ជោគជតារាសី សម្រាប់ថ្ងៃពុធ ទី០៣ ខែឧសភា ឆ្នាំ២០២៣

ជោគជតារាសី សម្រាប់ថ្ងៃពុធ ១៤កើត​ ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី0៣​ ខែឧសភា ឆ្នាំ២០២៣ ដែលមានដូចតទៅ ៖

ឆ្នាំជូត៖ (ធាតុទឹក ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំជូត ល្អបង្គួរ។ លោកអ្នកនឹងទទួលបានឱកាសថ្មី ទាំងការរកស៊ី និងការងារ ប៉ុន្តែទន្ទឹមគ្នានោះក៏មានអ្នកតាមផ្ចាញ់ ដោយសារតែភាពច្រណែនឈ្នានីសផងដែរ។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពចុះសម្រុង​មិនមានជាបញ្ហាចោទឡើយ ។ 

ឆ្នាំឆ្លូវ៖(ធាតុដី ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ថ្ងៃនេះ ឡើងខ្ពស់ត្រដែត ។ មិនថាតែអស់លោកអ្នកជាពាណិជ្ជករ​ ឬបុគ្គលិក មន្ត្រីរាជការឡើយ ថ្ងៃនេះនឹងទទួលបានលាភសក្ការពីលទ្ធផលការងារ ក៏ដូចជាមុខរបរ ។ តែដាច់ខាតថ្ងៃនេះ ហាមដើរឆ្ងាយ និងរឹងទទឹងជាមួយក្រុមគ្រួសារ ប្ដី ប្រពន្ធ ជាដើម​ បើពុំដូច្នោះទេ នឹងមានជម្លោះកើតឡើងមិនខាន។ 

ឆ្នាំខាល៖ (ធាតុឈើ ពង្សយក្សស្រី) អស់លោកអ្នកដែលកើតឆ្នាំខាល ថ្ងៃនេះរាសីឡើងខ្ពស់ត្រដែត។ ភាពស្មុគស្មាញ និងឧបសគ្គទាំងប៉ុន្មាន​​ នឹងរលាយបាត់អស់ជាដំណាក់កាល ទៅតាមរបៀបនៃការដោះស្រាយរបស់អ្នក។ លោកអ្នកនឹងមានឥទ្ធិពលខ្លាំងទៅលើមនុស្សជុំវិញខ្លួន តាមរយៈការណែនាំ និងជ្រោមជ្រែងពីសំណាក់អ្នកមានអំណាចណាម្នាក់។ ចំពោះរឿងគ្រួសារ និង ស្នេហា មានតែភាពផ្អែមល្ហែម ចុះសម្រុងគ្នា និងយល់ចិត្តគ្នាទៅវិញទៅមក ។

ឆ្នាំថោះ៖ (ធាតុឈើ ពង្សមនុស្សស្រី) អស់លោកអ្នកដែលកើតឆ្នាំថោះ ថ្ងៃនេះធ្លាក់ចុះ​។ លោកអ្នកនឹងត្រូវចៅហ្វាយនាយស្ដីបន្ទោស ហើយបើជាអ្នករកស៊ីវិញ នឹងប្រឈមមុខនឹងការខាតបង់ដើមទុន ខាតបង់ឱកាសសម្រាប់ពង្រីកមុខជំនួញសម្រាប់ពេលអនាគត ។ ហាមដាច់ខាតជឿអ្នកដទៃ ជាជាងជឿលើបងប្អូនសាច់ញាតិខ្លួនឯង ប្រយ័ត្នអន្តរាយខ្លួន។

ឆ្នាំរោង៖ (ធាតុមាស ពង្សទេវតាប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំរោង ថ្ងៃនេះមធ្យម។ រាល់កិច្ចការងារប្រចាំថ្ងៃ មិនថាទាំងអ្នកធ្វើការជាបុគ្គលិក មន្ត្រីរាជការ គឺអាចសម្រេចទៅដោយរលូនមិនមានបញ្ហាចោទឡើយ គ្រាន់តែថ្ងៃនេះហាមដាច់ខាតបណ្ដាក់ទុន និងកក់លុយ ជាដើម។ រាល់ទំនាក់ទំនងស្នេហា និងក្នុងគ្រួសារ មិនមានភាពរកាំរកូសណាមួយឡើយ។

ឆ្នាំម្សាញ់៖ (ធាតុភ្លើង ពង្សមនុស្សប្រុស) រាសីរបស់អស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ធ្លាក់ចុះ។​ លោកអ្នកនឹងជួបរឿងស្មុគស្មាញច្រើននៅក្នុងកិច្ចការប្រចាំថ្ងៃ ជាពិសេសសម្រាប់អ្នករកស៊ី នឹងមានហានិភ័យខ្លាំងក្នុងការចាញ់បោ​កគេ។ គប្បីចេះប្រយ័ត្នខ្លួន កុំជឿផ្ដេសផ្ដាសទៅលើពាក្យសម្ដីអ្នកដទៃ សូម្បីតែសាញ់ញាតិសាច់ឆ្ងាយ។ ចំពោះរឿងគ្រួសារ និងស្នេហា មានភាពរកាំរកូស មើលមុខគ្នាមិនចំ។ ដូច្នេះចូរមានចិត្តខន្តីគ្នាឱ្យបានខ្ពស់។

ឆ្នាំមមី៖ (ធាតុភ្លើង ពង្សទេវតាស្រី) អស់លោកអ្នកដែលកើតក្នុងឆ្នាំមមី ថ្ងៃនេះរាសី ឡើងខ្ពស់។ លោកអ្នកនឹងទទួលបានឱកាសការងារថ្មី ឬតំណែងថ្មី ហើយប្រសិនបើជាអ្នករកស៊ី ជំនួញជួញដូរ តូចធំ ក៏នឹងមានឱកាសពង្រីកដើមទុន ឈានទៅចាប់ជំនួញថ្មី ដែលជាជំនួញទីពីរ ឬទីបីរបស់អ្នក ។ ចំពោះរឿងគ្រួសារ និងស្នេហា មានតែភាពផ្អែមល្ហែម ដូចទឹកអង្គបំពង់ខ្ចី ។

ឆ្នាំមមែ៖ (ធាតុមាស ពង្សទេវតាស្រី) ថ្ងៃនេះលោកអ្នកដែលកើតឆ្នាំ មមែ រាសី ធ្លាក់ចុះ ។ ការងារជាច្រើន ដែលអ្នកបានបំពេញរួចមកហើយនោះ នឹងត្រូវបានចៅហ្វាយនាយស្ដីបន្ទោស ព្រោះតែបំពេញមិនបានល្អ ។ ចំពោះរឿងគ្រួសារ និងស្នេហា អាចនឹងមានភាពរកាំរកូសតិចតួច តែអាចស្ងប់ទៅវិញប្រសិនបើចេះអត់ឱនឱ្យគ្នាទៅវិញទៅមក ។

ឆ្នាំវក៖ (ធាតុដែក ពង្សយក្សប្រុស) លោកអ្នកដែលកើតឆ្នាំ វក រាសី ធ្លាក់ចុះ ។ លោកអ្នកអាចនឹងមានមនុស្សមិនល្អ តាមជិះជាន់ ឬព្យាយាមព្យាបាទ ជាដើម ។ សម្រាប់បុគ្គលិក មន្ត្រីរាជការ​ អាចនឹងមានអ្នកតាមផ្ចាញ់ ដោយសារធ្លាប់មានគំនុំគំកួន ដូច្នេះគប្បីធ្វើឥរិយាបថឱ្យល្អ ​តមមាត់ក ពាក្យសម្ដី នោះស្ថានការអាចនឹងមកល្អវិញក៏ថាបាន ។ សម្រាប់បញ្ហាគ្រួសារ និងស្នេហា អាចនឹងមានភាពរកាំរកូសបន្តិចបន្តួច ។

ឆ្នាំរកា៖ (ធាតុដែក ពង្សយក្សប្រុស)អស់លោកអ្នកដែលកើតឆ្នាំរកា ថ្ងៃនេះរាសី ឡើងខ្ពស់ត្រដែត ។ រាល់ការសម្រេចចិត្តណាមួយរបស់អ្នកសុទ្ធតែអាចនាំទៅរកភាពរុងរឿងនៅថ្ងៃអនាគត ដូច្នេះសូមកុំស្ទាក់ស្ទើរ​ក្នុងការអនុវត្ត ។ សម្រាប់រឿងគ្រួសារ ឬស្នេហា មានតែភាពផ្អែមល្ហែម និងស្នាមញញឹមជានិច្ច ។

ឆ្នាំច៖ (ធាតុដី ពង្សយក្សស្រី) លោកអ្នកដែលកើតឆ្នាំ ច ថ្ងៃនេះរាសីស្ថិតនៅ ធម្យម ។ រាល់កិច្ចការងារទាំងឡាយ ទាំងពួង នឹងសម្រេចទៅដោយរលូន​ គ្រាន់តែហាមដាច់ខាតដើរឆ្ងាយ ឬយប់ជ្រៅ ។ ចំពោះរឿងគ្រួសារ និងស្នេហា​មិនមានជាបញ្ហាចោទឡើយ ។

ឆ្នាំកុរ៖ (ធាតុទឹក ពង្សមនុស្សស្រី) រាសីរបស់លោកអ្នកដែលកើតឆ្នាំ កុរ ថ្ងៃនេះ ឡើងខ្ពស់ ។ លោកអ្នកនឹងទទួលបានដំណឹងល្អពីសាច់ញាតិដែលបានបែកគ្នាជាយូរឆ្នាំមកហើយនោះ ។ លោកអ្នកអាចចាប់ផ្ដើមសម្រេចក្ដីស្រមៃបាន ដោយមានជំនួយពីអ្នកមានទំនាក់ទំនងជិតស្និទ្ធ ដូចជាចៅហ្វាយនាយ សាច់ញាតិ ឬមិត្តភក្ដិជាដើម។ សម្រាប់គ្រួសារ និងស្នេហា មិនមានបញ្ហារកាំរកូសអ្វីឡើយ ផ្ទុយទៅវិញ​មានតែភាពសប្បាយរីក និងផ្អែមល្ហែមដូចទឹកអង្គបំពង់ខ្ចី៕

Powered by Blogger.