រដ្ឋមន្ត្រី​ក្រសួង​ម​ហាផ្ទៃ​ព្រមា​ន​ដក​ស្នងការ​នគរ​បា​ល​ដែល​ជ្រើ​ស​មន្ត្រី​នៅ​​ថ្នាក់​មូលដ្ឋាន​​ពុ​ករលួយ​

​​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​សម្តេច ​ស​ ​ខេង​បាន​ព្រមាន​ជា​សាធារណៈ​ដល់​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត​ ដែល​បាន​បញ្ជូន​មន្ត្រី​ពី​ថ្នាក់​ខេត្ត​ទៅ​បម្រើ​ការ​នៅ​តាម​នគរបាល​រដ្ឋបាល​ប៉ុស្ដិ៍​ ​ឃុំ​ ​សង្កាត់​ ​ដែល​មាន​ភាព​មិន​ប្រក្រតី​និង​កំពុង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​នៅ​តាម​មូលដ្ឋាន​។​ការ​ព្រមានដល់​ស្នងការ​នគរបាល​ខាងលើ​នេះ​ ​ធ្វើឡើង​បន្ទាប់ពី​សម្តេច ​ស​ ​ខេង​ ​ទទួល​បាន​ពាក្យបណ្ដឹង​​និង​ព័ត៌មាន​ថា​មាន​ករណី​បញ្ជូន​មន្ត្រី​ពី​ថ្នាក់​ខេត្ត​ឱ្យ​ទៅ​បម្រើ​ការ​នៅ​រដ្ឋបាល​ប៉ុស្ដិ៍​ ​ឃុំ​ ​សង្កាត់​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ ​ឃុំ​ ​សង្កាត់​ ​ទាំង​នោះ​គ្មាន​ឱកាស​បម្រើ​ការងារ​នៅ​មូលដ្ឋាន​របស់​ខ្លួន​។​​ក្នុង​ពិធី​បិទ​វគ្គ​សុក្រឹតការ​ថ្នាក់​ដឹកនាំ​នគរបាល​ ​ក​ម្រិ​ត​១​ ​និង​ក​ម្រិ​ត​២​ ​ជំនាន់​ទី​៣​នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​ ​កាល​ពី​ថ្ងៃពុធ​ សម្តេច​ស​ ​ខេង​ ​បាន​ឱ្យ​ដឹង​ថា​កន្លងមក​មាន​ការ​ជ្រើសរើស​មន្ត្រី​នគរបាល​ប៉ុស្ដិ៍​ដោយ​ឆ្លងកាត់​ការ​ប្រឡង​ទើប​បញ្ជូន​ឱ្យ​ទៅ​បម្រើ​ការ​នៅ​តាម​ប៉ុស្ដិ៍​ ​ឃុំ​ ​សង្កាត់​ ។​ប៉ុន្ដែ​ការ​ជ្រើស​បែប​នេះ​មិន​ទទួល​បាន​ជោគជ័យ​ឡើយ​។​សម្តេច​បន្ថែម​ថា​ ​បេក្ខជន​ដែល​ប្រឡងជាប់​ជា​មន្ត្រី​រដ្ឋបាល​ប៉ុស្ដិ៍​ទាំងនោះ​ ​គឺ​ភាគច្រើន​មិនមែន​រស់នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ​ ​ហើយ​ជួនកាល​រស់នៅ​ឆ្លង​ស្រុក​​ឬ​មាន​ស្រុកកំណើត​ឆ្លងខេត្ត​ផ្សេង​ ​ដែល​ធ្វើ​ឱ្យ​ពួកគេ​ពិបាក​ក្នុង​ការ​ប្រតិបត្តិ​ការ​ការងារ​នៅ​ក្នុង​ឃុំ​ ​សង្កាត់​ ​ដែល​មិនមែន​ជា​ស្រុក​កំណើត​របស់​ខ្លួន​។​សម្តេច​បន្ត​ថា​ នៅ​ពេល​ប្រឡងជាប់​ហើយ​ ​ពួកគេ​តែង​ស្នើ​សុំ​ផ្ទេរ​ចេញពី​រដ្ឋ​បាល់​ប៉ុស្ដិ៍​ទាំងនោះ​ ​ដើម្បី​ទៅ​បម្រើ​ការងារ​នៅ​ភូមិ​ ​ឃុំ​ ​សង្កាត់​ ​ដែល​ជា​ស្រុកកំណើត​របស់​ខ្លួន​ ​ដើម្បី​បាន​នៅក្បែរ​បងប្អូន​ ​ប្ដី​ ​ប្រពន្ធ​ ​កូនចៅ​ ​និង​ឪពុក​ម្ដាយ​របស់​ពួកគេ​ ​ដែល​ធ្វើ​ឱ្យ​ការ​គ្រប់គ្រង​មន្ត្រី​ ​និង​ការ​អនុវត្ត​ការងារ​គ្មាន​ប្រសិទ្ធ​ភាព​។​សម្តេច​និយាយ​ថា​ ​បច្ចុប្បន្ន​ ​សម្តេច​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ប្រឡង​បែប​ហ្នឹង​ទៀត​ទេ​។ប៉ុន្តែ​ក្រសួងមហាផ្ទៃ​ ​បាន​ប្រគល់​ការងារ​នេះ​ ​ទៅ​ឱ្យ​ប៉ុស្ដិ៍​ប៉ូលីស​ ​និង​មេឃុំ​ ​ជា​អ្នក​ជ្រើសរើស​ ​នៅ​ក្នុង​មូលដ្ឋាន​ឃុំ​ ​សង្កាត់​ ​របស់​ខ្លួន​ទៅ​ ​ដើម្បី​មាន​ប្រសិទ្ធ​ភាព​ការងារ​។​​រដ្ឋមន្ត្រី​បញ្ជាក់​ថា​៖​ ​«​ខ្ញុំ​ទទួល​ពាក្យបណ្ដឹង​នៅ​ខេត្ត​មួយ​ [,,,] ​រាយការណ៍​ថា​គាត់​ស្ថិតនៅ​ក្នុង​ឃុំ​នេះ​ ​ឬ​ស្រុក​នេះ​ ​តែ​ហេតុ​អី​បាន​ឱ្យ​គាត់​ទៅ​ធ្វើការ​នៅ​ឃុំ​ផ្សេង​ ​ស្រុក​ផ្សេង​ទៅវិញ​ ​ករណី​នេះ​ ​ខ្ញុំ​ទាញ​សន្និដ្ឋាន​បណ្ដោះ​អាសន្ន​ថា​គឺ​មាន​ភាព​មិន​ប្រក្រតី​»​។​សម្តេចស​ ​ខេង​ ​បន្ថែម​ថា​ ​ក្រៅពី​ពាក្យបណ្ដឹង​ខាងលើ​នេះ​ សម្តេច​ក៏​ទទួល​បាន​ព័ត៌មាន​មួយទៀត​ដែរ​ថា​ ​គឺ​មាន​ការ​បញ្ជូន​មន្ត្រី​ពី​ថ្នាក់​ខេត្ត​ទៅ​បម្រើ​ការ​នៅ​មូលដ្ឋាន​តែម្ដង​ ​ដោយ​មាន​ការពិភាក្សា​ ​ត្រូវ​ដាក់​ក្នុង​ឃុំ​នេះ​ ​ប៉ុន្មាន​នាក់​ ​សង្កាត់​នោះ​ប៉ុន្មាន​នាក់​ ​ហើយ​ត្រូវ​បញ្ជូន​នរណា​ទៅ​ខ្លះ​? ​ដែល​មិនមែន​ជា​មនុស្ស​រស់នៅ​ក្នុង​ឃុំ​ ​សង្កាត់​ ​ហ្នឹង​ផ្ទាល់​។​សម្តេច​បញ្ជាក់​ថា​៖​ ​«​[,,,] ​បើ​ខ្ញុំ​រក​ឃើញ​ពិតប្រាកដ​មែន​ ​ស្នងការ​នគរបាល​ជា​អ្នកទទួលខុសត្រូវ​មុនគេ​ ។ប៉ុន្តែ​បើ​ដឹងខ្លួន​ជាការល្អ​ ​សុំ​ដកខ្លួន​ ​សុំ​លា​លែង​ឱ្យ​ហើយ​ទៅ​ ​កុំ​ឱ្យ​ដេញទាន់​ ​ហើយ​អស់​ស័ក្តិ​ថែម​ទៀត​ ​ព្រោះ​យើង​ចង់​បាន​កូនចៅ​ប្រជាពលរដ្ឋ​ ​បើ​កូន​ចៅ​ប្រជាពលរដ្ឋ​ ​នៅកន្លែង​ណា​ ​ត្រូវ​ដាក់​នៅ​កន្លែង​ហ្នឹង​ ​គឺ​ដាក់​នៅ​ក្នុង​ឃុំ​ ​សង្កាត់​ ​ហ្នឹង​តែម្ដង​ ​មិន​មែន​យក​អ្នក​រស់នៅ​ឃុំ​ ​សង្កាត់​ ​ឬ​ស្រុក​ផ្សេង​មក​ដាក់​ជំនួស​នោះ​ទេ​»​។​សម្តេចផ្ដាំ​ទៅ​ស្នងការ​នគរបាល​ ​រាជធានី​-​ខេត្ត​ថា​ ​កុំ​ឱ្យ​មាន​ករណី​ខាងលើ​កើតឡើង​ ​ព្រោះ​រាល់​ឯកសារ​ជ្រើសរើស​បេក្ខជន​ទាំងនោះ​ ​គឺ​ត្រូវ​ឆ្លងកាត់​បុគ្គលិក​ក្រសួង​ ​ហើយ​បុគ្គល​ទាំង​នោះ​ ​នឹង​ផ្ញើ​ទៅ​រដ្ឋមន្ត្រី​ ​ដើម្បី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​ជា​អ្នក​ចុះហត្ថលេខា​បញ្ចូល​ក្នុង​ក្របខណ្ឌ​។សម្តេច​ថ្លែង​ថា​ ​បញ្ជី​ឈ្មោះ​ជ្រើសរើស​មន្ត្រី​ទាំងនោះ​ ​បើ​គ្មាន​វត្តមាន​រដ្ឋមន្ត្រី​ចុះហត្ថលេខា​ ​ក៏​មិន​អាច​បើកប្រាក់ខែ​បាន​ដែរ​។​សម្តេច​បន្ថែម​ថា​ ​ចំពោះ​ការផ្ទេរ​មន្ត្រី​ចេញពី​ ​ឃុំ​ ​សង្កាត់​ ​មួយ​ទៅ​ឃុំ​ ​សង្កាត់​ ​មួយទៀត​នោះ​ ​ក៏​ត្រូវការ​ឆ្លងកាត់​ពី​រដ្ឋមន្ត្រី​ដែរ​។ប៉ុន្តែ​បើ​ភាគី​ពាក់ព័ន្ធ​នៅតែ​មិន​អនុវត្ត​តាម​ ​គឺ​មានតែ​ដក​មេ​ហ្នឹង​ចេញ​តែម្ដង​។​សម្តេច​បន្ត​ថា​ ​បើ​អ្នក​ពាក់ព័ន្ធ​ស្ថិតនៅ​ខេត្ត​ណា​មានខ្លួន​ ​ត្រូវ​កែតម្រូវ​ឡើងវិញ​ ​ព្រោះ​នៅ​ទីនេះ​ ​សម្តេចមិន​បង្ហាញ​ឈ្មោះ​ជា​សាធារណៈ​ទេ​។ ​ប៉ុន្តែ​សម្តេច​​​មាន​ឯកសារ​នៅ​ក្នុង​ដៃ​ ​ដើម្បី​ដក​បុគ្គល​ពុករលួយ​នោះ​ចេញពី​តំណែង​។​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​តស៊ូ​មតិ​ ​និង​គោល​នយោបាយ​ ​លោក​ ​ឡាំ​ ​សុជាតិ​ ​បាន​ឱ្យ​ដឹង​ថា​ការ​ផ្ដល់​សិទ្ធិ​ដល់​ថ្នាក់ក្រោម​ជាតិ​ ​ទាំង​វិ​ស័យ​ធនធាន​ ​សិទ្ធិ​អំណាច​ ​ការ​គ្រប់គ្រង​មនុស្ស​ ​គ្រប់គ្រង​លុយកាក់​ ​និង​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ ​ជា​រឿង​ល្អ​។ប៉ុន្តែ​ ​បច្ចុប្បន្ន​នៅ​ស្រុកខ្មែរ​ ​គឺ​បារម្ភ​បំផុត​ការ​ជ្រើស​មន្ត្រី​នគរបាល​នៅ​ឃុំ​ ​សង្កាត់​ ​គឺ​ជ្រើស​អ្នក​គ្មាន​សមត្ថភាព​ ​ជ្រើស​ដោយ​បក្ខពួក​និយម​និង​បងប្អូន​និយម​។​លោក​បញ្ជាក់​ថា​៖​ ​«​នៅ​ស្រុក​យើង​មិនថា​ជ្រើស​មន្ត្រី​ក​ម្រិ​ត​ណា​នោះ​ទេ​ ​ទោះ​ថ្នាក់​ជាតិ​ ​ថ្នាក់​ក្រសួង​ ​ឬ​ថ្នាក់ក្រោម​ជាតិ​ ​ឬ​ថ្នាក់​ ​ឃុំ​ ​សង្កាត់​ ​មិនទាន់​បែងចែក​ឱ្យ​ដាច់​រវាង​បក្ខពួក​និយម​ ​ពុករលួយ​ ​សាច់ញាតិ​ ​ឬ​លម្អៀង​ក្នុង​ការ​ជ្រើសរើស​មន្ត្រី​នៅឡើយ​»​។​លោក​បន្ថែម​ថា​ ​ការ​ជ្រើស​មន្ត្រី​បម្រើ​ការ​នៅ​តាម​រដ្ឋបាល​ប៉ុស្ដិ៍​ ​ឃុំ​ ​សង្កាត់​ ​ដែល​ស្ថិត​ក្នុង​ភូមិសាស្ត្រ​របស់​ប្រជាពលរដ្ឋ​រស់នៅ​ផ្ទាល់​ ​ក្រសួង​គួរតែ​មាន​នីតិវិធី​ដើម្បី​ឱ្យ​ការ​ជ្រើសរើស​មាន​ភាព​ត្រឹមត្រូវ​ ​និង​យុត្តិធម៌​ ​ហើយ​គួរ​ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ ​ដើម្បី​ឱ្យ​ពួកគេ​មានឱកាស​ចូលរួម​ដាក់ពាក្យ​ប្រកួតប្រជែង​ដោយ​ស្មើភាព​។​លោក​ ​ឡាំ​ ​សុជាតិ​ ​បន្ត​ថា​ ​ការ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​បាន​ដឹង​ ​និង​យុវជន​រស់នៅ​ក្នុង​ភូមិ​ ​ឃុំ​ ​សង្កាត់​នីមួយៗ​មាន​ឱកាស​ដាក់ពាក្យ​ដោយ​តម្លា​ភាព​ ​និង​យុត្តិធម៌​ ​គឺជា​រឿង​ល្អ​ ​ប៉ុន្តែ​មិនមែន​ជា​ការ​ជ្រើស​ដោយ​បក្ខពួក​នោះ​ទេ​។​​កាលពី​ឆ្នាំ​២​០​២​២​ ​ក្រសួងមហាផ្ទៃ​ ​បាន​ប្រកាស​ប្ដូរ​ពី​ការ​ប្រឡង​ជ្រើសរើស​ក្របខណ្ឌ​មន្ត្រី​នគរបាល​ ​សម្រាប់​បម្រើ​ការ​នៅ​រដ្ឋបាល​ប៉ុស្ដិ៍​ ​ឃុំ​ ​សង្កាត់​ ​ទៅជា​សម្ភាស​ផ្ទាល់មាត់​ដោយ​មេឃុំ​ ​ឬ​ចៅសង្កាត់​ ​និង​មេ​ប៉ុស្ដិ៍​ ​ដែល​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​របស់​បេក្ខជន​ ​និង​អាជ្ញាធរ​ដែនដី​នៅ​តាម​មូលដ្ឋាន​។​ក្រសួង​បញ្ជាក់​ថា​ ​ការ​ប្ដូរ​ពី​ប្រឡង​ទៅជា​សម្ភាស​ដោយ​ផ្ទាល់មាត់​ ​គឺ​មានគុណ​ភាព​ ​និង​ប្រសិទ្ធិភាព​ជាង​ប្រឡង​ ​ដើម្បី​ឈាន​ទៅ​ប្រតិបត្តិការ​ងារ​នៅ​តាម​រដ្ឋបាល​ប៉ុស្តិ៍​នគរបាល​ ​ឃុំ​ ​សង្កាត់​ ​ដែល​បេក្ខជន​រស់នៅ​ដោយ​ផ្ទាល់៕​Khmer Times 



Powered by Blogger.