ប្រេស៊ីលគាំទ្រជំហររបស់ចិនលើសន្តិភាពអ៊ុយក្រែន(Reuters,AFP,NY Times)
ប្រធានាធិបតីប្រេស៊ីលLuiz Inacio Lula da Silvaបានគាំទ្រគោលជំហររបស់ចិនដែលថាការសន្ទនានិងការចរចាគឺជាមធ្យោបាយ"តែមួយគត់ដែលអាចធ្វើទៅបាន"ដើម្បីសម្រេចបានសន្តិភាពនៅអ៊ុយក្រែន។"ប្រេស៊ីលទទួលយកជាវិជ្ជមាននូវសំណើសន្តិភាពអ៊ុយក្រែនរបស់ចិន។សំណើនេះបង្ហាញពីការគិតយ៉ាងម៉ឺងម៉ាត់ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីដើម្បីចេញពីវិបត្តិ" ។នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីកិច្ចប្រជុំរវាងប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva និងចិនប្រធានាធិបតី Xi Jinping នៅទីក្រុងប៉េកាំង ថ្ងៃទី១៤ខែមេសា។សេចក្តីថ្លែងការណ៍រួមបានបន្ថែមថា "មេដឹកនាំទាំង២ក៏បានព្រមព្រៀងគ្នាថាការសន្ទនានិងការចរចាគឺជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់វិបត្តិ។ប្រទេសចិនស្វាគមន៍ការខិតខំប្រឹងប្រែងរបស់ប្រេស៊ីលឆ្ពោះទៅរកសន្តិភាព"ដោយបានអំពាវនាវឱ្យប្រទេសផ្សេងទៀតដើរតួ"ក្នុងន័យស្ថាបនា"នៅក្នុងដំណោះស្រាយនយោបាយរបស់អ៊ុយក្រែន។ រុស្ស៊ីនិងអ៊ុយក្រែនមិនបានធ្វើការចរចាសន្តិភាពណាមួយក្នុងរយៈពេល១២ខែកន្លងមកនេះ។ ភាគីទាំង២ក៏បានបញ្ជាក់ថាមិនចាប់អារម្មណ៍នឹងបទឈប់បាញ់នោះទេ។ប្រទេសចិនកាលពីខែកុម្ភៈបានចេញផ្សាយសំណើសន្តិភាពចំនួន ១២ចំណុចដោយអំពាវនាវឱ្យទីក្រុងម៉ូស្គូនិងទីក្រុងគៀវបន្តការចរចាឡើងវិញនិងប្រឆាំងនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរនិងការដាក់ទណ្ឌកម្មឯកតោភាគី។រុស្ស៊ីគាំទ្រសំណើនេះខណៈលោកខាងលិចរិះគន់។ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងប៉េកាំង មុនពេលចាកចេញទៅកាន់ប្រទេសអារ៉ាប់រួមនៅថ្ងៃនេះ លោក Lula បាននិយាយថាលោកខាងលិចចាំបាច់ត្រូវ"ចាប់ផ្តើមនិយាយអំពីសន្តិភាព" នៅក្នុងវិបត្តិអ៊ុយក្រែន។ប្រធានាធិបតីប្រេស៊ីលបាននិយាយថា"តាមវិធីនោះ សហគមន៍អន្តរជាតិអាចបញ្ចុះបញ្ចូលប្រធានាធិបតីរុស្ស៊ីVladimir Putin និងមេដឹកនាំអ៊ុយក្រែនVolodymyrZelenskyថាសន្តិភាពគឺជាផលប្រយោជន៍របស់ពិភពលោកទាំងមូល" ។ប្រទេសចិននិងប្រេស៊ីលបានបដិសេធមិនចូលរួមជាមួយទណ្ឌកម្មដែលដាក់ដោយលោកខាងលិចលើរុស្ស៊ីជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ ប្រទេសប្រេស៊ីលបានបង្ហាញពីបំណងប្រាថ្នារបស់ខ្លួនម្តងហើយម្តងទៀតដើម្បីក្លាយជាអ្នកសម្របសម្រួលក្នុងជម្លោះ។Lulaបានថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន។ប៉ុន្តែក៏បានចង្អុលបង្ហាញថាប្រធានាធិបតី Zelenskyy និង NATO បានធ្វើកំហុសដែលនាំឱ្យមានអរិភាព។រដ្ឋបាលរបស់លោកបានបដិសេធមិនផ្តល់អាវុធដល់អ៊ុយក្រែនដើម្បីរក្សាអព្យាក្រឹតភាពរបស់ខ្លួន។ប្រធានាធិបតី Lula បានស្នើកាលពីដើមខែនេះថាអ៊ុយក្រែនអាចធ្វើសម្បទានដល់រុស្ស៊ីលើបញ្ហាឧបទ្វីបគ្រីមៀដើម្បីបញ្ចប់ជម្លោះ។ប៉ុន្តែក្រុងកៀវបានបដិសេធ។ មេដឹកនាំប្រេស៊ីលក៏បានស្នើគំនិតបង្កើតប្រទេសមួយក្រុមដើម្បីសម្រុះសម្រួលក្នុងជម្លោះរុស្ស៊ី-អ៊ុយក្រែន។នៅពេលសួរអំពីវឌ្ឍនភាពនៃគំនិតផ្តួចផ្តើមបន្ទាប់ពីការសន្ទនាជាមួយលោកXiលោកLulaមិនបានផ្តល់ព័ត៌មានលម្អិតទេ។មេដឹកនាំប្រេស៊ីលបានសង្កត់ធ្ងន់ថា"វាជារឿងសំខាន់ក្នុងការនិយាយដោយអត់ធ្មត់ជាមួយPutinនិងZelensky។ ប៉ុន្តែសំខាន់ជាងនេះទៅទៀត វាចាំបាច់ក្នុងការបញ្ចុះបញ្ចូលប្រទេសដែលផ្គត់ផ្គង់អាវុធនិងលើកទឹកចិត្តឱ្យបញ្ឈប់សង្គ្រាម"៕
ប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva (ឆ្វេង) ជួបជាមួយប្រធានាធិបតីចិន Xi Jinping នៅទីក្រុងប៉េកាំង ថ្ងៃទី១៤ខែមេសា។ រូបថត៖ AFP
Post a Comment