ទីម័រ​ខា​ងកើត​ថ្លែងអំណរគុ​ណកម្ពុជាដែល​បានជួយ​ជ្រោមជ្រែង​ជាសមា​ជិ​កទី១១នៃគ្រួសា​រ​អា​ស៊ាន

 លោកTaur Matan Ruakនាយករដ្ឋមន្រ្តីទីម័រខាងកើតបានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះសម្តេចហ៊ុនសែនដែលបានជួយជ្រោមជ្រែងកិច្ចការងារយ៉ាងច្រើនពីដើមរៀងមកដើម្បីឱ្យសមាគមអាស៊ានទទួលយកទីម័រខាងកើត ក្លាយជាសមាជិកទី១១ជាមួយគ្រួសារអាស៊ាន។

តាមការឱ្យដឹងរបស់អ្នកយកព័ត៌មានរបស់ទូរទស្សន៍ជាតិកម្ពុជាបន្ទាប់ពីជំនួបពិភាក្សាការងារ របស់សម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Taur Matan Ruak នាយករដ្ឋមន្រ្តីទីម័រខាងកើត នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ូនបាចូសាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងខណៈសម្ដេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។លោកនាយករដ្ឋមន្ត្រីនៃប្រទេសទីម័រខាងកើតក៏បានជំម្រាបសម្តេចហ៊ុនសែនថាវត្តមានរបស់ទីម័រខាងកើតមកកាន់កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសឥណ្ឌូណេស៊ីនាពេលនេះ គឺមិនអាចកាត់ផ្ដាច់បានពីការជួយជ្រោមជ្រែងរបស់សម្ដេចហ៊ុន សែន នោះទេ។លោកនាយករដ្ឋមន្រ្តីទីម័រខាងកើតបានជម្រាបសម្តេចបន្តថា ការអញ្ជើញរបស់ទីម័រឡេស្តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឯប្រទេសឥណ្ឌូណេស៊ីនាពេលនេះ គឺជាលើកទី១ នៃប្រវត្តិសាស្ត្រដែលសម្តេចហ៊ុន សែនបានជ្រោមជ្រែង។សម្តេចហ៊ុន សែនបានបង្ហាញពីបំណងរបស់សម្តេច ចង់ឱ្យទីម័រខាងកើតចូលជាសមាជិកពេញសិទ្ធិតែម្តងនៅអាស៊ាន។ អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងទីម័រខាងកើតសម្តេចហ៊ុន សែនមានប្រសាសន៍ថាសម្តេចចង់ឱ្យទីម័រមានសន្តិសុខស្បៀង។ សម្តេចបន្តថាសម្តេចមានបំណងចង់ឱ្យអ្នកវិនិយោគរបស់ទីម័រខាងកើតមកវិនិយោគនៅក្នុងប្រទេសកម្ពុជាបង្កើតរោងចក្រកិនស្រូវនាំអង្ករចេញទៅកាន់ទីម័រដោយឡែកកន្ទក់សម្រាប់ផលិតជាចំណីសត្វ។ សម្តេចបានបញ្ជាក់បន្ថែមថាប្រសិនបើប្រទេសទីម័រឯកភាពកម្ពុជានឹងបញ្ជូនអ្នកជំនាញផ្នែកកសិកម្មទៅសិក្សាដីនៅឯប្រទេសទីម័រខាងកើត ថាតើស្ថានភាពដីនៅទីនោះអាចដាំដុះទៅលើដំណាំអ្វីបានផលច្រើន។លោកនាយករដ្ឋមន្រ្តីទីម័រខាងកើតបានទទួលយកនូវអនុសាសន៍របស់សម្ដេចហ៊ុនសែនពាក់ព័ន្ធទៅនឹងសន្តិសុខស្បៀងដើម្បីឱ្យមានការអភិវឌ្ឍវិស័យកសិកម្មដោយខ្លួនឯង និងមានសន្តិសុខស្បៀង៕AKP


Powered by Blogger.