នាយករដ្ឋមន្ត្រីហ៊ុន សែនស្នើJCAជំរុញអ្នកវិនិយោគជប៉ុនមកកម្ពុជាបន្ថែមទៀត
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែនបានស្នើឱ្យសមាគមជប៉ុន-កម្ពុជា (Japan-Cambodia Association-JCA) ជួយជំរុញអ្នកវិនិយោគជប៉ុនកាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជា និងជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ប្រទេសជប៉ុន។សម្តេចហ៊ុន សែន បានលើកឡើងដូចនេះ ក្នុងពេលទទួលជួបសម្ដែងការគួរសមពីលោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃពុធ នេះបើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់នាយករដ្ឋមន្ត្រីកម្ពុជា។សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាកម្ពុជាមានច្បាប់វិនិយោគថ្មី ដែលផ្តល់លក្ខខណ្ឌអំណោយផលសម្រាប់ការវិនិយោគក្នុងប្រទេស។សម្តេចក៏បានជម្រាបជូនភ្ញៀវអំពីផែនការរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនប្រមាណ១,៥លាននាក់មកពីគ្រួសារក្រីក្រនិងងាយរងគ្រោះ ហើយបានស្វែងរកជំនួយបន្តរបស់ JCA ដល់ការអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា។លោក Fumiaki បានជម្រាបប្រាប់សម្តេចនាយករដ្ឋមន្ត្រីអំពីសកម្មភាពបច្ចុប្បន្នរបស់ JCA ដោយមានប្រសាសន៍ថាខ្លួនកំពុងរៀបចំវេទិកាផ្សព្វផ្សាយសក្តានុពលវិនិយោគរបស់កម្ពុជាក្នុងចំណោមប្រជាជនជប៉ុន និងសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលស្វែងរកឱកាសវិនិយោគនៅបរទេស និងការលើកកម្ពស់ធនធានមនុស្ស ការអភិវឌ្ឍន៍លើវិស័យគ្រឿងសំអាង ជួសជុលរថយន្ត និងបដិសណ្ឋារកិច្ច។លោកប្រធាន JCA បន្ថែមថា សមាគមជប៉ុន-កម្ពុជា ក៏បាននិងកំពុងធ្វើការលើការប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ជប៉ុនជាមួយនឹងការគ្រោងបាញ់កាំជ្រួចនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ និងការជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារជប៉ុន៕AKP/Khmer Times
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក តាកាហាស៊ី ហ៊្វូមីអាគី (TakahashiFumiaki)ប្រធានJCAនិងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។
Post a Comment