នាយករដ្ឋមន្រ្តី៖ធ្វើជាមន្ត្រីបម្រើរាស្ដ្រដោយភាពស្មោះត្រង់
សម្ដេចហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ក្រើនរម្លឹកដល់មន្ត្រីថាត្រូវធ្វើមន្ត្រីដោយភាពស្មោះត្រង់បម្រើរាស្ដ្រ កុំធ្វើចៅហ្វាយរាស្ត្រកុំអាងបានធ្វើមន្ត្រីហើយប្រើអំណាចធ្វើទាំងទទឹងទិស។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) នាព្រឹកថ្ងៃទី២៧ខែមេសាឆ្នាំ២០២៣នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រសម្តចនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថាមន្ត្រីជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន កុំធ្វើជាចៅហ្វាយរបស់ប្រជាជន។ដូច្នេះត្រូវយកចិត្តទុកដាក់ទៅលើការអប់រំគុណធម៌ សីលធម៌។ សម្តេចហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីជាច្រើន ដែលបានកំពុងតែខិតខំបំពេញការងារបានយ៉ាងល្អក្នុងការបម្រើប្រជាពលរដ្ឋ។ចំពោះការតែងតាំងមន្ត្រីសម្ដេចនាយករដ្ឋមន្ដី្របានបញ្ជាឱ្យថ្នាក់ដឹកនាំរាជធានី-ខេត្ត ជ្រើសរើសនិងតែងតាំងមន្ត្រី ដែលមានសមត្ថភាពនៅនឹងកន្លែង ដើម្បីជាការលើកទឹកចិត្ត ចំពោះពួកគេ ដែលខិតខំបំពេញការងារកន្លងមក។ សម្ដេចថ្លែងសង្កត់ធ្ងន់ថាការតែងតាំងមន្ត្រី ដែលបំពេញការងារ និងរស់នៅក្នុងមូលដ្ឋាននោះផ្ទាល់វាផ្ដល់ប្រយោជន៍ច្រើន ក្នុងការបម្រើការងារដល់ប្រជាពលរដ្ឋ ហើយប្រសិនបើយើងជ្រើសរើសយកមន្ត្រីនៅក្នុងមូលដ្ឋានគឺវាល្អជាងយកមន្ត្រីទៅពីចម្ងាយ។ សម្ដេចលើកឡើងថា៖«យើងលើកបញ្ហានេះទៅចុះ ឧទាហរណ៍ថា អភិបាលខេត្ត អភិបាលរងខេត្ត អភិបាលស្រុក ឬអភិបាលរងស្រុក ហើយបើយើងរកមន្ត្រីបាននៅក្នុងខេត្ត ស្រុកនោះ គឺវាជារឿងល្អ។ ចៅហ្វាយខេត្ត អាចថាពិបាកជ្រើសរើសយកទៅដឹកនាំបន្តិច ប៉ុន្តែអភិបាលរងខេត្ត អភិបាលស្រុក អភិបាលរងស្រុក បើរើសបាននៅកន្លែងហ្នឹងគឺវាជាកាល្អ»។សម្ដេចមានមានប្រសាសន៍បន្ថែមថាការរើសមន្ត្រីមានសមត្ថភាពនៅនឹងកន្លែងក៏ជាការកាត់បន្ថយការដណ្ដើមតំណែងនិងតួនាទីគ្នាដែរ។ ត្រង់ចំណុចនេះ សម្ដេចបានបកស្រាយថា កន្លងមក មានមន្ត្រីយោធា និងប៉ូលិសជាដើម មានឋានន្តរសក្តិ សុទ្ធតែផ្កាយ២ ផ្កាយ៣ ដណ្ដើមធ្វើជាចៅហ្វាយខេត្ត ខណៈមន្ត្រីបំពេញការងារក្នុងខេត្តនោះ ប្រឹងប្រែងធ្វើការងារចង់ងាប់។ ដូច្នេះ វាមិនយុត្តិធម៌សម្រាប់មន្ត្រី ដែលខិតខំបំពេញការងារទាំងនោះឡើយ ព្រោះពួកគេក៏ចង់បានតំណែង និងតួនាទីដែរ។សម្ដេចនាយករដ្ឋមន្ដ្រីបានប្រកាសដាច់ខាតមិនចុះហត្ថលេខា ចំពោះមន្ដ្រីពូកែរត់ការដើម្បីបានតំណែងអ្វីមួយគឺត្រូវលើកទឹកចិត្តក្នុងការជ្រើសរើសមន្រ្ដីរាជការ សម្រាប់បម្រើការងារនៅក្នុងមូលដ្ឋានដោយជ្រើសរើសមន្រ្ដីចេញពីមូលដ្ឋានតែម្តង៕AKP
Post a Comment