មេដឹកនាំ​​​អា​ស៊ា​​ន​បង្ហាញក្តី​​បារម្ភនឹ​ង​​​​​អំពើ​​ហិង្សា​​​នៅភូមា​ថ្កោល​​ទោ​ស​ការ​វា​យប្រហា​រ​​​លើ​​ក្បួន​ដឹ​ក​ជំ​នួយ​​ម​នុស្សធ​ម៌

សមាគមប្រជាជាតិ​​នៅអាស៊ីអាគ្នេយ៍ហៅកាត់​ថា​អាស៊ានកំពុង​បើក​ជំនួប​កំពូល​លើក​ទី៤២​នៅ​​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី រហូត​​ដល់​ថ្ងៃព្រហស្បតិ៍​ស្អែក។ នៅថ្ងៃពុធ​ទី១០ ឧសភា​២០២៣​នេះ ក្រុមមេដឹកនាំ​អាស៊ាន បានបង្ហាញ​ជំហរ​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង​នឹង​អំពើ​ហិង្សា​និង​បាន​ប្រកាស​ថ្កោលទោស​ការ​វាយប្រហារ​លើ​ក្បួន​ដឹក​ជំនួយ​មនុស្សធម៌ កាលពី​ពេល​ថ្មីៗ​ នៅ​ក្នុង​ប្រទេស​ភូមា។ ក្នុង​សុន្ទរកថា​បើក​ជំនួប​កំពូល ​លោកប្រធានាធិបតី​ឥណ្ឌូណេស៊ី ដែល​ជា​ប្រធាន​ផ្លាស់​វេន​សមាគម​​នាពេល​នេះ បាន​អំពាវនាវ​ឱ្យ​ អាស៊ាន​ត្រូវ​តែ​រួប​រួម​គ្នា​ជា​ធ្លុង​មួយដើម្បី​ជំនះ​គ្រប់​ឧបសគ្គ និង​ដើម្បី​ដើរ​តួនាទី​ស្នូល​ក្នុង​ស្វែង​រក​សន្តិភាព​និង​កំណើន​សេដ្ឋកិច្ច។​ ក្នុង​ន័យ​នេះមេដឹកនាំ​អាស៊ាន បាន​ជំរុញ​ឱ្យ​ភូមា​បិទ​បញ្ចប់​រាល់​គ្រប់​ទម្រង់​នៃ​អំពើ​ហិង្សា ហើយ​ប្រមូល​កម្លាំង​ប៉ូលិស​ធ្វើ​យ៉ាង​ណា​ធានា​ឱ្យ​មាន​ការ​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ជន​ស៊ីវិលនិង​បង្កើត​បរិយាកាស​ចរចា​បង្រួបបង្រួម​ជាតិ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​ធ្វើ​ឡើង​​ក្រោយ​បើក​ជំនួប​កំពូល​បាន​បន្តិច។ទោះ​​បាន​សាក​ល្បង​ដោះស្រាយ​វិបត្តិ​ភូមា​តាម​ផ្លូវការទូត ដោយ​គ្មាន​លទ្ធផល​ ដោយ​របប​សឹក​ភូមា បន្ត​ធ្វើ​មិន​ដឹង​មិន​ឮ​ការ​ថ្កោលទោស​របស់​អន្តរជាតិនិងបន្ត​​បដិសេធ​មិន​និយាយ​រក​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា​ ក៏​ដោយ​ ក៏​អាស៊ាន​នៅ​ព្យាយាម​​ដាក់​សម្ពាធ​លើ​ភូមា​ដដែល នៅ​ចំពោះ​មុខ​អំពើ​ហិង្សា​ជា​បន្ត​បន្ទាប់។​ ក្រោយ​​ការ​វាយប្រហារ​ផ្លូវអាកាស​នៅភាគកណ្តាល​នៃប្រទេស​បង្ក​ឱ្យ​បាត់បង់ជីវិត​មនុស្ស​អស់​យ៉ាង​ហោច​១៧០នាក់ មាន​ការ​វាយប្រហារ​លើ​ក្បួន​ដឹក​ជំនួយមនុស្សធម៌​អន្តរជាតិ​ទៀត​ នៅភាគ​ខាងកើត​ប្រទេស​ កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ។នៅក្នុង​ក្បួន​ដឹក​ជំនួយ​មនុស្សធម៌ មាន​តំណាងស្ថានទូត​ឥណ្ឌូណេស៊ី​២​រូប​ សិង្ហបុរី​២រូប តែ​ជា​សំណាង​ការ​បាញ់​រះ​នេះ​មិន​បង្ក​ឱ្យ​មាន​ជន​រងគ្រោះ។អាស៊ាន​សូម​ថ្កោលទោស​ការវាយប្រហារ​នេះ ហើយ​អ្នក​បង្ក​ហេតុ​ត្រូវ​បំភ្លឺ​នូវ​ទង្វើ​របស់​ខ្លួន។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​អាស៊ានដដែល។ភូមា​នៅ​តែមាន​ឈ្មោះ​ជា​សមាជិក​អាស៊ាន។ប៉ុន្តែ​គ្មាន​មុខ​ចូល​រួម​ក្នុង​ជំនួប​ប្រជុំ​​ជាន់​ខ្ពស់​ និង​ជំនួប​កំពូល​លើក​នេះ​ទេ​ តាំងពី​ភូមា​មិន​ព្រម​អនុវត្ត​តាម​ផែនការ​សន្តិភាព​៥​ចំណុច​ស្នើ​ឡើង​ដោយ​អាស៊ាន​មក។ ភាព​ជា​ប្រធាន​អាស៊ាន​របស់​​​ឥណ្ឌូណេស៊ី ដែល​ជា​មហា​អំណាច​សេដ្ឋកិច្ច​ក្នុង​តំបន់និង​មាន​បទ​ពិសោធ​នយោបាយ​ខ្ពស់​ កំពុង​បំផុស​ក្តី​សង្ឃឹម​ជុំ​វិញ​វិបត្តិ​ភូមា។ បើ​តាម​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូណេស៊ី ហ្សាកាតាលួច​និយាយ​ជាមួយ​គ្រប់​ភាគី​ភូមា តាម​​ផ្លូវ​ទូតដោយ​សម្ងាត់​។ ប៉ុន្តែ​បើ​តាម​ការ​អះអាងរបស់​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​ អាស៊ាន​ទំនង​ត្រូវ​ប្រឈម​នឹង​ជម្រើ​ដ៏​លំបាក​មួយ​ ហើយ​អាច​នឹង​បរាជ័យ​ទៀត ព្រោះ​មាន​គំនិត​ផ្តួមផ្តើម​ជា​ឯកតោភាគី​របស់ចិន​និង​របស់​ប្រទេស​ផ្សេង​ទៀត ដែល​លុប​លើ​គម្រោង​​អាស៊ាន។ ដូច្នេះ​ លទ្ធផល​នៃ​ជំនួប​កំពូល​លើក​នេះ​ ទំនង​ជា​ស្តួចស្តើង​ណាស់ ទាក់ទង​នឹង​វិបត្តិ​ភូមា​នេះ៕RFI

នៅក្នុងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូល។(រូបថត៖សហការី)

Powered by Blogger.