នាយក​​រដ្ឋមន្ត្រី​៖ត្រកូ​ល​​​«​ហ៊ុន​»​​​ស្ម័គ្រ​ស្លាប់​កា​រពារ​ព្រះម​ហាក្សត្រ​

សម្តេចនាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​​បាន​អះអាង​ពីម្សិលមិញ​ថា​​ត្រកូល​របស់​សម្តេចជា​ត្រកូល​ការពារ​ព្រះមហាក្សត្រ​និង​រាជបល្ល័ង្ក​ហើយ​ប្រសិនបើ​នរណា​ចង់​ប្រមាថ​ឬ​ធ្វើបាប​ព្រះមហាក្សត្រ​ត្រូវ​ឆ្លងកាត់​ត្រកូល​ ​«​ហ៊ុន​»​ ​របស់​សម្តេចជាមុន​សិន​។​

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​នៅ​សកលវិទ្យាល័យជាតិគ្រប់គ្រង ​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៧ ខែតុលា ឆ្នាំ២០២២។សហការី

សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សកលវិទ្យាល័យ​កសិកម្ម​ចំនួន​៣​ ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ពីម្សិលមិញ​ ​បន្ទាប់ពី​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ ​នរោត្តម​ ​សី​ហ​មុនី​ ​ក្នុង​គ​ម្រប់​៧​០​ព្រះវស្សា​និង​យាង​ចូល​៧​១​ព្រះវស្សា​។​សម្តេចនាយករដ្ឋមន្ត្រី​បាន​លើកឡើង​ថា​ ​ប្រសិនបើ​នរណា​ចង់​ប្រមាថ​ឬ​ធ្វើបាប​អង្គ​ព្រះមហាក្សត្រ​គឺ​ត្រូវ​ឆ្លង​កាត់​ត្រកូល​ហ៊ុន​ជាមុន​សិន​​ពីព្រោះ​ត្រកូល​ហ៊ុន​ ​ជា​ត្រកូល​អ្នក​ការពារ​ព្រះមហាក្សត្រ​ ​និង​ជា​កម្លាំង​ដ៏​ធំ​ជាងគេ​ក្នុង​ការ​ការពារ​របប​រាជា​និយម​។​សម្តេច​និយាយ​ថា​៖​ ​«​ត្រកូល​ហ៊ុន​មិនមែន​មានតែ​ហ៊ុន​ ​សែន​ ​ម្នាក់​ទេ​ ​គឺ​នៅ​មាន​មនុស្ស​ច្រើន​ណាស់​ ​ហើយ​មនុស្ស​ទូទាំង​ប្រទេស​ដែល​គាំទ្រ​ត្រកូល​ហ៊ុន​សម្រាប់​ការ​បន្ត​ធ្វើជា​នាយក​រដ្ឋមន្ត្រី​ឬក៏​អនាគត​នាយករដ្ឋមន្ត្រី​នៅ​កម្ពុជា​»​។​សម្តេច​បញ្ជាក់​ថា​៖​​«​ត្រកូល​នេះ​មិនមែន​ជា​ត្រកូល​ក្បត់​ស្ដេច​ទេ​។​ត្រកូល​នេះ​ជា​ត្រកូល​ការពារ​ព្រះមហាក្សត្រ​ជា​ត្រកូល​ការពារ​ព្រះ​រាជបល្ល័ង្ក​ ​និង​ជា​ត្រកូល​ការពារ​រាជនិយម​ ​ហើយ​ខ្ញុំ​បាន​រួមចំណែក​ចំពោះ​ការ​នាំ​មក​វិញ​នូវ​របប​រាជនិយម​»​។​សម្តេច​បន្ត​ថា​៖​ ​«​ឥឡូវ​ [​ត្រកូល​ហ៊ុន​]ជា​កម្លាំង​តែមួយ​គត់​ដែល​ធំ​ជាងគេ​ក្នុង​ការ​ការពារ​របបរាជនិយម​​ការពារ​រាជបល្ល័ង្ក​ ​ការពារ​ព្រះមហាក្សត្រ​»​។​សម្តេចបាន​បញ្ជាក់​បន្ថែម​ថា​ ​ត្រកូល​របស់​សម្តេច ​ជា​ត្រកូល​ស្ម័គ្រ​ស្លាប់​ការពារ​ព្រះមហាក្សត្រ​ ​ដែល​ខុស​ពី​ត្រកូល​មួយ​នោះ​ជា​ត្រកូល​ក្បត់​រហូតដល់​៣​ជំនាន់​។​ ​ត្រកូល​មួយ​នោះ​បាន​ជេរប្រមាថ​ព្រះមហាក្សត្រ​ ​ហើយ​ថែមទាំង​អំពាវនាវ​ឱ្យ​ព្រះមហាក្សត្រ​ចុះចេញ​ពី​តំណែង​។​ទោះបីជា​សម្តេច​ថ្លែង​មិន​បញ្ចេញ​ឈ្មោះ​។ប៉ុន្តែ​ការ​លើកឡើង​នេះ​ទំនងជា​សំដៅ​ដល់​លោក​ ​សម​ ​រ​ង្ស៊ី ​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស​។​លោក​ ​សុខ​ ​ឥ​សាន្ត​ ​អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​ការ​ការពារ​ព្រះមហាក្សត្រ​ គឺ​ការពារ​រដ្ឋធម្មនុញ្ញ​ ​ការពារ​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​និង​ការពារ​សន្តិភាព​ឱ្យ​ន​យ​បាន​គង់វង្ស​យូរអង្វែង​ ​។​លោក​ ​សេក​ ​សុជាតិ​ ​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​និង​ការ​ស្រាវជ្រាវ​ ​បាន​លើក​ឡើង​ថា​ការ​លើក​ឡើង​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​អំពី​ការ​ការពារ​ព្រះមហាក្សត្រ​និង​រាជបល្ល័ង្ក​ជា​បន្ត​បន្ទាប់​​គឺ​ស្រប​នឹង​ការ​សន្យា​របស់​លោក​ជាមួយនឹង​អតីត​ព្រះមហាក្សត្រ​ ​នរោត្តម​ ​សី​ហ​នុមុន​ពេល​ដែល​ព្រះអង្គ​យាង​សោយ​ទីវ​ង្គ​ត​។​លោក​និយាយ​ថា​ថ្នាក់​ដឹកនាំ​ស្ថាប័នជាតិ​ទាំងអស់​ដែល​ស្ថិត​ក្រោម​ព្រះមហាក្សត្រ​គឺ​សុទ្ធតែ​អ្នក​ស្មោះស្ម័គ្រ​និង​មាន​តួនាទី​ការពារ​ព្រះមហាក្សត្រ​និង​ព្រះ​រាជបល្ល័ង្ក​ ​ដែល​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រកម្ពុជា​។​លោក​កត់​សម្គាល់​ឃើញ​ថា​៖​ ​«​បច្ចុប្បន្ន​មាន​ជាច្រើន​គោរព​និង​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ។ប៉ុន្តែ​ក៏មាន​អ្នក​នយោបាយ​ផ្សេង​ទៀត​បាន​វាយប្រហារ​មក​លើ​អង្គ​ព្រះមហាក្សត្រ​»​។​លោក​បាន​រំលឹក​ពី​ប្រវត្តិសាស្ត្រ​ថា​៖​​«​រាប់​ចាប់​តាំង​ពី​អ​តី​កាល​រហូត​មក​ ​អង្គ​ព្រះមហាក្សត្រ​ជា​អ្នក​គ្រប់​គ្រង់​និង​ដឹកនាំ​ប្រទេសជាតិ​ ​ទោះបីជា​ធ្លាប់​មាន​រដ្ឋប្រហា​រ​ទម្លាក់​ព្រះមហាក្សត្រ​ចន្លោះ​ឆ្នាំ​១​៩​៧​០​-​ឆ្នាំ​១​៩​៧​៥​ក៏ដោយ។ក៏​ប៉ុន្តែ​របប​រាជា​និយម​បាន​កប់​ជ្រៅ​ទៅ​ក្នុង​ផ្នត់គំនិត​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​មកដល់​បច្ចុប្បន្ននេះ​»​។​​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ព្រះរាជាណាចក្រកម្ពុជា​បាន​ចែង​ថា​ ​ព្រះមហាក្សត្រ​កម្ពុជា​ទ្រង់​គ្រងរាជសម្បត្តិ​ ។​ប៉ុន្តែ​ទ្រង់​មិន​កាន់​អំណាច​ឡើយ​។​ព្រះអង្គ​ជា​ប្រមុខរដ្ឋ​អស់​មួយ​ជីវិត​ ​ហើយ​អង្គ​ព្រះមហាក្សត្រ​មិន​អាច​មាន​នរណា​រំលោភ​បំពាន​បាន​ឡើយ​។​រដ្ឋធម្មនុញ្ញ​បន្ត​ថា​ ​ព្រះមហាក្សត្រ​ទ្រង់​មាន​តួនាទី​ធានា​ឯករាជ្យជាតិ​ ​អធិបតេយ្យ​ ​បូរណភាពទឹកដី​ ​ការគោរព​សិទ្ធិ​ ​និង​សេរីភាព​របស់​ ​ប្រជាពលរដ្ឋ​ ​និង​ការគោរព​សន្ធិសញ្ញា​អន្តរជាតិ​។​ព្រះមហាក្សត្រ​ជា​អាជ្ញាកណ្តាល​ ​ដើម្បី​ធានា​ការ​ប្រព្រឹត្ត​ទៅ​នៃ​អំណាចសាធារណៈ​ឱ្យ​មាន​ភាព​ទៀងទាត់​។​​រដ្ឋធម្មនុញ្ញ​បន្ថែម​ថា​ ​ព្រះមហាក្សត្រ​មាន​តួនាទី​តែងតាំង​នាយក​រដ្ឋមន្ត្រី​និង​គណៈរដ្ឋមន្ត្រី​តាមបែបបទ​ដែល​មាន​ចែង​ក្នុ​មាត្រា​១​០​០​។​ ​ព្រះមហាក្សត្រ​មាន​តួនាទី​ឡាយ​ព្រះ​ហ​ស្ថ​លេខា​លើ​ព្រះរាជក្រឹត្យ​តែងតាំង​ ​ផ្លាស់ប្តូរ​​ឬ​បញ្ចប់​ភារកិច្ច​មន្ត្រី​ជាន់ខ្ពស់​ ​ស៊ីវិល​ ​និង​យោធា​ ​ឯកអគ្គរាជទូត​ ​និង​ប្រេសិតវិសាមញ្ញ​និង​ពេញ្ញ​សមត្ថភាព​តាម​សេចក្តី​ស្នើ​របស់​គណៈរដ្ឋ​ម​ន្រ្តី​។​​រដ្ឋធម្មនុញ្ញ​ចែង​ទៀត​ថា​ ​ព្រះមហាក្សត្រ​មាន​តួនាទី​ឡាយ​ព្រះ​ហ​ស្ថ​លេខា​លើ​ព្រះរាជក្រឹត្យ​តែងតាំង​ ​ផ្លាស់ប្តូរ​ ​ឬ​ដក​ហូត​ចៅក្រម​ផ្នែក​ ​យុត្តាធិការ​ ​តាម​សេចក្តី​ស្នើ​របស់​ឧត្តមក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​។​ ​ព្រះមហាក្សត្រ​មាន​តួនាទី​ប្រកាស​ដាក់​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​និង​ប្រកាស​ស​ង្រ្គា​ម​។​​រដ្ឋធម្មនុញ្ញ​ចែង​ទៀត​ថា​ ​ព្រះមហាក្សត្រ​ជា​មេបញ្ជាការ​កំពូល​នៃ​កងយោធពលខេមរភូមិន្ទ​។​ ​ព្រះមហាក្សត្រ​មាន​តួនាទី​ឡាយ​ព្រះ​ហ​ស្ថ​លេខា​លើ​ព្រះរាជក្រម​ប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​ ​ច្បាប់​ដែល​រដ្ឋសភា​បាន​អនុម័ត​ ​និង​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វគ្រប់​ហើយ៕Khmer Times


Powered by Blogger.