ក្រុម​ការ​ងារ​ផ្សព្វផ្សា​យស៊ីហ្គេមនិងអា​ស៊ា​នប៉ារ៉ាហ្គេមផ្នែកច​​ល័ត​ក្នុងព្រឹត្តិការ​​ណ៍អង្គរសង្រ្កាន្តត្រៀម​ខ្លួន​ស្វាគមន៍មហា​ជនរួចរាល់ហើ​​យ

 សៀមរាប៖នៅរសៀលថ្ងៃទី១២ខែមេសាឆ្នាំ២០២៣នេះក្រុមការងារផ្សព្វផ្សាយស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ផ្នែកចល័ត ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៣ បានត្រៀមខ្លួនរួចរាល់ហើយដើម្បីបង្ហាញផ្ទាំងទស្សនិយភាព ទទួលភ្ញៀវជាតិនិងអន្តរជាតិក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃនៅទីរួមខេត្តសៀមរាប។

បើតាមឯកឧត្តមបណ្ឌិត តុប នេត ប្រធានក្រុមការងារផ្សព្វផ្សាយស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ផ្នែកចល័ត បានបញ្ជាក់អំពីការត្រៀមខ្លួនរបស់ក្រុមការងារថា៖«សម្រាប់ក្រុមការងាររបស់យើងទាំងអស់មាន ៥៥នាក់បូកទាំងប្អូនៗយុវជន ស្ម័ក្រចិត្ត នៅក្នុងខេត្ត ២០នាក់ទៀត។ ចំពោះសកម្មភាពការងាររបស់យើងគឺមានទី១. ផ្សព្វផ្សាយតាមរថយន្តតន្រ្តីនៅមុខធនាគារកាណាឌីយ៉ាទី២. មានបណ្ដែតប្រទីប នៅស្ទឹងសៀមរាប ទី៣.ផ្សព្វផ្សាយតាមម៉ូតូ ចំនួន ១៥គ្រឿង ជាក្បួន ដោយមានតម្រាយផ្លូវជាក់លាក់ បង្ហាញជូនមហាជន ទី៤. មាន ផ្សព្វផ្សាយតាមរថយន្ត LED តាមរយៈការចាក់វីដេអូ ដោយ ១ថ្ងៃ ផ្សព្វផ្សាយ ៣ទីតាំង ហើយ មានរយៈពេល ៣ថ្ងៃ ជាប់ៗគ្នា»។ឯកឧត្តមបណ្ឌិត តុប នេត បន្តថា ជារួមគោលបំណង នៃការរៀបចំការងារផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះ គឺការរួមចំណែកមួយជួយញាំងឱ្យព្រឹត្តិការណ៍អង្គរសង្រ្កាន្ត កាន់តែអធិកអធម ពិសេសគឺផ្សព្វផ្សាយឲ្យភ្ញៀវជាតិ និងអន្តរជាតិ បានមកទស្សនាខេត្តសៀមរាប បានដឹងថា ក្រៅពីព្រឹត្តិការណ៍អង្គរសង្រ្កាន្ត កម្ពុជាយើងនៅមានព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅខែឧសភា ខាង មុខ។ ហើយក្រៅពីការប្រកួតកីឡា គឺយើងមានសម្បត្តិវប្បធម៌ កេរដំណែលប្រពៃណី សម្រាប់ស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ»។ឯកឧត្តមបណ្ឌិតបានបន្តទៀតថា៖«យើងចង់យកឱកាសនេះ ផ្សព្វផ្សាយដល់បងប្អូនកម្ពុជា មិនថានៅខេត្តសៀមរាប ឬនៅខេត្តដទៃទៀត សូមអញ្ជើញមកទស្សនាខេត្តសៀមរាបផងចូលរួមព្រឹត្តិការណ៍អង្គរសង្រ្កាន្តផង យើងមានព្រឹត្តិការណ៍ច្រើន ក្រៅពីកម្មវិធីបែបប្រពៃណី យើងមានកម្មវិធីច្រើនសំបូរបែប ទាំងនៅមាត់ស្ទឹងសៀមរាបផង នៅតំបន់ Pub Street ផង និងនៅតំបន់ប្រាសាទអង្គរផង»។សូមបញ្ជាក់ថា ព្រឹត្តការណ៍អង្គរសង្រ្កាន្ត នឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ទី១៦ខែមេសាដើម្បីចូលរួមសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងរម្លឹកពីមរតកបេតិកភណ្ឌអរូបីខ្មែរ នៅលើទីតាំង នៃមរតកបេតិកភណ្ឌរូបី។ ម្យ៉ាងក៏ជាការចូលរួមអភិរក្ស អភិវឌ្ឍន៍ វប្បធម៌ជាតិ លើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ និងផ្ដល់ឱកាសឱ្យយុវជនភ្ញៀវទេសចរបានស្វែងយល់អំពីភាពរុងរឿងនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនាផងដែរ។ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំទី១០ នេះ សហភាព សហព័ន្ធយុវជនកម្ពុជា រៀបចំឱ្យមានកម្មវិធីកម្សាន្ត និងទស្សនីយភាព ផ្សារភ្ជាប់វប្បធម៌ ប្រពៃណីខ្មែរជាង ៤០កម្មវិធី ដូចជា ៖ កម្មវិធីភូមិខ្ញុំ ប្រណាំងរទេះគោ ក្របី ធ្នូបុរាណខ្មែរ វិចិត្រករឯក ភូមិអាហារនៃក្ដីស្រឡាញ់ សួនញញឹមអង្គរ របាំបុរាណ ប្រពៃណី និងប្រជាប្រិយ គុនល្បុក្កតោ គោម បណ្ដែតទឹក ប្រកួតអុកចត្រង្គ ភូមិបេតិកភណ្ឌវប្បធម៌ ពិព័រណ៍ពាណិជ្ជកម្ម ល្បែងប្រជាប្រិយ តន្រ្តីសួស្ដីឆ្នាំថ្មី និងកម្មវិធីតាំងបង្ហាញផលិតផល ស.ស.យ.ក. ។ជាមួយគ្នានេះដែរ ក៏មានកម្មវិធីថ្មីៗមួយចំនួនទៀត ដូចជា ៖ ពិព័រណ៍វត្ថុយក្ស សមាធិ សួនមុនីហទ័យ កម្មវិធីផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ពិព័រណ៍សង្រ្កាន្ត សួនកុមារ ផ្សារស្ទឹងសៀមរាប អុំទូកម្សាន្ត ការប្រគុំតន្រ្តីបណ្ដែតទឹកនិងការប្រគុំតន្រ្តីនៅ៤ទីតាំងផ្សេងទៀត។ កម្មវិធីទាំងនេះ មាននៅមុខប្រាសាទអង្គរវត្ត លានជល់ដំរី អង្គរឃ្យុងយូ សួនច្បារមុខព្រះរាជដំណាក់ ដងស្ទឹងសៀមរាប និងតំបន់ ផាប់ស្ទ្រីត ជាដើម៕




















Powered by Blogger.