កងកម្លាំង១០ម៉ឺននាក់នឹងដាក់សម្រាប់ការពារសន្តិសុខក្នុងព្រឹត្តិការណ៍បោះឆ្នោតនីតិកាលទី៧នេះ
សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោតបានលើកឡើងថា រាជរដ្ឋាភិបាលនឹងដាក់កងកម្លាំង១០ម៉ឺននាក់សម្រាប់ការពារសន្ដិសុខ សណ្ដាប់ធ្នាប់និងរបៀបរៀបរយ ក្នុងព្រឹត្តិការណ៍បោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ការលើកឡើងរបស់សម្ដេចក្រឡាហោមបែបនេះ នាឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្សព្វផ្សាយខ្លឹមសារនៃសេចក្ដីណែនាំរួម ស្ដីពីសកម្មភាពនិងការរៀបចំភ្នាក់ងារសន្ដិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខាភ្នំពេញ។សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវរក្សាសន្ដិសុខទូទៅ ដូចជា ផែនការដាក់ពង្រាយកម្លាំង ដើម្បីធានាសន្ដិសុខ សម្រាប់ការបោះឆ្នោតព្រមទាំងកំពុងរៀបចំបណ្ដុះបណ្ដាលដល់ភ្នាក់ងារសន្ដិសុខសម្រាប់ការបោះឆ្នោតអំពីច្បាប់ ការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត និងក្របសីលធម៌។ សម្ដេចក្រឡាហោមបានគូសបញ្ជាក់ថា៖«ចំណុចនេះ ខ្ញុំសូមបញ្ជាក់ជូនថា ក្នុងការប្រើប្រាស់កម្លាំង តាមការចាំបាច់សម្រាប់ការបោះឆ្នោតនេះ មានរហូតដល់ ១០ម៉ឺននាក់ ក្នុងនោះ យើងក៏ប្រើប្រាស់កម្លាំងប្រជាការពារ ក្នុងរង្វង់ ២០៣០០ នាក់ ទាំងកម្លាំង ត្រៀមបម្រុងផង»។សម្ដេចក្រឡាហោមបានបន្ដថា ការបណ្ដុះបណ្ដាល វគ្គបំប៉ន គឺជាការចាំបាច់ ដែលអគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងតែរៀបចំការងារនេះយ៉ាងសកម្មផងដែរ ដើម្បីធ្វើការបណ្ដុះបណ្ដាល ជាពិសេសបណ្ដុះបណ្ដាលដល់ប្រជាការពារ។ ជាមួយគ្នានោះដែរសម្ដេចក្រឡាហោម ស ខេង ក៏បានរម្លឹកផងដែរថា កម្ពុជា មានបទពិសោធន៍បោះឆ្នោត ឃុំ-សង្កាត់ ឆ្នាំ២០២២ នាពេលកន្លងទៅ ក៏បានប្រើប្រាស់កម្លាំងប្រជាការពារជាង ២ម៉ឺននាក់ ដោយទទួលបានលទ្ធផលល្អផងដែរ។ក្នុងឱកាសនោះដែរលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានអំពាវនាវដល់អាជ្ញាធរសាធារណៈទាំងអស់ត្រូវប្រកាន់ជំហរអព្យាក្រឹត្យ ឥតលម្អៀងក្នុងសកម្មភាពការងាររបស់ខ្លួន និងហាមយកសម្ភារ និងមធ្យោបាយដឹកជញ្ជូន ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ ដើម្បីបម្រើឱ្យការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយណាមួយ។ លោកបានបន្ថែមថា កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ ត្រូវប្រកាន់ជំហរអព្យាក្រឹត្យ និងត្រូវគោរព តាមក្រមសីលធម៌សម្រាប់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ ដែលរៀបចំដោយ គ.ជ.ប។ ទន្ទឹមនេះ ត្រូវចូលរួមទប់ស្កាត់ឱ្យបាននូវរាល់អំពើបំភិតបំភ័យ គំរាមកំហែង ដល់បេក្ខជន សកម្មជន គណប ក្សនយោបាយ និងអ្នកបោះឆ្នោតតាមគ្រប់រូបភាព៕AKP
ប៉ូលិសដើរល្បាតកាលពីថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០១៧។អ៊ីនធឺណិត
Post a Comment