លោកអៀ ចា​​ន់​​ណាអ្នកនយោ​បាយ​​បក្សប្រ​ឆាំងត្រូវបា​​ន​​​ដោះលែ​ង​នៅក្រៅឃុំ​ក្រោ​យ​ពីអន្តរា​គមន៍នា​​​​យករដ្ឋមន្រ្តី

លោកអៀ ចាន់ណាអនុប្រធានក្រុមការងារគណបក្សភ្លើងទៀន ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំតាមការអន្តរាគមន៍របស់សម្តេចនាយករដ្ឋមន្ត្រី។ការសម្រេចនេះធ្វើឡើងបន្ទាប់អ្នកនយោបាយបក្សប្រឆាំងរូបនេះបានសម្រេចចេញវីដេអូនិងសរសេរលិខិតសុំទោសសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនដោយផ្ទាល់ក្រោយពេលដែលខ្លួនបានជាប់ក្នុងពន្ធនាគារអស់ជាង១ឆ្នាំ។ភ្លាមៗក្រោយពេលដែលបានធ្វើលិខិតសុំទោសទៅកាន់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនលោកអៀចាន់ណាក៏ត្រូវបានអន្តរាគមន៍ដោយផ្ទាល់ពីសម្តេចហ៊ុនសែនដោយដាក់អ្នកនយោបាយបក្សប្រឆាំងរូបនេះឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។តាមរយៈវីដេអូនិងលិខិតដែលបង្ហោះដោយសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនគឺលោកអៀចាន់ណាបានសុំទោសចំពោះកំហុសឆ្គងដែលលោកប្រព្រឹត្តនិងបានទទួលស្គាល់ពីកំហុសទាំងនោះដោយបានស្នើឲ្យសម្តេចនាយករដ្ឋមន្ត្រីលើកលែងទោស។ តាមខ្លឹមសារ លោក អៀ ចាន់ណា បានអះអាងថាលោកនឹងគោរពទៅតាមច្បាប់របស់ម្ពុជាហើយការទទួលស្គាល់កំហុសទៀតសោតគឺលោកធ្វើឡើងទៅតាមឆន្ទៈដោយគ្មានការបង្ខិតបង្ខំ។ក្រោយរយៈពេលតែ៣ម៉ោងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្ហោះវីដេអូមួយផ្សេងទៀត ដោយបង្ហាញថាលោក អៀ ចាន់ណា អនុប្រធានក្រុមការងារគណបក្សភ្លើងទៀនបានទៅដល់ផ្ទះសម្បែងរបស់ខ្លួន។តាមខ្លឹមសារវីដេអូគឺលោក អៀ ចាន់ណាបានអរគុណចំពោះសម្តេចហ៊ុន សែនដែលអន្តរាគមន៍ឲ្យខ្លួនអាចនៅក្រៅឃុំជាបណ្តោះអាសន្ន។ជាការកត់សម្គាល់និន្នាការនៃការទទួលស្គាល់កំហុសនិងសុំការលើកលែងទោសពីសម្តេចនាយករដ្ឋមន្ត្រីបានកើតឡើងជាបន្តបន្ទាប់ពីសំណាក់អ្នកនយោបាយបក្សប្រឆាំង។ទឡ្ហីករណ៍ទាំងនោះ មានជាអាទិ៍លោក យឹម ស៊ីណន និងលោក ហ៊ុនកុសលសហការីរបស់លោកកឹមសុខាត្រូវបានលើកលែងទោសពីបទប្រមាថព្រះមហាក្សត្រក្រោយសុំសម្តេចហ៊ុន សែនឲ្យជួយអន្តរាគមន៍។ ហើយអ្នកនយោបាយទាំង២នោះក៏សម្រេចចូលរួមជាមួយគណបក្សប្រជាជនកម្ពុជានិងទទួលបានមុខតំណែងនយោបាយនៅក្រសួង ស្ថាប័នរដ្ឋទៀតផង។យ៉ាងណាមិញសម្រាប់លោក អៀ ចាន់ណា ដែលជាអនុប្រធានក្រុមការងារគណបក្សភ្លើងទៀននៅមិនទាន់មានការអះអាងថាលោកនឹងស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាចឬយ៉ាងណានៅឡើយនោះទេ។គួរជម្រាបថា លោក អៀ ចាន់ណា អនុប្រធានក្រុមការងារគណបក្សភ្លើងទៀនប្រចាំខេត្តតាកែវ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃចន្ទទី៣០ខែឧសភាឆ្នាំ២០២២ នៅចំណុចផ្សារអ៊ីអន២ក្នុងខណ្ឌសែនសុខដោយចោទប្រកាន់ពីបទ«រួមគំនិតក្បត់»ហើយត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារព្រៃសតាមដីការបង្គាប់របស់តុលាការរាជធានីភ្នំពេញ។ការចាប់ខ្លួនលោក អៀ ចាន់ណា ដែលជាតំណាងយុវជនរបស់អតីតគណបក្សសង្គ្រោះជាតិប្រចាំនៅប្រទេសណ័រវេសបានធ្វើឡើងតាមដីការបស់តុលាការកាលពីថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២០ដែលនេះជាសំណុំរឿងចាស់ពាក់ព័ន្ធទៅនឹងសកម្មភាពនយោបាយជាមួយអតីតគណបក្សសង្រ្គោះជាតិ។សម្រាប់ក្រុមអ្នកនយោបាយប្រឆាំង ការចាប់ខ្លួនលោកអៀ ចាន់ណាគ្រានោះជាចេតនាគំរាមកំហែង និងបំបាក់ស្មារតីផ្នែកនយោបាយដើម្បីទប់ស្កាត់កម្លាំងមហាជនខណៈដែលអនុប្រធានក្រុមការងារគណបក្សភ្លើងទៀនប្រចាំខេត្តតាកែវរូបនេះគឺជាអ្នកនយោបាយបានភៀសខ្លួនទៅសុំសិទ្ធិជ្រកកោននៅប្រទេសន័រវេសអស់ជាច្រើនឆ្នាំដោយហេតុផលនយោបាយ៕

លោក អៀ ចាន់ណា អនុប្រធានក្រុមការងារគណបក្សភ្លើងទៀន ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំ។ams

Powered by Blogger.