នា​យ​ករដ្ឋមន្ត្រីថៃ៖ប្រា​ប់​កី​ឡាករខ្លួនបញ្ចៀស​នយោ​​បាយអំឡុង​​ពេលប្រកួ​តស៊ី​​ហ្គេម

ក្នុងនាមជាប្រទេសដែលត្រូវបញ្ជូនកីឡាករមកចូលរួមការប្រកួតស៊ីហ្គេមនៅកម្ពុជាភាគីថៃបានប្រាប់ដល់កីឡាកររបស់ខ្លួនធ្វើយ៉ាងណាត្រូវបញ្ចៀសបញ្ហានយោបាយអំឡុងពេលប្រកួតដើម្បីកុំឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជា-ថៃ។បញ្ហានេះត្រូវបានលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា លើកយកមកណែនាំក្រុមកីឡាករថៃមុនចេញដំណើរមកចូលរួមការប្រកួតស៊ីហ្គេមនៅកម្ពុជា។ក្នុងពេលជួបជាមួយបណ្តាអត្តពលិករបស់ខ្លួន មុនចេញដំណើរមកកម្ពុជា លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានប្រាប់ដល់បណ្តាកីឡាករថៃដោយមិនឲ្យយកការប្រកួតស៊ីហ្គេមទៅលូកលាន់ជាមួយបញ្ហានយោបាយជាដាច់ខាត។ មិនឲ្យលូកលាន់នឹងបញ្ហានយោបាយ ដែលលោក ប្រាយុទ្ធ ចាន់អូចា លើកឡើងថាថៃនឹងត្រូវរៀបចំការបោះឆ្នោតនៅថ្ងៃទី១៤ឧសភា ហើយកីឡាករទាំងអស់ក៏មិនត្រូវរិះគន់បញ្ហារបស់កម្ពុជាដែរ។ តាមលោកប្រាយុទ្ធប្រសិនបើកីឡាករថៃយកកីឡាមកលូកលាន់ជាមួយនឹងនយោបាយនោះនឹងធ្វើឡើងការប្រកួតស៊ីហ្គេមដែលកម្ពុជាជាម្ចាស់ផ្ទះ មានភាពវឹកវរនិងអាចប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសនិងប្រទេស។ នេះបើតាមកាសែតបាងកកប៉ុស្តិ៍នៅថ្ងៃព្រហស្បតិ៍។លោកប្រាយុទ្ធ បានបញ្ជាក់បន្ថែមដល់កីឡាកររបស់ខ្លួនឲ្យព្យាយាមរក្សាទំនាក់ទំនងឲ្យល្អជាមួយកម្ពុជាដោយកីឡាករថៃត្រូវមានភាពអត់ធ្មត់ដ្បិតកម្ពុជា-ថៃ ជាប្រទេសភូមិផងរបងជាមួយ។គួរកត់សម្គាល់ថាបញ្ហាតានតឹងរវាងកម្ពុជា-ថៃ នៅក្នុងការប្រកួតស៊ីហ្គេមលើកទី៣២ដែលកម្ពុជាជាម្ចាស់ផ្ទះពេលនេះ គឺដោយសារតែកម្ពុជាបានបញ្ចូល «គុនខ្មែរ» ជាវិញ្ញាសារប្រកួតប្រជែង ខណៈដែលភាគីថៃទាមទារឲ្យប្រើប្រាស់ពាក្យថា«MuayThai»។ បញ្ហានេះភាគីថៃបានសម្រេចធ្វើពហិការមិនចូលរួមប្រកួតប្រជែងលើវិញ្ញាសារមួយនេះដោយលើកឡើងថា«គុនខ្មែរ»មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបញ្ចូលទៅក្នុងវិញ្ញាសារកីឡាស៊ីហ្គេម។តែយ៉ាងណាលោកនាយករដ្ឋមន្ត្រីថៃបានប្រាប់ពលរដ្ឋក៏ដូចអ្នកកីឡារបស់ខ្លួនឲ្យបញ្ឈប់ការប្រកែកគ្នាជាមួយកម្ពុជាជុំវិញការប្រើឈ្មោះ «គុនខ្មែរ» ឬ«Muay Thai» ដែលលោកយល់ថាជារឿងឥតប្រយោជន៍ដែលអាចបង្កឲ្យទៅជាជម្លោះ។ក្រៅពីបញ្ហាប៉ះទង្គិចគ្នានៅមុនព្រឹត្តិការណ៍ស៊ីហេ្គម ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាក៏រងនឹងការរិះគន់ពីបញ្ហាដែលមិនយកកម្រៃពីការប្រកួតទាំងស្រុង និងការលក់សិទ្ធិផ្សាយបន្ត។ បញ្ហានេះ ភាគីម៉ាឡេស៊ី បានសម្តែងភាពខកចិត្ត ដែលខ្លួនត្រូវបាត់បង់ចំណូលមួយផ្នែក ពីការផ្សាយបន្តចេញពីកម្ពុជា។ជាម្ចាស់ផ្ទះលើកដំបូងនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ កម្ពុជានឹងត្រូវចំណាយទឹកប្រាក់ជិត២០០លានដុល្លារ ដើម្បីរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមក្នុងឆ្នាំនេះ។ ដោយឡែករដ្ឋាភិបាលក៏នឹងត្រូវត្រៀមកញ្ចប់ទឹកប្រាក់ចំនួន៧លានដុល្លារអាមេរិកសម្រាប់ផ្គត់ផ្គង់លើការហូបចុកនិងស្នាក់នៅរបស់គណៈប្រតិភូកីឡាដែលចូលរួម។សម្រាប់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទោះបីជាយកលុយពីបណ្តាប្រតិភូដែលចូលរួមក៏មិនអាចឲ្យកម្ពុជាក្លាយជាអ្នកមានបានដែរ។ តែផ្ទុយមកវិញ ការរ៉ាប់រងការចំណាយទាំងស្រុងនេះ នឹងធ្វើឲ្យពិភពលោកស្គាល់កម្ពុជា។ បើតាមសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជាជាប្រទេសតូច តែមានបេះដូងធំ៕RFI

លោកប្រា​យុទ្ធ ចាន់​អូ​ចានាយករដ្ឋមន្ត្រី​ថៃ​(ស្តាំ)និងសម្តេច​ហ៊ុន សែននាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។សហការី

Powered by Blogger.