កម្ពុ​ជា​បាញ់​កាំជ្រួច​ប្រារព្ធ​ព្រះរា​ជ​ពិធី​បុណ្យ​ចម្រើ​ន​ព្រះជន្ម​ព្រះក​រុណាព្រះ​មហាក្សត្រ

កាំជ្រួច​ត្រូវ​បាន​បាញ់​ឡើង​លើ​ផ្ទៃ​មេឃ​លើ​ទន្លេ​សាប​មុខ​ព្រះបរមរាជវាំង​ប្រហែល២០នាទី​​​កាលពី​យប់​ថ្ងៃ​អាទិត្យ​ដើម្បី​ប្រារព្ធ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​គម្រប់៧០ព្រះវស្សា​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី។សារអបអរសាទររបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងក្រសួងរបស់រដ្ឋាភិបាលត្រូវបានផ្សព្វផ្សាយតាមកញ្ចក់ទូរទស្សន៍ និងវិទ្យុ កាសែត និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត។សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានថ្វាយសារ​ជូនពរព្រះករុណា ព្រះមហាក្សត្រថា  សូមក្រាបបង្គំថ្វាយព្រះរាជសព្ទសាធុការពរជ័យ សិរីបវរមហាប្រសើរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះបារមីព្រះមហាស្វេតច្ឆ័ត្រ និងវត្ថុស័ក្តិសទិ្ធក្នុងលោក ប្រោសប្រទានពរជ័យ សិរីមង្គលថ្វាយ ព្រះករុណាជាអម្ចាស់ សូមមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះកាយពលមាំមួន និងព្រះរាជសុខភាពល្អបរិបូរណ៍ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្តខ្មែរគ្រប់ៗរូប។ដូចឆ្នាំមុនៗដែរព្រះមហាក្សត្រមិនបានរៀបចំពិធីបុណ្យដ៏អធិកអធមក្នុងថ្ងៃខួបកំណើតរបស់ព្រះអង្គទេ។ប៉ុន្តែទ្រង់បានយាងចូលរួមក្នុងពិធីព្រះពុទ្ធសាសនាដែលធ្វើឡើងនៅព្រះបរមរាជវាំង។ព្រះបាទនរោត្តម សីហមុនី ប្រសូតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ ហើយព្រះអង្គបានឡើងគ្រងរាជ្យនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ បន្ទាប់ពីព្រះបិតារបស់ព្រះអង្គ ព្រះបាទនរោត្តម សីហនុ ដាក់រាជ្យដោយហេតុផលសុខភាព៕ Xinhua/Khmer Times

រូបថត KT៖ Fabien Mouret/Khmer Times


Powered by Blogger.