លោកហ៊ុន​ ​ម៉ា​​​ណែ​ត​៖​រដ្ឋាភិបា​ល​គាំទ្រ​វិនិ​​យោ​គិន​វិ​ស័​យ​​​ឯកជន​ក្នុង​ការ​​បង្កើត​ឱកា​ស​​ការងារ​បន្ថែម​​ទៀត​

អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ ​នាយ​ឧត្តមសេនីយ៍​ហ៊ុន​ ​ម៉ា​ណែ​ត​មាន​ប្រសាសន៍​ថា​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​គឺ​គាំទ្រ​វិនិ​យោគិន​ឯកជន​ក្នុង​ការ​បង្កើត​ឱកាស​ការងារ​បន្ថែម​ទៀត​ ​ហើយនឹង​ការ​ធ្វើឲ្យ​ភាព​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ​ល្អ​នៅ​កម្ពុជា​។​

លោក​​​មាន​​ប្រសាសន៍​យ៉ាង​​ដូច្នេះ​ក្នុង​ឱកាស​ចូល​រួម​ពិធី​សំណេះ​សំណាល​ជាមួយ​ប្រធាន​រដ្ឋបាល​និង​ប្រធាន​ផ្នែក​នៃ​រោងចក្រ​-​សហគ្រាស​​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​នា​ថ្ងៃ​ទី​១​៤​ខែ​ឧសភា​។​លោក​​​មាន​ប្រសាសន៍ថា​៖​«​ ​រាជរដ្ឋាភិបាល​ប្រៀបបានទៅ​នឹង​មាតាបិតា​ ​ដែល​តែង​ខិតខំ​បង្ក​លក្ខណៈ​គ្រប់យ៉ាង​ ​ដើម្បី​ឱ្យ​កូន​ៗ​មានគ្រួសារ​កក់ក្តៅ​ ​និង​សុខដុម​រម​នា​ព្រម​ជាមួយនឹង​ឱកាស​ចម្រុង​ចម្រើន​ផ្នែក​ជីវភាព​»​។​លោក​​​ថា​ រដ្ឋាភិបាល​​ក្រោម​ការ​​​ដឹកនាំ​រប​ស​ស់​សម្តេច​តេជោ ​គឺ​តែង​តែ​បាន​គិតគូរ​យក​ចិត្ត​ទុក​ដាក់​ដល់​កម្មករ​-​និយោជិត​​និង​និយោជក​ទាំង​អស់​ ​តាមរយៈ​ការ​ធានា​នូវ​បរិកាស​​អំណោយផល​នៃ​សុខ​សន្តិភាព​ ​ស្ថិរភាព​ ​និង​កំណើន​សេដ្ឋកិច្ច​ ​។​លោក​​​មានប្រសាសន៍ថា​ ​រដ្ឋាភិបាល​ផ្តល់​នូវ​ការ​គាំទ្រ​លើកទឹកចិត្ត​ដល់​វិ​ស័យឯកជន​តាម​គ្រប់​លទ្ធភាព​ ​ដើម្បី​ធ្វើ​យ៉ាងណា​សម្រេច​ឱ្យ​បាន​នូវ​វឌ្ឍនភាព​កាន់តែ​ប្រសើរ​ជូន​សង្គមជាតិ​ ​និង​ការ​បង្កើត​ឱកាស​ការងារ​ល្អ​ៗ​កាន់តែ​ច្រើន​សម្រាប់​ប្រជាពលរដ្ឋ​។​ ​ដូច្នេះ​ ​សូម​វិនិ​យោគិន​បន្ត​ជឿ​ទុកចិត្ត​លើ​កម្ពុជា​ ​និង​បន្ត​ពង្រឹង​សក្តានុពល​ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ពី​បរិយាកាស​ប្រកបដោយ​ភាព​អនុគ្រោះ​សម្រាប់​ឱកាស​អាជីវកម្ម​ ​និង​ការ​វិនិយោគ​ដ៏​សម្បូរ​បែប​។​​លោក​ក៏បាន​កោតសរសើរ​ប្រធាន​រដ្ឋបាល​ ​និង​ប្រធាន​ផ្នែក​ ​នៅ​តាម​បណ្តា​រោងចក្រ​-​សហគ្រាស​ក្នុង​រាជធានី​ភ្នំពេញ​ ​ចំពោះ​ការ​ខិតខំ​បំពេញ​តួនាទី​ ​និង​ភារកិច្ច​ ​នៅ​ក្នុង​រចនា​ស​ម្ព័ន្ធ​គ្រប់គ្រង​របស់​រោងចក្រ​-​សហគ្រាស​ ​និង​ចំពោះ​ការ​រួម​ចំណែក​ក្នុង​ការធានា​បាន​នូវ​និរន្តរភាព​នៃ​ផលិតកម្ម​ ​និង​អាជីវកម្ម​របស់​រោងចក្រ​-​សហគ្រាស​ ​ព្រមទាំង​ភាព​សុខដុម​រម​នា​រវាង​កម្មករ​-​និយោជិត​ ​និង​និយោជក​ ​ក្នុងរយៈ​កាល​កន្លងមក​ ​ជាពិសេស​ការ​រួមចំណែក​ក្នុង​ការ​ថែរក្សា​លំនឹង​ស្ថិរភាព​ ​និង​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ជាតិ​ ​ក្នុង​ដំណាក់កាល​គ្រោះអាសន្ន​នៃ​វិបត្តិ​កូ​វី​ដ​-១​៩​ ​ដែល​ពិតជា​បាន​បង្ហាញ​អំពី​ជំនឿ​ទុកចិត្ត​លើ​ការ​​​ដឹកនាំ​ប្រកបដោយ​យុទ្ធសាស្ត្រ​របស់​ ​សម្តេច​តេជោ ​នាយករដ្ឋមន្ត្រី​។​លោក​​​ថា​៖​ ​«​ ​ប្រធាន​រដ្ឋបាល​ ​និង​ប្រធាន​ផ្នែក​ ​គឺជា​ជន​បង្គោល​ ​និង​ជា​ស្ពាន​ក្នុង​ការ​ផ្សារភ្ជាប់​ទៅ​នឹង​កម្មករ​-​និយោជិត​ ​ដើម្បី​ជំរុញ​ការ​អនុវត្ត​ ​និង​ផ្សព្វផ្សាយ​អំពី​គោល​នយោបាយ​ ​និង​សមិទ្ធផល​ក្នុង​វិ​ស័យ​ការងារ​ ​ដែល​រាជរដ្ឋាភិបាល​បាន​ ​និង​កំពុង​យកចិត្តទុកដាក់​ដោះស្រាយ​ជូន​កម្មករ​-​និយោជិត​ ​សំដៅ​ធានា​បាន​នូវ​ការ​លើក​ក​ម្ពស់​ផ្នែក​ជីវភាព​ សុខុមាលភាព​ ​និង​និរន្តរភាព​អាជីព​ការងារ​របស់​កម្មករ​-​និយោជិត​យើង​»​៕Khmer Times


Powered by Blogger.