បណ្តឹងទា​ស់សា​លក្រម​​លោកកឹ​ម សុខាកកស្ទះនៅ​សាលាដំបូង

មកដល់ពេលនេះសាលាដំបូងរាជធានីភ្នំពេញបានទទួលនូវពាក្យប្តឹងជំទាស់របស់លោកកឹមសុខាទៅនឹងសាលក្រមដែលតុលាការជាន់ទាបសម្រេចឲ្យអ្នកនយោបាយបក្សប្រឆាំងជាប់ឃុំ២៧ឆ្នាំ។នេះបើតាមការបញ្ជាក់របស់លោកអ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។តាមការបញ្ជាក់ គឺសាលាដំបូងភ្នំពេញបាននិងកំពុងពិនិត្យពីបណ្តឹងជំទាស់សាលក្រមរបស់លោកកឹម សុខាមុននឹងរុញឡើងទៅសាលាឧទ្ធរណ៍ដើម្បីបន្តនីតិវិធី។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃសុក្រនេះលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានអះអាងថាសាលាដំបូងរាជធានីភ្នំពេញ បានទទួលនូវពាក្យបណ្តឹងជំទាស់របស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិទៅនឹងសេចក្តីសម្រេចសាលក្រមរបស់ចៅក្រមសាលាដំបូងកាលពីថ្ងៃទី៣មីនាដែលតម្រូវឲ្យមេដឹកនាំអតីតបក្សប្រឆាំងជាប់ឃុំចំនួន២៧ឆ្នាំពីបទក្បត់ជាតិ។បើតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញគឺតុលាការបានត្រៀមនឹងបញ្ជូនពាក្យជំទាស់នឹងកាន់សាលាឧទ្ធរណ៍ នៅពេលដែលពិនិត្យរួចរាល់។លោក អាង ឧត្តម មេធាវីការពារក្តីរបស់លោក កឹម សុខា បញ្ជាក់ថា លោក កឹម សុខា បានដាក់ពាក្យប្តឹងជំទាស់ទៅនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញតាំងពីថ្ងៃទី៣០មីនាក្រោយពេលដែលអយ្យការបានអនុញ្ញាតឲ្យលោកបានជួបក្រុមមេធាវី។ លោក អាង ឧត្តម បញ្ជាក់បន្ថែមថា ការប្តឹងជំទាស់ទៅនឹងសាលក្រមនោះ គឺលោក កឹម សុខា បានដាក់ពាក្យប្តឹងជំទាស់ទាំងស្រុងទៅនឹងសេចក្តីសម្រេច ដែលឲ្យលោកជាប់ឃុំចំនួន២៧ឆ្នាំនៅក្នុងបទល្មើសឃុបឃិតជាមួយរដ្ឋបរទេសចង់ផ្តួលរំលំរដ្ឋាភិបាល។គួរកត់សម្គាល់ថាសាលក្រមរបស់សាលាដំបូងរាជធានីភ្នពេញបានប្រកាសតាំងពីថ្ងៃទី៣មីនាគឺមានពេល១ខែសម្រាប់ឲ្យលោក កឹម សុខា អាចប្តឹងជំទាស់នៅឯសាលាឧទ្ធរណ៍។ យ៉ាងណាមិញ សំណុំរឿងនេះ នៅមិនទាន់ឈានទៅដល់សាលាឧទ្ធរណ៍នៅឡើយ គិតមកដល់ថ្ងៃសុក្រទី០៧មេសានេះ។ តែយ៉ាងនេះក្តី លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានអះអាងការប្តឹងជំទាស់នៅសាលាឧទ្ធរណ៍អាចធ្វើទៅបានដោយមិនមានភាពយឺតយ៉ាវឡើយ។គួរជម្រាបថា សាលាដំបូងរាជធានីភ្នំពេញបានចេញសាលក្រម ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ សម្រេចផ្តន្ទាទោស លោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ដាក់ពន្ធនាគាររយៈពេល២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស។ សិទ្ធបោះឆ្នោត សិទ្ធឈរឈ្មោះបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយ ត្រូវដកជាស្ថាពរ។ សាលាក្រមដដែលនេះ បានតម្រូវឲ្យ លោក កឹម សុខា នៅតែក្នុងបរិវេណផ្ទះរបស់លោក មិនត្រូវជួបបុគ្គលណាម្នាក់ ដោយផ្ទាល់ ឬប្រយោល ក្រៅពីសមាជិកគ្រួសារ​ លើកលែងតែមានការអនុញ្ញាតដោយព្រះរាជអាជ្ញា៕RFI

លោកកឹម សុខាប្រធានអតីតគណបក្សសង្រ្គោះជាតិ។(AFP)


Powered by Blogger.