គណ​បក្សចំ​នួន៣បន្ថែ​មទៀត​​បន្តចុះបញ្ជី​ចូលរួមបោះ​​ឆ្នោតតំណា​ងរាស្ត្រនីតិ​​កាលទី៧

 គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានសម្រេចទទួលស្គាល់គណបក្សនយោបាយចំនួន៣បន្ថែមទៀតបន្ទាប់ពីពិនិត្យឯកសាររួចរាល់ហើយ។គិតមកត្រឹមព្រឹកថ្ងៃចន្ទនេះគណបក្សនយោបាយដែលបានដាក់ពាក្យសុំចុះបញ្ជីឈរឈ្មោះបោះឆ្នោតនិងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសរុបមានចំនួន១៦គណបក្ស។ ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ឲ្យដឹងថាអាចនឹងមានគណបក្សនយោបាយជិត២០គណបក្ស ដាក់ពាក្យចូលរួមប្រកួតការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧ ខណៈការទទួលពាក្យរបស់គ.ជ.ប នឹងត្រូវបញ្ចប់នៅម៉ោង៥ល្ងាចថ្ងៃទី០៨ ខែឧសភានេះ។គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានសម្រេចទទួលស្គាល់គណបក្សនយោបាយចំនួន៣បន្ថែមទៀតនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីពិនិត្យឯកសាររួចរាល់ហើយ។ គណបក្សទាំង៣នោះរួមមាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សហ្វុនស៊ីនប៉ិច និងគណបក្សបំណងពលរដ្ឋ។ ការទទួលស្គាល់៣គណបក្សបន្ថែមទៀត ធ្វើឲ្យចំនួនគណបក្សដែល គ.ជ.ប បានទទួលស្គាល់រួចហើយ មានចំនួន១១គណបក្ស និងនៅសល់៥គណបក្សទៀត គ.ជ.ប កំពុងពិនិត្យ។ដោយឡែកគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងដ៏សំខាន់សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះក៏ស្ថិតនៅក្នុងបញ្ជីដែល គ.ជ.ប កំពុងពិនិត្យដែរ។ កាលពីថ្ងៃអាទិត្យគណបក្សភ្លើងទៀនបានដាក់ពាក្យសុំចុះបញ្ជីឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៅ គ.ជ.ប ដោយដាក់បេក្ខភាពចំនួន២៥រាជធានី ខេត្ត។គណបក្សភ្លើងទៀន មានកង្វះខាតឯកសារបញ្ជាក់បន្ថែមមួយចំនួនដូចជាបង្កាន់ដៃបង់លុយនៅរតនាគារ និងលិខិតបញ្ជាក់របស់ក្រសួងមហាផ្ទៃជាដើម ខណៈដែលគណបក្សប្រឆាំងមួយនេះមានពេល៥ថ្ងៃក្នុងការស្វែងរកឯកសារមកបំពេញបន្ថែម។សូមរំលឹកថាការទទួលពាក្យគណបក្សនយោបាយស្នើសុំចុះបញ្ជីឈរឈ្មោះបោះឆ្នោតនិងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតត្រូវបានធ្វើឡើងរយៈពេលកន្លះខែ គឺចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ គណបក្សនយោបាយដែលបានចុះបញ្ជីរួចហើយនៅ គ.ជ.ប ទាំងបានទទួលស្គាល់ និងកំពុងពិនិត្យមានសរុបចំនួន១៦ ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សធម្មាធិបតេយ្យ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរតែមួយ គណបក្សខ្មែរអភិរក្ស គណបក្សហ្វុនស៊ីនប៉ិច គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្សបំណងពលរដ្ឋ គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សខ្មែរឈប់ក្រ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងគណបក្សភ្លើងទៀន។ទោះយ៉ាងណា គណបក្សនយោបាយដែលចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧នេះ អាចនឹងកើនឡើងរហូតជិត២០គណបក្ស ដោយសារគណបក្សចំនួន១៩បានតម្កល់លុយ១៥លានរៀល រួចហើយនៅរតនាគារជាតិ។ នេះបើតាមលោក ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប។ សូមរំលឹកដែរថាកាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨គណបក្សនយោបាយចំនួន២០បានចូលរួមក្នុងការបោះឆ្នោត៕RFI


រូបភាពៈគជប

Powered by Blogger.