ប្រជាជនថៃកំពុងរង់ចាំយ៉ាងអន្ទះសារចង់ឲ្យមានការបើកឡើងវិញនូវព្រំដែនទៅកាន់ប្រាសាទព្រះវិហារដែលជាប់គ្នានឹងខេត្តស៊ីសាកេតរបស់ថៃ ដើម្បីដំណើរការវិស័យទេសចរណ៍។នេះបើតាមការចុះផ្សាយរបស់បាងកកប៉ុស្តិ៍នៅថ្ងៃចន្ទនេះ។ការលើកឡើងនេះគឺបន្ទាប់ពីព្រំដែនតំបន់ប្រាសាទវិហារត្រូវបានបិទអស់រយៈពេល១៥ឆ្នាំចាប់តាំងពីកងទ័ពនៃប្រទេសទាំង២បានប៉ះទង្គិចគ្នាដោយប្រដាប់អាវុធអំឡុងឆ្នាំ២០០៨ ដែលធ្វើឲ្យច្រកទេសចរណ៍មួយនេះត្រូវបានបិទទាំងស្រុង។ប្រភពក្នុងស្រុកមួយរបស់ថៃបាននិយាយថា មានការប៉ុនប៉ងជាច្រើនពីប្រទេសថៃក្នុងការចាប់ដៃជាមួយកម្ពុជាដើម្បីបើកច្រកទេសចរណ៍ចូលទៅប្រាសាទព្រះវិហារឡើងវិញ។ឧទាហរណ៍ អភិបាលខេត្តUbonRatchathaniមួយរូបបានស្នើឱ្យកម្ពុជាអនុញ្ញាតឱ្យភ្ញៀវទេសចរចូលប្រាសាទព្រះវិហារតាមច្រកខេត្តស៊ីសាកេត។ ប៉ុន្តែសំណើនេះត្រូវបានច្រានចោលទាំងស្រុងក្រោមលេសថាមានតែសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុណ្ណោះដែលមានសិទ្ធិសម្រេច។
រូបភាពអ៊ីនធឺណិត
កាលពីឆ្នាំ២០១៣តុលាការយុត្តិធម៌អន្តរជាតិ ICJបានទាមទារឲ្យភាគីទាំង២ដកកងទ័ពដែលឈរជើងនៅមុខប្រាសាទព្រះវិហារចេញឲ្យអស់ បន្ទាប់ពីមានបណ្តឹងរបស់កម្ពុជាទៅកាន់តុលាការមួយនេះ។ទោះជាយ៉ាងណាសេចក្តីសម្រេចរបស់តុលាការ ICJ បានអនុញ្ញាតឲ្យថៃ និងកម្ពុជាដាក់ពង្រាយកម្លាំងល្បាតតាមនៅតាមព្រំដែនខាងក្រៅបាន។ទោះបីជាសេចក្តីសម្រេចរបស់ ICJ បាននិយាយថា ថៃ និងកម្ពុជាគួរតែស្វែងរកកិច្ចព្រមព្រៀងរួមគ្នាមួយដើម្បីបង្កើតតំបន់ទេសចរណ៍ជុំវិញប្រាសាទព្រះវិហារ ចាប់តាំងពីបទឈប់បាញ់ក្នុងឆ្នាំ ២០១១ក៏ដោយតែកន្លែងទេសចរណ៍ដ៏ពេញនិយមមួយនេះត្រូវបានបិទទាំងស្រុងរយៈពេល១៥ឆ្នាំមកហើយ។បើទោះបីជាបទឈប់បាញ់បានអនុវត្តរយៈពេល ១២ឆ្នាំក៏ដោយតែ កម្ពុជា និងថៃបានព្រមព្រៀងគ្នាត្រូវតែមានមន្ត្រីមកពីប្រទេសថៃ៥នាក់ និងពីកម្ពុជា ៥នាក់ ឈរជើងនៅចំណុចសម្របសម្រួលព្រំដែន ដើម្បីជួយបកប្រែ និងសម្របសម្រួលចលនារបស់ពួកគេ ជៀសវាងការយល់ច្រឡំ។បើតាមកាសែតថៃដដែលនេះ ក្រៅពីការពារព្រំដែន ទាំងទាហានថៃ និងខ្មែរនៅតំបន់នោះ បានចំណាយពេលលេងកម្សាន្តជាមួយគ្នាដូចជាលេងបាល់ទះ បាល់ផ្តៅ និងប៉េតង់។ប្រភពដដែលបន្តថា ដំណោះស្រាយដ៏មានសុទិដ្ឋិនិយមក្នុងការបន្ធូរបន្ថយជម្លោះព្រំដែនរវាងថៃនិងកម្ពុជា គឺការអនុញ្ញាតឱ្យភ្ញៀវទេសចរចូលទៅទស្សនាប្រាសាទព្រះវិហារនៅលើទឹកដីខេត្តស៊ីសាកេតនិងអនុញ្ញាតឱ្យភ្ញៀវទេសចរពីប្រទេសកម្ពុជាចូលទៅក្នុងតំបន់ Pha Mor E-Daeng ក្នុងឧទ្យានជាតិ Khao Phra Viharn ។គេរំពឹងថាលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នឹងដោះស្រាយវិវាទជុំវិញប្រាសាទព្រះវិហារដែលអាចឈានទៅដល់ការដកទ័ពជាអចិន្ត្រៃយ៍និងអនុញ្ញាតឲ្យបើកច្រកទេសចរណ៍នេះប្រកបដោយនិរន្តរភាពនាពេលអនាគត។នេះបើតាមបាងកកប៉ុស្តិ៍៕RFI
Post a Comment