ប្រ​ធា​នគ​​​​​ណៈ​ប្រតិភូឥណ្ឌូនេ​​ស៊ីកោ​​ត​ស​សើរចំ​ពោះ​ការ​ខិតខំ​ប្រឹងប្រែងរ​​បស់ក​ម្ពុជាក្នុង​​​ការ​ធ្វើជាម្ចាស់​ផ្ទះស៊ី​ហ្គេមលើ​​ក​ទី​៣២

 លោកLexyndoHakimប្រធានគណៈប្រតិភូរបស់ប្រទេសឥណ្ឌូនេស៊ីសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះដើម្បីធានាថាការប្រកួតបានប្រព្រឹត្តទៅដោយជោគជ័យនិងរលូន។លោកបានបន្ថែមថាប្រទេសឥណ្ឌូនេស៊ីមានការយោគយល់ដោយសារតែស៊ីហ្គេមលើកនេះគឺជាលើកទី១ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។លោកបានលើកឡើងទៀតថា​៖ «​យើង​ក៏​យល់​ដែរ​ថា​នេះ​ជា​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ដំបូង​របស់​កម្ពុជា​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ប៉ុន្តែពួកគេ​បាន​ដោះស្រាយរាល់បញ្ហាទាំងអស់បានដោយរលូន និងរហ័ស»។លោកបានបន្ថែមថាប្រទេសឥណ្ឌូនេស៊ីក៏បានកោតសរសើរកម្ពុជាចំពោះការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម រហូតដល់ពិធីបិទនៅថ្ងៃពុធ (១៧ឧសភា ២០២៣)។

ប្រធានគណៈប្រតិភូឥណ្ឌូនេស៊ីសម្រាប់ស៊ីហ្គេមលើកទី៣២លោក LexyndoHakimឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta ក្រុង Bantenកាលពីថ្ងៃព្រហស្បតិ៍(១៨ ឧសភា ២០២៣)។ ANTARA/Khmer Times

លោក​បាន​បន្ត​ថា​៖ «​ជា​រួមពួកគេ​បាន​ទទួល​បាន​ជោគជ័យ​បើ​ទោះ​បី​ជា​មាន​ចំណុច​ខ្វះខាត​​មួយចំនួន​ដែល​បាន​កើតឡើងក៏ដោយ»។លោកបាននិយាយថាភាពជោគជ័យរបស់ប្រទេសឥណ្ឌូនេស៊ីក្នុងការដណ្តើមបានមេដាយស៊ីហ្គេមរបស់ខ្លួននៅក្នុងការប្រកួតឆ្នាំនេះគឺជាលទ្ធផលនៃការងារជាក្រុមរវាងអត្តពលិកនិងអ្នកពាក់ព័ន្ធទាំងអស់។ឥណ្ឌូណេស៊ី ឈរនៅលេខរៀងទី៣ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដោយបានមេដាយមាសចំនួន ៨៧ ប្រាក់ ៨០ និងសំរឹទ្ធ ១០៩។ នៅស៊ីហ្គេមឆ្នាំ២០២១ ខ្លួនអាចដណ្ដើមបានមេដាយមាសត្រឹមតែ៦៩ ប្រាក់៩១និងសំរឹទ្ធ៨១បើទោះជាប្រទេសនេះធ្លាប់ឈរនៅលេខរៀងទី៣កាលពីពេលនោះក៏ដោយ។“នេះគឺជាលទ្ធផលនៃការងារជាក្រុម និងភាពហ្មត់ចត់របស់អត្តពលិកមកពីគ្រប់វិស័យកីឡា និងអ្នកពាក់ព័ន្ធទាំងអស់ ហើយយើងរួបរួមគ្នាដើម្បីប្រទេសឥណ្ឌូនេស៊ី។ គោលដៅរបស់យើងគឺមានតែមួយគត់គឺ ច្រៀង (ភ្លេងជាតិ) ឥណ្ឌូនេស៊ី ហើយនេះគឺជាអ្វីដែលយើងទទួលបានជោគជ័យ”។លោកក៏បានលើកឡើងពីភាពជោគជ័យរបស់ប្រទេសឥណ្ឌូនេស៊ីក្នុងប្រភេទកីឡាជាក្រុមផងដែរ ដែលរហូតមកដល់ពេលនេះប្រទេសនេះត្រូវបានគេដឹងថាមានភាពខ្លាំងក្នុងតែការប្រកួតជាលក្ខណៈឯកកត្តជនប៉ុណ្ណោះ។នៅស៊ីហ្គេមឆ្នាំ២០២៣ ឥណ្ឌូនេស៊ីឈ្នះមេដាយមាសលើវិញ្ញាសាបាល់ទាត់បុរស បាល់ទះបុរស បាល់ទះឆ្នេរខ្សាច់បុរស ហុកគី និងកីឡាគ្រីឃីតនារី។លោកបានបន្ថែមថា “អស់រយៈពេលកន្លមកមកនេះឥណ្ឌូណេស៊ីទទួលបានសមិទ្ធិផលកីឡាភាគច្រើនជាលក្ខណៈឯកកត្តជន។ប៉ុន្តែដូចដែលយើងឃើញសមិទ្ធផលស៊ីហ្គេម យើងសង្ឃឹមថាប្រភេទកីឡាជាក្រុមរបស់យើងនឹងមានភាពប្រសើរឡើងជាបណ្តើរៗ”៕ Antara/Khmer Times



Powered by Blogger.