លោ​កខៀ​វ​កា​​ ​ញារី​ទ្ធមា​នប្រសាស​​​ន៍ថាអ្នក​សារព័ត៌មានគឺ​ជា​ផ្នែកដ៏​​សំខា​ន់​ផ្សព្វផ្សា​យ​ព្រឹត្តិកា​រ​ណ៍​កីឡាផ្ទុះឡើងដើម្បីបង្ហា​ញពី​មោទន​ភា​ពរ​ប​ស់កម្ពុជា

​លោកខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាអនុប្រធានគណៈកម្មាធិការ​ជាតិ CAMSOC-CAMAPGOC បានមានប្រសាសន៍ថា «អ្នកសារព័ត៌មានទាំងអស់គឺជាផ្នែកដ៏សំខាន់ក្នុងការជំរុញការ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍កីឡាផ្ទុះឡើងដើម្បីបង្ហាញពីមោទនភាពរបស់កម្ពុជាទាំងមូល ហើយជំរុញឱ្យមានស្មារតីរួមគ្នាក្នុងសហគមន៍​ប្រជាជាតិអាស៊ានតែមួយឱ្យបានល្អបំផុត»។

នេះជាការប្រសាសន៍របស់លោករដ្ឋមន្ត្រីនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយ ការបើកឱ្យដំណើរការមជ្ឈមណ្ឌល​ព័ត៌មានកណ្តាល (Main Press Center) នៃពហុកីឡដ្ឋាន ជាតិមរតក តេជោ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ សម្រាប់បម្រើ​ដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ លោកខៀវ កាញារីទ្ធ មានប្រសាសន៍ទៀតថា ការរៀបចំព្រឹត្តិការណ៍កីឡា ទោះបីជាល្អ យ៉ាងណាក្តី ប្រសិនបើមិនមាន​ការចូលរួម​ផ្សព្វផ្សាយរបស់ប្រព័ន្ធសារព័ត៌មានទេនោះនឹងបាត់បង់៥០% ហើយ។ ដូច្នេះអ្នកសារព័ត៌មានទាំងអស់ជាផ្នែកដ៏សំខាន់ក្នុងការជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡានេះផ្ទុះឡើង។លោកអនុប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានសង្កត់ធ្ងន់ថាប្រព័ន្ធផ្សព្វផ្សាយត្រូវបាន​ចាត់ទុកជាផ្នែក​ដ៏សំខាន់ដើម្បីជំរុញឱ្យព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ជាប្រវត្តិសាស្ត្រដំបូងរបស់​កម្ពុជាទទួលបាន​ជោគជ័យ។ «កម្ពុជាធ្លាប់ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ ធំៗជាច្រើនមកហើយ ។ប៉ុន្តែព្រឹត្តិការណ៍កីឡាស៊ីហ្គេម គឺត្រូវបានរៀបចំជាលើកដំបូង ដោយមាន កម្មវិធីប្រកួតច្រើនកន្លែងក្នុងពេលតែមួយដោយមានរហូតដល់៥រាជធានីខេត្ត។ វាអាចមានការលំបាក ក្នុងការពង្រាយ​កម្លាំងមនុស្ស និងសម្ភារជាដើម ប៉ុន្តែពេលនេះ យើងទទួលបាន កិច្ចសហការ ពីស្ថានីយទូរទស្សន៍មួយចំនួនទៀតដែលយើងបាន​បែងចែកការងារគ្នាធ្វើ ដូច្នេះខ្ញុំសង្ឃឹមថាយើងនឹងអាចគ្រប់គ្រងការងារ»។លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងទៀតថា «បើទោះបីជា ការទទួលរៀប ចំធ្វើម្ចាស់ ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ជាលើកដំបូងក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំក្តី។ប៉ុន្តែការ រៀបចំនេះប្រៀបបានដូចជាផ្លែឈើទុំផ្អែមដោយមានកម្លាំង​មនុស្សគ្រប់គ្រាន់ យើងមាន ប្រភេទកីឡា ច្រើន មានទីកន្លែងហ្វឹកហាត់ច្រើន។ និយាយជារួម គឺយើងបានរៀបចំគ្រប់គ្រាន់រួចរាល់។ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលពីម្សិលមិញ បានលើកឡើងម្តងទៀត ដោយស្នើសុំឱ្យខ្មែរយើង​ធ្វើម្ចាស់ផ្ទះប្រកប​ដោយសេចក្តីថ្លៃថ្នូរ ហើយបើជួបបញ្ហាត្រូវចេះអត់ធ្មត់ ដោយសំខាន់ ផ្តោតលើកីឡា»។ «ការរៀបចំធ្វើម្ចាស់ម្ចាស់ផ្ទះព្រឹត្តិការណ៍​កីឡានេះគឺ៖ ទី១.បានបង្ហាញពី សមត្ថភាព របស់រាជរដ្ឋាភិបាល និងទី២. បានបង្ហាញពីសាមគ្គីភាពរបស់​ប្រជាជនកម្ពុជាយើង​ទាំងមូល ដែលកំពុងខិតខំលើកិច្ចការទាំងអស់នេះ រួមទាំងការងារផ្សព្វផ្សាយពីយុទ្ធនាការសំខាន់ៗ ដូចជាសម្អាតទីក្រុង ការលេង​កីឡា និងលើកទឹកចិត្តដល់កីឡាកររបស់យើង។ដូច្នេះហើយចំពោះ ផ្នែកផ្សព្វផ្សាយលោករដ្ឋមន្ត្រីក៏បានជំរុញឱ្យទូរទស្សន៍ជាតិកម្ពុជាផ្សព្វផ្សាយគ្រប់ប្រភេទកីឡាទាំងអស់ ទោះបីជា គេមើលឬមិនសូវមើលក្តី ក៏ថតផ្សព្វផ្សាយនៅគ្រប់ប្រភេទកីឡាទាំងអស់ដែលមានខ្មែរចូលរួមប្រកួតប្រជែងផងដែរ»។ នេះជាប្រសាសន៍បន្ថែមរបស់លោករដ្ឋមន្ត្រី៕ហេង ណាលីន/ AKP


Powered by Blogger.