ភ្លើងទៀន​បន្តកិច្ចប្រជុំស​ម្រេចចិត្តចូលរួមការបោះ​ឆ្នោតឬបោះ​បង់

 គណបក្សភ្លើងទៀននឹងបន្តកិច្ចប្រជុំគណៈកម្មាធិការនាយកនៅថ្ងៃសុក្រនេះ ដើម្បីសម្រេចចិត្តចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ឬបោះបង់ឱកាស។

ការបន្តកិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីគណបក្សប្រឆាំងមួយនេះបានសម្រេចបន្តនីតិវិធីដាក់ពាក្យសុំចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោតនៅគ.ជ.បខណៈដែលស្ថានភាពនយោបាយរបស់បក្សភ្លើងទៀនកំពុងប្រឈមនឹងបញ្ហាច្បាប់មួយចំនួន។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃសុក្រនេះ លោក គីមសួរ ភីរិទ្ធ​ អ្នកនាំពាក្យគណបក្សភ្លើងទៀន បានឲ្យដឹងថាគណៈកម្មាធិការនាយកគណបក្សភ្លើងទៀន នឹងបន្តការប្រជុំនៅថ្ងៃទី១២ឧសភានេះដើម្បីពិនិត្យស្ថានការណ៍នយោបាយពេលបច្ចុប្បន្ន។ស្ថានការណ៍នយោបាយ ដែលបក្សប្រឆាំងមួយនេះ យល់ថា មិនអំណោយផលដ្បិតគណបក្សបានប្រឈមនឹងបញ្ហាផ្លូវច្បាប់មួយចំនួន និងសកម្មជនរបស់ខ្លួនបានបោះបង់នឹងចូលរួមជាមួយគណបក្សកាន់អំណាចជាបន្តបន្ទាប់។បើតាមលោកគីមសួរភីរិទ្ធកិច្ចប្រជុំគណៈកម្មាធិការនាយកនៅថ្ងៃនេះគឺជាការសម្រចចិត្តរបស់គណបក្សភ្លើងទៀនក្នុងការរក្សាជំហរចូលរួមប្រកួតប្រជែងការបោះឆ្នោតនាខែកក្កដាខាងមុខឬក៏ត្រូវបោះបង់លទ្ធភាពចូលរួមការប្រកួតប្រជែង។មកទល់ពេលនេះ ជំហររបស់គណបក្សភ្លើងទៀន នៅមិនទាន់អាចសម្រេចចិត្តបានទេខណៈដែលការចុះឈ្មោះរបស់គណបក្សនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគឺបក្សភ្លើងទៀននៅខ្វះឯកសារចំនួន២ទៀត។ក្រៅតែពីបញ្ហាច្បាប់ដើមគណបក្សភ្លើងទៀនក៏នៅប្រឈមនឹងបញ្ជីឈ្មោះបេក្ខជនរបស់ខ្លួនផងដែរ។ ក្នុងនោះលោក រ៉ុង ឈុន ត្រូវបានលើកឡើងថា នៅស្ថិតក្រោមទោសទណ្ឌរបស់តុលាការនៅឡើយ ខណៈដែលអនុប្រធានរូបនេះ គឺជាបេក្ខជនទី១របស់គណបក្សភ្លើងទៀន នៅខេត្តកណ្តាល។ក្នុង​លិខិត​ទៅកាន់​គណបក្ស​ភ្លើងទៀន លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប បានគូសបញ្ជាក់​៣ចំណុច​ដែល​គណបក្ស​ជំទាស់នេះ​មិនទាន់​បំពេញបានទៅតាម​លក្ខណ្ឌ​ដែលបានកំណត់។ទី១ គណបក្សនេះ​នៅ​ខ្វះសេចក្តី​ចម្លង​លិខិតការ​ចុះ​បញ្ជី​គណបក្សនយោបាយ​នៅ​ក្រសួង​មហា​ផ្ទៃ ដែលមានបញ្ជាក់​ពី​នីត្រានុកូលកម្ម​ដែលមានការបញ្ជាក់ពីរដ្ឋបាល​រាជធានី ខេត្ត ស្រុក ខណ្ឌ។ ទី២ បេក្ខជន​ឈរឈ្មោះ​លេខ​រៀង​ទី១​នៅ​មណ្ឌល​ខេត្តកណ្តាលដែលមានឈ្មោះ លោក រ៉ុង ឈុន ​ធ្លាប់​ត្រូវ​បាន​តុលាការ​កាត់​ទោស និង​មិនទាន់បាន​ស្តានីតិ​សប្បទា​ឡើងវិញនូវឡើយ។ និងទី៣​នៅ​ខ្វះ​បង្កាន់​ដៃ​បង់​ប្រាក់​តម្កល់​១៥​លាន​រៀល​ដែល​ចេញ​ដោយ​អគ្គនាយក​ដ្ឋាន​រតនាគារជាតិ។បញ្ហាបេក្ខភាព លោក រ៉ុង ឈុន ត្រូវបានអ្នកនយោបាយរូបនេះ សម្តែងនូវការភ្ញាក់ផ្អើល ដោយលោកចោទជាចម្ងល់ថា ប្រសិន​បើ​លោក​មិន​ទាន់​បាន​ស្តារ​នីតិ​សម្បទា ​ឡើងវិញ ​ហេតុអ្វី​លោក​អាច​ទៅ​បោះ​ឆ្នោតបាន​នៅ​ឆ្នាំ២០២២​ និង​ហេតុអ្វី​ក្រសួង​មហាផ្ទៃ​ទទួល​ស្គាល់​លោក​ជា​អនុ​ប្រធាន​គណ​បក្ស​ភ្លើង​ទៀន​។តែយ៉ាងណាមិញ គណបក្សភ្លើងទៀនបានសម្រេចដកបេក្ខភាពលោក រ៉ុង ឈុន ចេញតាមការបង្គាប់របស់គ.ជ.ប ខណៈដែលលោក រ៉ុង ឈុន ផ្ទាល់យល់ថា ការខំតវ៉ាទាមទារ មិនមានប្រសិទ្ធភាព៕RFI

រូបភាពគណបក្សភ្លើងទៀន

Powered by Blogger.