយនិងគោលនយោបាយពីដើមដល់ចប់របស់កម្ពុជា។
សម្ដេចគូសបញ្ជាក់ទៀតថា មានចំណុច៣ដែលកម្ពុជាត្រូវដើរ ១. រាល់គំនិតផ្ដួចផ្ដើមទាំងអស់ត្រូវតែបម្រើឱ្យសន្តិភាព និងការអភិវឌ្ឍ។ ២. គឺមិនត្រូវប្រឆាំងជាមួយប្រទេសណាទាំងអស់ និងទី៣. គឺត្រូវគោរពមជ្ឈភាពរបស់អាស៊ាន។ សម្ដេចនាយករដ្ឋមន្រ្ដីអះអាងថា នេះជាគៅការណ៍ធំៗ នៃគោលនយោបាយការបរទេសរបស់កម្ពុជា ហើយតើការគាំទ្រនោះបានផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់កម្ពុជា។ សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថារឿងនេះបើនិយាយកីឡាស៊ីហ្គេមដែលទើបតែបិទបញ្ចប់ដោយជោគជ័យនាពេលកន្លងមកថ្មីនេះបើមិនមានចំណែកនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវទេយើងពុំមានមូលដ្ឋានគ្រប់គ្រាន់ដើម្បីនឹងរៀបចំប្រកួតកីឡាស៊ីហ្គេមនោះទេ។ជាមួយគ្នានេះ សម្ដេចក៏បានអរគុណចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដែលបានជួយកសាងពហុកីឡាដ្ឋានមួយ សម្រាប់ពិធីបើក-បិទ និងការប្រកួតកីឡាស៊ីហ្គេម ហើយពហុកីឡាដ្ឋាននោះអាចប្រើបានរាប់រយឆ្នាំទៀតតកូនតចៅ។ ក្រោពីនោះ រដ្ឋាភិបាលចិនក៏បានជួយកម្ពុជាក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវល្បឿនលឿន ព្រលានយន្តហោះខេត្តសៀមរាប និងគម្រោងដទៃទៀតជាច្រើនរាប់ទាំងគម្រោងតភ្ជាប់អ៊ីនធឺណិតខ្សែកាប្លិ៍ក្រោមទឹក ខេត្តព្រះសីហនុ និងហុងកុង។ល។ និងនៅមានគម្រោងជាច្រើនទៀត ដែលកម្ពុជាទទួលផលប្រយោជន៍ ពីគម្រោងខ្សែក្រវាត់ និងផ្លូវនេះ។សម្តេចហ៊ុន សែន ក៏បានគូសបញ្ជាក់បន្ថែមថា រដ្ឋាភិបាលចិនមិនដែលបញ្ជាសម្តេចនោះឡើយ ហើយគោលនយោបាយរបស់ចិន ក៏មិនបានយកប្រទេសណាជាសត្រូវឬរារាំងប្រទេសណាមួយនោះឡើយ។ កម្ពុជា អនុវត្តន៍នយោបាយឯករាជ្យរបស់ខ្លួន ខណៈមានអ្នកខ្លះលើកឡើងថា កម្ពុជាអាយ៉ងចិនឬអាយ៉ងវៀតណាម។សម្តេចអះអាងបន្ថែមថា ទោះបីជានរណាថាអីថាទៅ ព្រោះលើការជាក់ស្តែង កម្ពុជាអនុវត្តន៍នយោបាយឯករាជ្យ ដោយផ្អែកលើច្បាប់។លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវ រវាងកម្ពុជា-ចិនមិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ប្រទេសទាំង២ប៉ុណ្ណោះទេ នឹងបានរួមចំណែកផ្ដលភាពវិជ្ជមានសន្តិភាព និងវិបុលភាពដល់តំបន់ ហើយឥទ្ធិពលរបស់កម្ពុជាក៏កំពុងត្រូវបានលើកកម្ពស់ ទាំងក្នុងតំបន់ និងឆាកអន្តរជាតិ។ឯកអគ្គរដ្ឋទូតបានបន្ដថាក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ ប្រទេសទាំង២បានប្រកាន់ខ្ជាប់នូវគោលគំនិត នៃការពិគ្រោះយោបល់រួមគ្នា ការកសាងរួមគ្នា និងចែករំលែករួមគ្នា ហើយការកសាងនូវខ្សែក្រវាត់មួយ-ផ្លូវមួយប្រកបដោយគុណភាពខ្ពស់ ព្រមទាំងការបន្ស៊ីគ្នា នៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ និងយុទ្ធសាស្ត្រចតុកោណរបស់កម្ពុជា មានភាពកាន់តែស៊ីជម្រៅ។ លោកបានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល១០ឆ្នាំមកនេះប្រទេសចិនបានជួយកម្ពុជាលើគម្រោងសុខុមាលភាពជាច្រើន ដូចជាការអប់រំការថែទាំវេជ្ជសាស្ត្រ ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍជនបទ និងគម្រោងធំៗមួយចំនួនទៀត គឺមានពហុកីឡដ្ឋានជាតិមរតកតេជោ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ និងអាកាសយានដ្ឋានសៀមរាបអង្គរថ្មី ដែលនេះបង្ហាញពីកិច្ចសហប្រតិបត្តិការល្អ នៃខ្សែក្រវាត់ និងផ្លូវ រវាងប្រទេសទាំង២។ឯកអគ្គរដ្ឋទូតចិន បានបង្ហាញនូវការសប្បាយរីករាយ ចំពោះសម្ដេច ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងអាណត្តិទី៦នេះ សម្រេចបានដោយជោគជ័យនូវស្ថិរភាពនយោបាយសង្គមរក្សាបាននូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ក្នុងរយៈពេលច្រើនឆ្នាំជាប់ៗគ្នានិងសម្រេចជោគជ័យយ៉ាងមុតមាំលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បំពេញភារកិច្ចរបស់ប្រធានអាស៊ានឆ្នាំ២០២២ ប្រកបដោយកម្រិតខ្ពស់និងបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ប្រកបដោយជោគជ័យយ៉ាងពេញលេញ។ឯកអគ្គរដ្ឋទូតបានបន្ថែមថា សព្វថ្ងៃនេះទំនុកចិត្តរបស់ប្រជាជនកម្ពុជា កម្លាំងប្រមូលផ្ដុំ កំពុងកើនឡើងឥតឈប់ឈរហើយឥទ្ធិពលក្នុងតំបន់ និងឆាកអន្តរជាតិ ត្រូវបានលើកកម្ពស់៕AKP
Post a Comment