គ​.​ជ​​.​ប​៖​ហែ​ក្បួន​ឃោស​​នា​បោះ​ឆ្នោត​ជ្រើស​​តាំ​ង​តំណាងរាស្ត្រ​មា​ន​សិទ្ធិ​​ចំនួន​​៤​ដង​

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​ហៅ​កាត់​ ​គ​.​ជ​.​ប​ ​បាន​អនុញ្ញាត​ឱ្យ​គ្រប់​គណបក្ស​នយោបាយ​ដែល​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​​មាន​សិទ្ធិ​ឃោសនា​ឬ​ហែ​ក្បួន​ព្យុ​យាត្រា​យ៉ាង​ច្រើន​ចំនួន​៤​ដង​។​​ក្នុង​សេចក្ដីណែនាំ​ស្ដីពី​ ​ការ​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ និង​ការ​ធ្វើសកម្មភាព​ចែ​កខិត​ប​ណ្ណ​នៅ​ក្នុង​ផ្សារ​របស់​គណបក្ស​នយោបាយ​បាន​បញ្ជាក់​ថា​ការ​ហែ​ក្បួន​ព្យុហយាត្រា​ ​ឬ​ក្បួន​ដំណើរ​ដោយក្រុម​ថ្មើរជើង​ ​ឬ​ដោយ​យានជំនិះ​គ្រប់​ប្រភេទ​ ​ត្រូវធ្វើ​យ៉ាង​ច្រើន​ត្រឹមតែ​៤​ដង​ ​ក្នុង​ព្រំប្រទល់​ ​រាជធានី​ ​ខេត្ត​ ​ដែល​សាមី​គណបក្ស​នយោបាយ​មាន​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​។​​គ​.​ជ​.​ប​ ​បន្ថែម​ថា​ ​ចំពោះ​ការ​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ក្រៅ​មណ្ឌល​បោះឆ្នោត​ ​គឺ​មិន​ត្រូវ​បាន​អនុញ្ញាត​ឡើយ​។​ចំពោះ​គណបក្ស​នយោបាយ​ដែល​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ក្នុង​រាជធានី​ ​ខេត្ត​ ​ដែល​ខ្លួន​មាន​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ ​ហើយ​តម្រាយ​ផ្លូវ​នៃ​ក្បួន​ឃោសនា​នោះ​ត្រូវ​ឆ្លង​កាត់​រាជធានី​ ​ខេត្ត​ដទៃ​ ​ដោយសារ​ស្ថានភាព​ទីតាំង​ភូមិសាស្ត្រ​ជាក់ស្តែង​នៃ​រាជធានី​ ​ខេត្ត​នោះ​មាន​ព្រំប្រទល់​ជាប់​គ្នា​ ​ដែល​មិន​អា​ចវាង​បាន​ ​គណបក្ស​នយោបាយ​សាមី​ត្រូវ​ជូន​ដំណឹង​ជាលាយលក្ខណ៍អក្សរ​ទៅ​គណៈកម្មការ​រាជធានី​ ​ខេត្ត​រៀបចំ​ការបោះឆ្នោត​ (​គ​ធ​.​ខ​ប​) ​យ៉ាងតិច​ឱ្យ​បាន​ ​៣​ ​ថ្ងៃ​មុន​ថ្ងៃ​ហែ​ក្បួន​ឃោសនា​ ​ទោះបីជា​រាជធានី​ ​ខេត្ត​ដែល​ត្រូវ​ឆ្លងកាត់​នោះ​ ​ខ្លួន​មាន​ឬ​គ្មាន​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ក៏ដោយ​។​គ​.​ជ​.​ប​ ​បញ្ជាក់​ថា​៖​ ​«​ក្នុង​ដំណើរ​ឆ្លងកាត់​នេះ​ ​សាមី​គណបក្ស​ន​យោ​បាយ​ ​ត្រូវ​បិទ​ឧបករណ៍​បំពងសំឡេង​ ​និង​ផ្អាក​រាល់​សកម្មភាព​ឃោសនា​បោះឆ្នោត​របស់​ខ្លួន។​ ​គធ.ខប​ ​ត្រូវ​ស្នើសុំ​កិច្ច​សហការ​ ​និង​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​មានសមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងទៀត​ ​ដើម្បី​ការពារ​សន្តិសុខ​ ​សណ្ដាប់ធ្នាប់​ ​និង​របៀបរៀបរយ​ក្នុង​ពេល​ឃោសនា​បោះឆ្នោត​»​។​​ក្នុង​សេចក្ដីណែនាំ​បន្ថែម​ថា​ ​គណបក្ស​នយោបាយ​ដែល​មាន​បំណង​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ ​ត្រូវ​ផ្ដល់​ដំណឹង​ជា​ ​លាយលក្ខណ៍​អក្សរ​ទៅ​គណៈកម្មការ​រាជធានី​ ​ខេត្ត​រៀបចំ​ការបោះឆ្នោត​ ​យ៉ាងតិច​ឱ្យ​បាន​ ​៣​ ​ថ្ងៃ​ ​មុន​ថ្ងៃ​ហែ​ក្បូន​ឃោសនា​បោះឆ្នោត​។​​គ​.​ជ​.​ប​ ​បន្ត​ថា​ ​ចំពោះ​គណបក្ស​នយោបាយ​ ​ដែល​មាន​បំណង​ចែក​ខិត្ត​ប​ណ្ណ​នៅ​ក្នុង​ផ្សារ​ ​ត្រូវ​ស្នើសុំ​ទៅ​អ្នក​គ្រប់គ្រង​ផ្សារ​ ​និង​ជូនដំណឹង​ជាលាយលក្ខណ៍អក្សរ​ទៅ​គណៈកម្មការ​ឃុំ​ ​សង្កាត់​ ​រៀបចំ​ការបោះឆ្នោត​ ​យ៉ាងតិច​ឱ្យ​បាន​ ​៣​ថ្ងៃ​ ​មុន​ថ្ងៃ​ធ្វើសកម្មភាព​។​គ​.​ជ​.​ប​ ​និយាយ​ថា​ ​រាល់​ការ​ធ្វើសកម្មភាព​ក្នុង​ផ្សារ​ ​គឺ​កំណត់​ចំនួន​មនុស្ស​យ៉ាង​ច្រើន​១​០​នាក់​ប៉ុណ្ណោះ​ ​ប៉ុន្តែ​ត្រូវ​គោរព​ ​និង​រក្សា​ឱ្យ​បាន​នូវ​សន្តិសុខ​ ​សុវត្ថិភាព​ ​សណ្តាប់ធ្នាប់​ ​និង​មិន​ត្រូវ​យក​តាម​ខ្លួន​នូវ​ឧបករណ៍​បំពង​សំឡេង​ឡើយ​។​ចំពោះ​ការ​ផ្សព្វផ្សាយ​តាម​ឧបករណ៍​បំពងសំឡេង​ពាក់ព័ន្ធ​នឹង​គោល​នយោបាយ​ ​ឬ​កម្មវិធី​នយោបាយ​ ​ឬក៏​សារ​នយោបាយ​របស់​គណបក្ស​ខ្លួន​ ​គឺ​អាច​ធ្វើ​បាន​នៅ​ក្រៅ​បរិវេណ​ផ្សារ​តែប៉ុណ្ណោះ​។​ ​ក្នុង​នោះ​ ​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះឆ្នោត​ ​ត្រូវ​សម្របសម្រួល​ជាមួយ​អាជ្ញាធរ​ដែនដី​ ​អ្នក​គ្រប់គ្រង​ផ្សារ​ ​ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ធ្វើសកម្មភាព​ឃោសនា​របស់​បក្ស​នយោបាយ​ទាំងនោះ​។​កាល​ពី​ថ្ងៃចន្ទ​ ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​លោក​ ​ប្រាជ្ញ​ ​ចន្ទ​ ​បាន​ឱ្យ​ដឹង​ថា​ ​ចំពោះ​ការ​ឃោសនាបោះឆ្នោត​របស់​គណបក្ស​នយោបាយ​ ​គឺ​គណៈកម្មការ​រាជធានី​ ​ខេត្ត​រៀបចំ​ការបោះឆ្នោត​ ​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មានសមត្ថកិច្ច​ ​ដើម្បី​កំណត់​ពី​ទី​សាធារណៈ​ប្រើប្រាស់​ ​ដោយ​ត្រូវ​យក​ចិត​្តទុក​ដាក់​លើ​កត្តា​ភូមិសាស្ត្រ​ ​ប្រជាសាស្ត្រ​ ​សេដ្ឋកិច្ច​ ​សន្តិសុខ​ ​និង​សណ្តាប់ធ្នាប់​សាធារណៈ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​។​លោក​បន្ថែម​ថា​ ​គណបក្ស​នយោបាយ​ទាំងអស់​ ​ត្រូវ​ប្រមូល​យក​មក​វិញ​នូវ​ប​ណ្ណ​ប្រកាស​ ​ឬ​ប​ណ្ណ​បិទផ្សាយ​ ​បដា​ ​និង​ឯកសារ​ឃោសនា​បោះឆ្នោត​របស់​ខ្លួន​ពី​គ្រប់កន្លែង​សាធារណៈ​វិញ​ក្នុងរយៈពេល​ ​១​៥​ ​ថ្ងៃ​ ​បន្ទាប់ពី​ថ្ងៃ​បោះឆ្នោត​។​លោក​បន្ត​ថា​ ​គណបក្ស​នយោបាយ​ទាំង​អស់​ ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោយ​គោរព​ ​និង​រក្សា​ឱ្យ​បាន​នូវ​សណ្ដាប់ធ្នាប់​ល្អ​តាម​ដង​ផ្លូវ​ ​ទីប្រជុំជន​ ​ទី​សាធារណៈ​ ​និង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​គោរព​តាម​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។​លោក​ ​ប្រាជ្ញ​ ​ចន្ទ​ ​បញ្ជាក់​ថា​ ​ការ​ហែ​ក្បួន​ឃោសនា​បោះឆ្នោត​ ​សំដៅ​ដល់​ការ​ហែ​ក្បួន​ព្យុហយាត្រា​ ​ឬ​ក្បួន​ដំណើរ​ដោយក្រុម​ថ្មើរជើង​ ​ឬ​ដោយ​យានជំនិះ​គ្រប់​ប្រភេទ​ ​ដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​នយោបាយ​ ​ដែល​បាន​ចុះ​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ក្នុង​រាជធានី​ ​ខេត្ត​។​​គិត​ត្រឹម​ថ្ងៃ​ទី​១​៣​ឧសភា​ ​គ​.​ជ​.​ប​ ​បាន​ទទួល​ស្គាល់​ ​និង​ផ្ដល់​ប​ណ្ណ​សម្គាល់​ដល់​អ្នក​សារ​ព័ត៌មាន​ជាតិ​ ​និង​អន្តរជាតិ​ ​ចំនួន​ជិត​២​០​០​នាក់​ ​ដើម្បី​ចូលរួម​យក​ព័ត៌មាន​ក្នុង​ដំណើរ​ការ​បោះឆ្នោត​។គិត​ត្រឹម​ថ្ងៃចន្ទ​ ​គ​.​ជ​.​ប​ ​បាន​សម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​លើ​ការ​ចុះបញ្ជី​របស់​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ ​និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ ​ចំនួន​១​៨​ ​គណបក្ស​នយោបាយ​ ​ខណៈ​គណបក្ស​ភ្លើង​ទៀន​ ​ដែល​ជា​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ ​ត្រូវ​បាន​បដិសេធ​ដោយ​អះអាង​ថា​ ​មិន​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​របស់​ ​គ​.​ជ​.​ប​។​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ ​នីតិកាល​ទី​៧​ ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​៕​​Khmer Times

យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ។សហការី

Powered by Blogger.