កម្ពុជាទំហំពាណិជ្ជកម្មអន្តរជាតិតម្លៃ១១,៣ពាន់លានដុល្លារក្នុងរយៈពេល៣ខែឆ្នាំនេះ
របាយការណ៍ផ្លូវការចេញផ្សាយកាលពីថ្ងៃច័ន្ទថាកម្ពុជាបានកត់ត្រាទំហំពាណិជ្ជកម្មអន្តរជាតិចំនួន១១,៣ពាន់លានដុល្លារក្នុងអំឡុងត្រីមាសទី១ ឆ្នាំ២០២៣ពោលគឺធ្លាក់ចុះ ១៤,៥ ភាគរយពី ១៣,១៦ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករការនាំចេញសរុបរបស់កម្ពុជាមានទំហំទឹកប្រាក់៥,៣៩ពាន់លានដុល្លារក្នុងអំឡុងខែមករាដល់ខែមីនាឆ្នាំនេះ ធ្លាក់ចុះ៥,៧ភាគរយ ធៀបនិងរយៈពេល១ឆ្នាំ ហើយការនាំចូលសរុបមានចំនួន៥,៨៦ពាន់លានដុល្លារ ធ្លាក់ចុះ ២១,៣ភាគរយ។របាយការណ៍បានបង្ហាញថាកម្ពុជាបាននាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើងនិងផលិតផលធ្វើដំណើរមានតម្លៃ ២,៤២ពាន់លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំនេះ ធ្លាក់ចុះ ២២ភាគរយ ពី ៣,១២ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ឧស្សាហកម្មកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ គឺជាវិស័យរកចំណូលពីការដោះដូរទំនិញបរទេសធំបំផុតសម្រាប់ប្រទេសកម្ពុជា។ វិស័យនេះមានរោងចក្រនិងសាខាប្រហែល ១,១០០ ដែលផ្តល់ការងារដល់កម្មករប្រមាណ៧៥០,០០០នាក់ ដែលភាគច្រើនជាស្ត្រី។សហរដ្ឋអាមេរិកនៅតែជាទីផ្សារធំបំផុតសម្រាប់កម្ពុជា ពោលគឺនាំចូលក្នុងទឹកតម្លៃទឹកប្រាក់១,៨ពាន់លានដុល្លារ ធ្លាក់ចុះ ១៥,២ ភាគរយ។ចំណែកពាណិជ្ជកម្មរវាងកម្ពុជានិង ចិន មានចំនួន២, ៨ ពាន់លានដុល្លារ ធ្វើឲ្យចិនក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតសម្រា់បកម្ពុជា។ដៃគូពាណិជ្ជកម្មសំខាន់របស់កម្ពុជាមាន សហរដ្ឋអាមេរិក វៀតណាម ថៃ ជប៉ូន អឺរ៉ុប ជាដើម។លោក លឹម ហេង ប្រធាន សភាពាណិជ្ជកម្មកម្ពុជាមានប្រសាសន៍ថាការធ្លាក់ចុះការនាំចេញទ្រង់ទ្រាយធំដោយសារការធ្លាក់ចុះសេដ្ឋកិច្ចនៅអឺរ៉ុប សហរដ្ឋអាមេរិក ដែលជាទីផ្សារធំរបស់កម្ពុជា។លោកមានប្រសាសន៍៖«ការធ្លាក់ចុះកំណើនសេដ្ឋកិច្ចនៅ អឺរ៉ុប និង សហរដ្ឋមេរិក ដោយសារសង្រ្គាមនៅអ៊ុយក្រែន បានប៉ះពាល់ដល់ការបញ្ជាទិញផលិតផលពីកម្ពុជា»។ផលិតផលនាំចេញសំខាន់ៗរបស់កម្ពុជាមានដូចជា សម្លៀកបំពាក់ គ្រឿងចក្រ និងឧបករណ៍អគ្គិសនី ផលិតផលស្បែកជើង គ្រាប់ធញ្ញជាតិ គ្រឿងសង្ហារឹម កៅស៊ូ ផ្លែឈើ បន្លែ ប្រដាប់ក្មេងលេង និងវាយនភណ្ឌជាដើម៕Khmer Times
រូបភាពអ៊ីនធឺណិត
Post a Comment