កម្ពុជាអនុម័តសេចក្ដីព្រាងច្បាប់ស្ដីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន
សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ានត្រូវបានរដ្ឋាភិបាលសម្រេចអនុម័តទាំងស្រុងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៨ ខែមេសានេះ។
ក្រៅពីសេចក្ដីព្រាងច្បាប់ខាងលើ រដ្ឋាភិបាលក៏បានអនុម័តសេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិផងដែរ។ បើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល គោលបំណងសំខាន់ៗនៃសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាននេះរួមមាន៖ ពង្រឹងការតភ្ជាប់សេដ្ឋកិច្ចនិងផ្តល់កាលានុវត្តភាពកាន់តែប្រសើរឡើង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។ បង្កើនការធ្វើពាណិជ្ជកម្មនិងការវិនិយោគលើវិស័យពាណិជ្ជកម្មសេវាកម្ម ដោយបង្កើតទីផ្សារកាន់តែទូលំទូលាយនិងសេដ្ឋកិច្ចទំហំ។ កាត់បន្ថយការរឹតត្បិតចំពោះពាណិជ្ជកម្មសេវាកម្ម ការវិនិយោគ និងបង្កើតបរិយាកាសពាណិជ្ជកម្មដែលអាចព្យាករណ៍បាន។ជាងនេះទៀត ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសជាសមាជិកទាំងអស់ តាមរយៈការលើកកម្ពស់និងការសម្របសម្រួលដល់ការប្រើប្រាស់នូវកាលានុវត្តភាពកាន់តែប្រសើរដែលផ្ដល់ដោយកិច្ចព្រមព្រៀងនេះការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងផ្នែកនិយ័តកម្មការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស និងការបង្កើនការចូលរួមរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងសកម្មភាពពាណិជ្ជកម្មនិងការវិនិយោគ និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងប្រទេសសមាជិកអាស៊ាន ដើម្បីសម្រេចបាននូវសមភាពតុល្យភាពនិងនិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។អ្នកនាំពាក្យរដ្ឋាបាលរូបនេះបញ្ជាក់ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាននឹងផ្តល់នូវអត្ថប្រយោជន៍ ដូចជា៖ ពង្រីកបន្ថែម និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មពាណិជ្ជកម្មសេវាកម្ម ដើម្បីជំរុញសមាហរណកម្មពាណិជ្ជកម្មសេវាកម្មអាស៊ានទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកលនិងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងវិស័យសេវាកម្មរបស់ប្រទេសសមាជិក។សម្រាប់កម្ពុជានឹងទទួលបានលទ្ធភាព និងកាលានុវត្តភាពកាន់តែខ្លាំងក្នុងការទាក់ទាញវិនិយោគបរទេសមកវិនិយោគក្នុងប្រទេសកាន់តែច្រើន ដែលជាកត្តាវិជ្ជមានក្នុងការបង្កើនឱកាសការងារនៅក្នុងប្រទេស បង្កើនចំណូល ហើយវាក៏ជាកត្តារួមចំណែកមួយដ៏សំខាន់ក្នុងការបង្កើនកំណើនផលិតផលជាតិសរុបផងដែរ។តាមរយៈសេចក្ដីព្រាងច្បាប់ស្ដីខាងលើនេះ បើតាមលោក ផៃ ស៊ីផាន កម្ពុជាអាចនឹងបង្កើនថវិកាជាតិលើចំណូលសារពើពន្ធ តាមរយៈការប្រមូលពន្ធអាករកាន់តែច្រើនជាងមុន។កម្ពុជានឹងទទួលបាននូវការចែករំលែកបទពិសោធន៍និងទទួលការជះឥទ្ធិពលវិជ្ជមានលើផ្នែកចំណេះដឹង ជំនាញ បច្ចេកវិទ្យា និងបំណិនអាជីវកម្ម ក្នុងការពង្រឹងសក្តានុពលកំលាំងពលកម្ម និងសហគ្រិនភាពក្នុងស្រុក។ កម្ពុជានឹងទទួលបាននូវជម្រើសជាច្រើនក្នុងការប្រើប្រាស់សេវាកម្ម ប្រកបដោយតម្លៃទាបនិងការប្រកួតប្រជែងខ្ពស់។គួរជម្រាបជូនថា ពាណិជ្ជកម្មសេវាកម្មអាស៊ានគឺមានសារៈសំខាន់ដូចគ្នានឹងពាណិជ្ជកម្មទំនិញដែរ នៅពេលនិយាយអំពីកំណើនសេដ្ឋកិច្ច។ យោងទៅតាមស្ថិតិអាស៊ាន ទិន្នន័យវិស័យសេវាកម្មមានចន្លោះពី ៣៨% ទៅ ៦៩% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសសមាជិកអាស៊ាន។ សម្រាប់ប្រទេសកម្ពុជា ពាណិជ្ជកម្មសេវាកម្មបានរួមចំណែក ផលិតផលក្នុងស្រុកសរុប GDP ច្រើនជាង ៤០% នៃសេដ្ឋកិច្ចជាតិ៕RFI
Post a Comment