នាយ​ក​រដ្ឋមន្ត្រីហ៊ុន​ ​សែនសុំ​ការយោគយ​ល់​​ពីពលរដ្ឋដែលរដ្ឋាភិ​​បា​លមិន​មានលទ្ធភា​ព​ដោះស្រា​យការចែ​កសំបុ​ត្រស៊ី​ហ្គេ​ម

 សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែននៅថ្ងៃពុធបានចេញមុខមកសុំការយោគយល់អធ្យាស្រ័យពីប្រជាពលរដ្ឋខ្មែរដែលរដ្ឋាភិបាលមិនមានលទ្ធភាពដោះស្រាយការចែកសំបុត្រចូលរួមពិធីបើក-បិទនិងការប្រកួតកីឡាបាល់ទាត់ស៊ីហ្គេម ខណៈដែលទីកន្លែងរៀបចំមានចំនួនកំណត់។


ការស្នើសុំការយោគយល់ពីសំណាក់ប្រមុខរដ្ឋាភិបាលបែបនេះធ្វើឡើងបន្ទាប់ពីមានការជជែកដេញដាលរបស់ពលរដ្ឋទៅលើការចែកសំបុត្រចូលទស្សនាការប្រកួតបាល់ទាត់កម្ពុជា និងធ្វើឡើងនៅមុនពេលដែលកម្ពុជានឹងត្រូវធ្វើពិធីបើកជាផ្លូវការនូវព្រឹត្តិការណ៍ស៊ីហ្គេមនាថ្ងៃ៥ឧសភា។ តាមរយៈសារជាសំឡេងជាង៨នាទីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមកគូសបញ្ជាក់អំពីបញ្ហាចែកសំបុត្រដើម្បីចូលរួមការប្រកួតស៊ីហ្គេមដែលរដ្ឋាភិបាលមិនអាចមានលទ្ធភាពចែកជូនដល់ប្រជាពលរដ្ឋបានគ្រប់គ្រាន់។ ការណ៍នេះសម្តេចហ៊ុន សែន បានពន្យល់ថាបញ្ហាចែកចាយសំបុត្រ ជាកត្តាសត្យានុម័ត​ ដែលមិនអាចឲ្យរដ្ឋាភិបាលដោះស្រាយបានឡើយ។ ដោះស្រាយមិនបានព្រោះទីលានប្រកួត និងទីលានទស្សនា អាចផ្ទុកអ្នកចូលរួមបានតែប៉ុន្មានម៉ឺននាក់ប៉ុណ្ណោះខណៈដែលអ្នកដែលចង់ចូលរួមមានរហូតដល់រាប់លាននាក់។តាមសម្តេចហ៊ុន សែន រដ្ឋាភិបាលមិនអាចមានលទ្ធភាពបន្ថែមកន្លែងចូលរួមទស្សនាព្រឹត្តិការណ៍ស៊ីហ្គេមនេះបានដោយដ្បិតថាចំនួនអ្នកចូលរួមទស្សនាត្រូវបានកំណត់តាមស្តង់ដាដើម្បីចៀសវាងហានិភ័យដែលនឹងអាចកើតឡើងនាអំឡុងពេលប្រកួត។សម្រាប់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនគឺរដ្ឋាភិបាលមានតែសុំការយោគយល់ពីប្រជាពលរដ្ឋដែលមិនអាចចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមនិងទស្សនាការប្រកួតបាល់ទាត់របស់កម្ពុជា។សម្តេចហ៊ុន សែន ថាបញ្ហានេះមិនមែនកើតឡើងសម្រាប់តែកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះលើកទី៣២នេះប៉ុណ្ណោះទេតែស្ទើរតែគ្រប់ប្រទេសខណៈដែលប្រទេសទាំងនោះបានលក់សំបុត្រដើម្បីចូលរួមទស្សនាផ្ទុយពីកម្ពុជាផង។ជាការកត់សម្គាល់ ការចេញសារសុំយោគយល់របស់សម្តេចហ៊ុន សែន ពេលនេះធ្វើឡើងបន្ទាប់ពីមានការត្អូញត្អែរពីបណ្តាប្រជាពលរដ្ឋដែលចង់ចូលរួមទស្សនាការប្រកួតបាល់ទាត់របស់កម្ពុជាខណៈសំបុត្រចូលរួមមានការកំណត់។សាធារណជនខ្លះបានរិះគន់ពីការចែកចាយសំបុត្រដោយមានតម្លាភាព ខណៈដែលអ្នកខ្លះទទួលបានសំបុត្រតែមិនទៅចូលរួមទស្សនា។ មតិសាធារណជនខ្លះបានលើកជាយោបល់ផ្សេងៗទៀត ដោយខ្លះបានស្នើឲ្យរដ្ឋាភិបាលបើកឲ្យប្រជាពលរដ្ឋចូលរួមទស្សនាដោយពុំបាច់មានសំបុត្រ ដោយគ្រាន់តែកំណត់បរិមាណអ្នកចូលរួម។តែយ៉ាងណាក្តី ជាដំណោះស្រាយដែលអាចទៅរួចពេលនេះ គឺរដ្ឋាភិបាល និងអាជ្ញាធរតាមបណ្តារាជធានី-ខេត្តបានដាក់ផ្ទាំងក្រណាត់សផ្សាយបន្តផ្ទាល់តាមសួនសាធារណៈមួយចំនួន ដើម្បីឲ្យប្រជាពលរដ្ឋអាចប្រមូលផ្តុំគ្នា ទស្សនាការប្រកួតរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ៕RFI




Powered by Blogger.