រុ​ស្ស៊ី​បើក​​​ដំណើរការ​ប្រព័ន្ធ​​ការ​ពារ​ដែនអា​​កា​ស​​នៅ​គ្រីមៀ(​​Reuters,​TA​SS,Avi​a)

មេដឹកនាំរដ្ឋាភិបាលគ្រីមៀលោក Sergey Aksyonov បាននិយាយថា ការការពារដែនអាកាសត្រូវបានធ្វើឱ្យសកម្ម។ប៉ុន្តែមិនបានបញ្ជាក់ពីគោលដៅរបស់កងកម្លាំងនោះទេ។លោកAksyonovប្រមុខរដ្ឋាភិបាលនៅឧបទ្វីបគ្រីមៀបាននិយាយថា"កងកម្លាំងការពារដែនអាកាសបាននិងកំពុងប្រតិបត្តិការលើឧបទ្វីបគ្រីមៀមិនមានអ្នកស្លាប់ឬការខូចខាតទេ។ខ្ញុំស្នើឱ្យអ្នកគ្រប់គ្នារក្សាភាពស្ងប់ស្ងាត់" ។លោក​មិន​បាន​និយាយ​ថា​តើ​គោលដៅ​របស់​កងកម្លាំង​ការពារ​អាកាស​គឺ​អ្វី​ទេ ហើយ​លោក​ក៏​មិន​បាន​បញ្ជាក់​ពី​ទីតាំង​នៃ​ប្រតិបត្តិការ​យោធា​នោះ​ដែរ។ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ក្នុង​តំបន់​បាន​និយាយ​ថាវត្ថុ​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​លើ​មេឃ​លើ​តំបន់​គ្រីមៀ​នៅ​ព្រឹក​ថ្ងៃ​ទី២២ មេសា។ ភ្លាមៗនោះ កម្លាំងការពារដែនអាកាស បានសម្រេចចិត្តបាញ់ទម្លាក់ ហើយវត្ថុនោះត្រូវបានបំផ្លាញបន្ទាប់ពីការបាញ់បង្ហោះគ្រាប់មីស៊ីលចំនួន២លើក។ប្រជាពលរដ្ឋ​នៅ​សហគមន៍​ក្បែរ​នោះ​បាន​រាយការណ៍​ថា​បាន​ឮ​សំឡេង​ខ្លាំង។អ្នកជំនាញយោធានិងអាជ្ញាធរកំពុងស៊ើបអង្កេតដើម្បីកំណត់ពីប្រភពដើមនៃវត្ថុក៏ដូចជាគោលដៅនៃការវាយប្រហារ។រុស្ស៊ីបានចោទប្រកាន់យោធាអ៊ុយក្រែនម្តងហើយម្តងទៀតថាបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដើម្បីវាយប្រហារហេដ្ឋារចនាសម្ព័ន្ធនៅលើឧបទ្វីបគ្រីមៀ។ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនាបាន​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​រង​របួសនិង​ខូច​ខាត​អគារ​ជា​ច្រើន​ខ្នង។មន្ត្រីគ្រីមៀបាននិយាយថាការវាយឆ្មក់នេះគឺសំដៅទៅលើជនស៊ីវិល ដោយសារតែតំបន់នោះមិនមានកន្លែងយោធា។ជាមួយគ្នានេះ អគ្គនាយកដ្ឋានការពារជាតិអ៊ុយក្រែនបាននិយាយថាការផ្ទុះនេះបានបំផ្លាញ នាវាចម្បាំង Kalibr-NK របស់រុស្ស៊ី ដែលកំពុងដឹកជញ្ជូនទៅកាន់សមុទ្រខ្មៅ តាមផ្លូវដែក។ប៉ុន្តែមិនបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។កាលពីថ្ងៃទី២២ខែមីនារុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថាបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដែនសមុទ្រដើម្បីវាយប្រហារកំពង់ផែ Sevastopol។ប៉ុន្តែការវាយប្រហារនេះត្រូវបានបញ្ឈប់ដោយកងនាវាចរសមុទ្រខ្មៅ។កាលពីថ្ងៃទី២៩ខែមីនារុស្ស៊ីបានអះអាងថាបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកពីលើទីក្រុងSimperopolដែលជាទីក្រុងស្ថិតនៅកណ្តាលគ្រីមៀហើយបានចោទប្រកាន់អ៊ុយក្រែនថាជាអ្នកនៅពីក្រោយការវាយប្រហារនេះ។រុស្ស៊ីបានបញ្ចូលឧបទ្វីបគ្រីមៀបន្ទាប់ពីការធ្វើប្រជាមតិក្នុងឆ្នាំ ២០១៤។ ទីក្រុងម៉ូស្គូនិយាយថាលទ្ធផលប្រជាមតិបង្ហាញថាប្រជាជន គ្រីមៀភាគច្រើនចង់ជាផ្នែកមួយនៃប្រទេសរុស្ស៊ី។ប៉ុន្តែអ៊ុយក្រែន និងបណ្តាប្រទេសលោកខាងលិចចាត់ទុកទង្វើនេះគឺខុសច្បាប់។វិមានក្រឹមឡាំងបានទាមទារឱ្យអ៊ុយក្រែនទទួលស្គាល់អធិបតេយ្យភាពរបស់រុស្ស៊ីលើតំបន់គ្រីមៀនិងតំបន់ផ្សេងទៀតដែលទីក្រុងមូស្គូបញ្ចូលជាលក្ខខណ្ឌនៃសន្តិភាព។ ក្រុងគៀវ​បាន​និយាយ​ថាខ្លួន​នឹង​មិន​ចរចា​សន្តិភាព​ទេ លុះត្រា​តែ​រុស្ស៊ី​ចាកចេញ​ពី​ទឹកដី​ទាំងអស់​ដែល​ខ្លួន​គ្រប់គ្រង​ក្នុង​អ៊ុយក្រែន រួម​ទាំង​តំបន់​គ្រីមៀ៕

ប្រព័ន្ធការពារដែនអាកាសS-400ត្រូវបានរុស្ស៊ីដាក់ពង្រាយទៅកាន់ឧបទ្វីប គ្រីមៀក្នុងឆ្នាំ២០១៨។ រូបថត៖ RIA Novosti

Powered by Blogger.