ភ្លើង​ទៀន​​ចេញលិខិត​សរសើរដ្ឋាភិបា​លដែលរៀបចំ​កី​ឡាស៊ីហ្គេមទទួល​​បានជោ​​គជ័យ

គណបក្សភ្លើងទៀននៅថ្ងៃទី១៨ខែឧសភានេះបានចេញលិខិតអបអរសាទរមួយសម្តែងការកោតសរសើរដល់រដ្ឋាភិបាលកម្ពុជាដែលបានខិតខំរៀបចំកីឡាស៊ីហ្គេមលើកទី៣២ប្រកបដោយជោគជ័យ។

ការចេញមកអបអររបស់គណបក្សប្រឆាំងនេះធ្វើឡើងបន្ទាប់ពីការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម)លើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះត្រូវបានបិទបញ្ចប់កាលពីថ្ងៃពុធម្សិលមិញដែលរដ្ឋាភិបាលកម្ពុជាប្រកាសថាបានទទួលជោគជ័យយ៉ាងត្រចះត្រចង់។ មួយថ្ងៃក្រោយកីឡាអាស៊ីអាគ្នេយ៍ឬស៊ីហ្គេមលើកទី៣២ ត្រូវបានបិទបញ្ចប់គណបក្សភ្លើងទៀនដែលជាគណបក្សប្រឆាំងដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជាសម្រាប់ការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣នេះ បានចេញមកសម្តែងការអបអរដល់រដ្ឋាភិបាលកម្ពុជាដែលបានរៀបចំការប្រកួតកីឡាតំបន់នេះទទួលបានជោគជ័យ។តាមសារលិខិតរបស់ខ្លួន គណបក្សភ្លើងទៀនបានសរសេរថាគណបក្សមានសេចក្តីសោមនស្សរីករាយ និងចូលរួមអបអរសាទរចំពោះមោទនភាពជាតិនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣។បន្ថែមពីលើការកោតសរសើ និងអំណរគុណដល់កីឡាករ កីឡាការិនីកម្ពុជា និងភ្ញៀវជាតិ អន្តរជាតិ គណបក្សភ្លើងទៀន ក៏បានសម្តែងនូវការកោតសរសើរដល់រដ្ឋាភិបាលកម្ពុជា និងមន្ត្រីគ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងរៀបចំកីឡាស៊ីហ្គេមលើកទី៣២នេះឡើងប្រកបដោយជោគជ័យនិងជាទីមោទនៈ។សូមបញ្ជាក់ថាគណបក្សភ្លើងទៀនកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ពីការមិនបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបដិសេធការចុះបញ្ជីគណបក្ស និងបេក្ខជនឈរឈ្មោះបោះឆ្នោតកាលពីពេលថ្មីៗនេះ ក្រោមហេតុផលថាមិនមានឯកសារគ្រប់គ្រាន់។ក៏ប៉ុន្តែគណបក្សភ្លើងទៀននៅសល់ដំណាក់កាលចុងក្រោយមួយទៀតគឺការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលគណបក្សប្រឆាំងនេះគ្រោងនឹងធ្វើការតវ៉ាទៅស្ថាប័នកំពូលមួយនេះក្នុងពេលឆាប់ៗខាងមុខ។ជុំវិញការចេញមកអបអររបស់គណបក្សប្រឆាំងជាមួយរដ្ឋាភិបាលកម្ពុជាពេលនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាយល់ឃើញថាព្រឹត្តិការណ៍ស៊ីហ្គេមនេះ គឺជាសច្ចធម៌ដែលគ្រប់គ្នាត្រូវមានការទទួលស្គាល់។ ទោះយ៉ាងណាបក្សប្រឆាំងមិនអាចយកបញ្ហានេះទៅលុបជ្រុងនៃការខុសឆ្គងតាមផ្លូវច្បាប់បានទេ។នេះបើតាមលោក សុខ ឥសាន។សូមរំលឹកថាការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះត្រូវបានបិទបញ្ចប់កាលពីថ្ងៃពុធដោយកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤សម្រាប់មេដាយមាសនិងចំណាត់ថ្នាក់លេខ៣សម្រាប់មេដាយច្រើនជាងគេបន្ទាប់ពីវៀតណាមនិងថៃ៕RFI


Powered by Blogger.