លោកMacronស្នើឱ្យលោកXiជំរុញឱ្យមានកិច្ចចរចាសន្តិភាពអ៊ុយក្រែន(AFP,Reuters)
ប្រធានាធិបតីបារាំងលោកMacronបានសរសើរតួនាទីរបស់ចិនក្នុងជម្លោះអ៊ុយក្រែន ដោយនិយាយថាលោក Xi អាចត្រូវបានពឹងផ្អែកលើការជំរុញកិច្ចចរចាសន្តិភាព។ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រាប់លោក Xi Jinping ប្រធានាធិបតីចិនក្នុងអំឡុងកិច្ចប្រជុំនៅមហាសាលប្រជាជន"ខ្ញុំដឹងថាខ្ញុំអាចពឹងផ្អែកលើអ្នកក្នុងការបញ្ចុះបញ្ចូលរុស្ស៊ីនិងនាំអ្នករាល់គ្នាត្រឡប់ទៅតុចរចាវិញ" ។ទន្ទឹមនឹងនោះលោក Xi បានសរសើរទំនាក់ទំនងជិតស្និទ្ធរវាងចិន និងបារាំងដែលរក្សាបាននូវសន្ទុះវិជ្ជមាននិងស្ថិរភាព។លោកក៏បាននិយាយផងដែរថាភាគីទាំង២មានសមត្ថភាពនិងទំនួលខុសត្រូវក្នុងការជម្នះលើ“ភាពខុសគ្នា” “ដែនកំណត់”ក្នុងបរិបទដែលពិភពលោកបានឆ្លងកាត់“ការផ្លាស់ប្តូរប្រវត្តិសាស្ត្រយ៉ាងស៊ីជម្រៅ”។បន្ទាប់ពីកិច្ចប្រជុំ លោក Xi និងលោក Macron បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយបញ្ជាក់សារជាថ្មីនូវការអំពាវនាវឱ្យមានកិច្ចចរចាសន្តិភាពរវាងទីក្រុងគៀវនិងទីក្រុងម៉ូស្គូ"ប្រព្រឹត្តទៅឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន"។មេដឹកនាំទាំង២នឹងពិភាក្សាជាមួយប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen ដែលបានអមដំណើរប្រធានាធិបតីបារាំងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន។ប្រធានាធិបតីបារាំងនឹងចូលរួមពិធីអាហារពេលល្ងាចថ្នាក់រដ្ឋដែលរៀបចំដោយលោក Xi នៅល្ងាចនេះ។លោក Macron កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃទៅកាន់ប្រទេសចិន។ថ្លែងនៅឯគេហដ្ឋានរបស់ឯកអគ្គរដ្ឋទូតបារាំងក្នុងប្រទេសចិនបន្ទាប់ពីបានមកដល់ទីក្រុងប៉េកាំងកាលពីថ្ងៃទី៥ខែមេសាលោកបានសង្កត់ធ្ងន់ថាអឺរ៉ុបមិនត្រូវ"បំបែក"ពីប្រទេសចិនខាងសេដ្ឋកិច្ចឡើយហើយបានសន្យាថាបារាំងនឹងរក្សាទំនាក់ទំនងពាណិជ្ជកម្មជាមួយចិនយ៉ាងសកម្ម។ប្រធានាធិបតីបារាំងបាននិយាយថាលោកចង់"ក្លាយជាសំឡេងនៃសាមគ្គីភាពអឺរ៉ុប" លើអ៊ុយក្រែនហើយថាការធ្វើដំណើរទៅកាន់ប្រទេសចិនជាមួយ von der Leyen "គូសបញ្ជាក់ភាពជាប់លាប់នៃវិធីសាស្រ្តនេះ" ។ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang នៅព្រឹកថ្ងៃទី៦ខែមេសា ប្រធានាធិបតីបារាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសន្ទនារវាងចិននិងបារាំង “ក្នុងគ្រាដ៏លំបាកទាំងនេះ”។ លោកស្រី von der Leyen បានប្រាប់នាយករដ្ឋមន្ត្រីចិនថាទំនាក់ទំនងរវាងសហភាពអឺរ៉ុប (EU) និងចិនបានក្លាយទៅជា"ស្មុគស្មាញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ"។លោកស្រីបាននិយាយថា"វាជារឿងសំខាន់ដែលយើងមកជាមួយគ្នានៅថ្ងៃនេះ ដើម្បីពិភាក្សាគ្រប់ទិដ្ឋភាពនៃទំនាក់ទំនង។ជាពិសេសនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយដែលប្រែប្រួលនាពេលបច្ចុប្បន្ន"។ប្រទេសចិនកាលពីខែមុនបានបង្ហាញផែនការសន្តិភាពចំនួន១២ដែលអំពាវនាវឱ្យភាគីទាំងអស់គាំទ្ររុស្ស៊ីនិងអ៊ុយក្រែនឱ្យបន្តការសន្ទនាដើម្បីដោះស្រាយវិបត្តិ។ឯកសារនេះប្រឆាំងនឹងការប្រើប្រាស់ និងការគំរាមកំហែងនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរដោយសង្កត់ធ្ងន់លើតម្រូវការដើម្បីការពារប្រជាជនស្លូតត្រង់។ចិនក៏ប្រឆាំងនឹងទណ្ឌកម្មឯកតោភាគីដែលមិនបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។រុស្ស៊ីស្វាគមន៍ផែនការសន្តិភាពរបស់ចិន។ប៉ុន្តែបាននិយាយថាស្ថានភាពបច្ចុប្បន្នមិនសមស្របក្នុងការអនុវត្តវាទេ។ទន្ទឹមនឹងនេះ ប្រធានាធិបតីអ៊ុយក្រែនបានបង្ហាញពីបំណងចង់មានការសន្ទនាផ្ទាល់ជាមួយលោកប្រធានាធិបតី Xi Jinping៕
ប្រធានាធិបតីបារាំងEmmanuel Macron (ឆ្វេង) និងប្រធានាធិបតីចិន Xi Jinping នៅឯមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃទី៦ខែមេសា។ រូបថត៖ Reuters
Post a Comment