កងទ័​​ពជើងទឹក​ចិ​ននិងសិង្ហបុរីធ្វើសម​យុទ្ធរួមគ្នា(S​C​MP,AP)

កងទ័ពជើងទឹកនៃប្រទេសចិននិងសិង្ហបុរីបានបញ្ជូននាវាពិឃាតនិងអ្នកបោសសម្អាតមីនដើម្បីចូលរួមក្នុងសមយុទ្ធរួមគ្នាបន្ទាប់ពីបានផ្អាកអស់រយៈពេល២ឆ្នាំដោយសារCovid-19។សមយុទ្ធរបស់កងទ័ពជើងទឹកចិននិងសិង្ហបុរីបានធ្វើឡើងចាប់ពីថ្ងៃទី២៨ ខែមេសាដល់ថ្ងៃទី១ឧសភា។ប៉ុន្តែភាគីទាំង២មិនបានប្រកាសពីទីតាំងជាក់លាក់នោះទេ។នេះ​ជា​លើក​ដំបូង​ហើយ​ដែល​កង​ទ័ព​ជើង​ទឹក​ចិននិង​សិង្ហបុរី​បាន​ធ្វើ​សម​យុទ្ធ​រួម​តាំង​ពី​ឆ្នាំ២០២១​មក។កងទ័ពជើងទឹកចិនបានបញ្ជូននាវាចម្បាំងYulin និងអ្នកបោសសម្អាតមីនChich Bich ទៅចូលរួមក្នុងសមយុទ្ធ ខណៈសិង្ហបុរីបានបញ្ជូននាវាចម្បាំង RSS Intrepid និងអ្នកបោសសម្អាតមីន RSS Punggol ។បន្ទាប់ពីការធ្វើសមយុទ្ធ នាវាចម្បាំងចិននឹងចូលរួមក្នុងពិព័រណ៍ការពារជាតិនិងសន្តិសុខដែនសមុទ្រអាស៊ី (IMDEX) នៅប្រទេសសិង្ហបុរី នៅថ្ងៃទី៣-៥ខែឧសភា។ក្រសួងការពារជាតិសិង្ហបុរីបាននិយាយថា សមយុទ្ធជាមួយប្រទេសចិន"បានសង្កត់ធ្ងន់លើទំនាក់ទំនងការពារជាតិទ្វេភាគីដ៏កក់ក្តៅនិងមិត្តភាពរវាងប្រទេសទាំង២" ក៏ដូចជាពង្រឹងទំនុកចិត្ត និងទំនាក់ទំនងរវាងយោធានៃប្រទេសទាំង២។ទីភ្នាក់ងារនេះក៏បាននិយាយថាសិង្ហបុរីតែងតែធ្វើសមយុទ្ធទ្វេភាគីនិងពហុភាគីជាមួយកងទ័ពជើងទឹក "ក្នុងកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីបង្កើនទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃទៀត"។ការផ្លាស់ប្តូរផ្នែកយោធានិងសមយុទ្ធរួមគ្នារបស់កងទ័ពចិនត្រូវបានរឹតបន្តឹងយ៉ាងខ្លាំងក្នុងអំឡុងពេលជំងឺរាតត្បាតCovid-19 ។ បន្ទាប់ពីប្រទេសចិនបានលុបចោលការរឹតបន្តឹងដើម្បីការពារCovid-19 យោធារបស់ប្រទេសនេះបានបន្តការផ្លាស់ប្តូរយោធាឡើងវិញយ៉ាងឆាប់រហ័ស។ប្រទេសចិនបានធ្វើសមយុទ្ធរួមគ្នាជាមួយរុស្ស៊ី ប៉ាគីស្ថាន អ៊ីរ៉ង់ និងអាហ្រ្វិកខាងត្បូងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដូចជាការបញ្ជូនទាហានទៅប្រតិបត្តិការមួយចំនួននៅក្នុងប្រទេសអូទ្រីសនិងប្រទេសថៃ។យោធាចិន និងកម្ពុជាបានធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៣ រួមគ្នាពីថ្ងៃទី២០ខែមីនា ដល់ថ្ងៃទី៨ ខែមេសាដោយផ្តោតលើ"ការហ្វឹកហ្វឺនដើម្បីធានាសន្តិសុខរួមគ្នា សម្រាប់ព្រឹត្តិការណ៍សំខាន់ៗការផ្លាស់ប្តូរមនុស្សធម៌និងវប្បធម៌"។កងទ័ពជើងទឹកនៃប្រទេសចិននិងសិង្ហបុរីបានធ្វើសមយុទ្ធនេះ បន្ទាប់ពីសហរដ្ឋអាមេរិកនិងហ្វីលីពីនបានបញ្ចប់សមយុទ្ធដ៏ធំបំផុតរបស់ពួកគេក្នុងរយៈពេលជាច្រើនទសវត្សរ៍ដោយមានទាហានជិត១៨,០០០ នាក់ចូលរួម។ហ្វីលីពីន​ទើប​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ដើម្បី​អនុញ្ញាត​ឱ្យ​ទាហាន​អាមេរិក​ចូល​ទៅ​កាន់​មូលដ្ឋាន​យោធា​ចំនួន​៤ទៀត​ក្នុង​ប្រទេស។ប្រទេសចិនបានរិះគន់ចំណាត់ការនេះ"ដើម្បីបង្កើនភាពតានតឹងផ្នែកយោធានិងបង្កគ្រោះថ្នាក់ដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់"៕

នាវាចម្បាំងចិនធ្វើសមយុទ្ធនៅជិតទីក្រុង Fuzhou ខេត្ត Fujian ថ្ងៃទី៨ខែមេសា។ រូបថត៖Reuters

Powered by Blogger.