កម្ពុជា​-វៀតណា​​ម​បង្កើនកិច្ចស​ហប្រតិបត្តិការ​​និង​ដោះស្រាយបញ្ហាឱ្យបា​ន​ទាន់ពេលវេ​​លាបណ្តា​ព្រំ​ដែ​ន

 ភាគីកម្ពុជានិងវៀតណាមបានឯកភាពបន្តជួយឧបត្ថម្ភដល់បណ្តាខេត្តជាប់ព្រំដែនឱ្យបង្កើនកិច្ចសហប្រតិបត្តិការនិងដោះស្រាយឱ្យបានទាន់ពេលវេលានូវ បញ្ហានានាដែលបានកើតមានឡើង។ការឯកភាពនេះរវាងសម្ដេចស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀត និងកិច្ចប្រជុំលើកទី១២ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ជាមួយលោកជិន លីវក្វាងឧបនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅខេត្តតាយនីញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

យោងតាមសេចក្ដីប្រកាសព័ត៌មានរួមកិច្ចប្រជុំបានប្រព្រឹត្តទៅ ក្នុងបរិយាកាសឱឡារឹកប្រកបដោយស្មារតីមិត្តភាពនិងយោគយល់គ្នាទៅវិញទៅមក។ភាគីទាំង២បានសង្កត់ធ្ងន់អំពីសារៈសំខាន់ក្នុងការបន្តថែរក្សាទំនាក់ទំនងជាមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងបណ្តាខេត្តព្រំដែនកម្ពុជា-វៀតណាម និយាយដោយឡែក និង រវាងកម្ពុជា-វៀតណាម និយាយរួម។ ភាគីទាំង២បានវាយតម្លៃខ្ពស់ចំពោះ បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីប្រទេសទាំង២ ក្នុងនោះ មានបណ្តាខេត្តជាប់ព្រំដែន បានសហការរៀបចំសកម្មភាពជាច្រើន ប្រកបដោយអត្ថន័យក្នុងក្របខ័ណ្ឌ «ឆ្នាំមិត្តភាព កម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ឆ្នាំ២០២២» រួមចំណែកបង្កើនការយល់ដឹងរបស់បណ្តាស្រទាប់ប្រជាជន នៃប្រទេសទាំងពីរ ពិសេសយុវជនជំនាន់ក្រោយ ចំពោះការថែរក្សា និងពូនជ្រំនូវទំនាក់ទំនងភូមិផងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឋិតថេរ រឹងមាំ យូរអង្វែងរវាងកម្ពុជា-វៀតណាម។ សេចក្ដីប្រកាសរួមបន្តថា ភាគីទាំង២បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ បណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំង២ ក្នុងការម្ចាស់ការសហការកសាងក្របខ័ណ្ឌ ច្បាប់ និងយន្តការកិច្ចសហប្រតិបត្តិការសំដៅបង្កលក្ខណៈងាយស្រួល ដល់កិច្ចសហប្រតិបត្តិការ របស់បណ្តាខេត្តជាប់ព្រំដែន ស្របទៅនឹងទិសដៅ ដែលបានដាក់ចេញនៅក្នុងកិច្ចប្រជុំលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម។ ភាគីទាំងពីរបានឯកភាពបន្តជួយឧបត្ថម្ភ ដល់បណ្តាខេត្តជាប់ព្រំដែន ឱ្យបង្កើនកិច្ចសហប្រតិបត្តិការ និងដោះស្រាយឱ្យបានទាន់ពេលវេលានូវបញ្ហានានាដែលបានកើតមានឡើង។ នេះបើតាមសេចក្ដីប្រកាសដដែល។  សេចក្ដីប្រកាសព័ត៌មានរួម ក៏បានបញ្ជាក់អំពីការអបអរសាទរ ការរៀបចំដោយជោគជ័យពិធីប្រកាស ដាក់ឱ្យដំណើរការជាបណ្ដោះអាសន្ន ច្រកទ្វារអន្តរជាតិតិនណាម (ខេត្តតៃនិញ) - ម៉ឺនជ័យ  ( ខេត្តព្រៃវែង) កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ និង ពិធីប្រកាសសម្ពោធដាក់ឱ្យដំណើរការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក និងច្រកទ្វារព្រំដែនអន្តរជាតិផ្លូវទឹក វិញសឿង (ខេត្តអានយ៉ាង) - ក្អមសំណ(ខេត្តកណ្តាល) កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។ ទន្ទឹមនេះភាគីទាំងពីរឯកភាពរួមគ្នាជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ ច្រកទ្វារអន្តរជាតិ តើនណាម (ខេត្តតៃនីញ) - ម៉ឹនជ័យ (ខេត្តព្រៃវែង) ដើម្បីឈានទៅរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការច្រកទ្វារព្រំដែននេះ ក្រោមអធិបតី ភាពរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ឱ្យបានឆាប់។ ភាគីទាំង២ឯកភាពពិភាក្សាលទ្ធភាពដាក់ឱ្យដំណើរការ ច្រកទ្វារទ្វេភាគីជីមៀត (ខេត្តមណ្ឌលគិរី) - ដាក់រ៉េ (ខេត្តដាក់ឡាក់) ។ ក្នុងសេចក្ដីប្រកាសក៏បានឱ្យដឹងដែរថា ភាគីទាំងពីរអបអរសាទរពិធីផ្លាស់ប្ដូរលិខិតូបករណ៍សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម និងពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។ទន្ទឹមនេះភាគីទាំង២បានស្វាគមន៍ចំពោះពិធីផ្លាស់ប្តូរផែនទីឋានលេខាព្រំដែនកម្ពុជា-វៀតណាម ខ្នាត ១/២៥.០០០ រវាងគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក នៃប្រទេសទាំង២ដែលបានធ្វើឡើងនៅថ្ងៃទី០១ខែសីហាឆ្នាំ២០២០នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនីញ៕AKP




Powered by Blogger.