ជា​ថ្មីម្តង​​ទៀតសម្តេច​ហ៊ុន សែនព្រមា​​នដកសា​​ច់ញាតិលោ​ក​​ស៊ន តា​រាទាំងអ​ស់​ចេញពីកា​រងា​ររដ្ឋ

 សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនបានធ្វើការព្រមានជាថ្មីដល់លោក ស៊ន តារា ដែលជាអ្នកធ្វើអត្ថាធិប្បាយពីនាយសមុទ្រប្រឆាំងនឹងរដ្ឋាភិបាលក្រុងភ្នំពេញដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន។ប្រសិនបើសាច់ញាតិលោក ស៊ន តារា មិនអាចប្រដៅលោកស៊ន តារាបាន។ ការព្រមាននេះបានធ្វើឡើងខណៈដែលលោកនាយករដ្ឋមន្ត្រីធ្វើជាអធិបតីនៃពិធីចែកសញ្ញាបត្រនាព្រឹកថ្ងៃអង្គារនេះ ដល់គរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង២ពាន់នាក់ នៅវិទ្យាស្ថានជាតិអប់រំ។ ដោយហៅលោក ស៊ន តារា ថាជាក្មេងពាលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់លោក ស៊ន តារា ថាថ្ងៃក្រោយសម្តេចនឹងដកឪពុក ម្តាយ បងប្អូនដែលកំពុងរស់នៅប្រទេសកម្ពុជាចេញពីការងារទាំងអស់ប្រសិនបើពួកគេមិនអាចប្រដៅលោក ស៊ន តារា បាន។ការថ្លែងរបស់សម្តេចហ៊ុន សែន ដូច្នេះគឺផ្តើមចេញពីការធ្វើអត្ថាធិប្បាយរបស់លោក ស៊ន តារា ជុំវិញការរិះគន់រដ្ឋាភិបាលថាមិនមានលុយរៀបចំបុណ្យអុំទូកនិងថារដ្ឋាភិបាលមិនយកលុយទៅជួយអ្នកក្រខណៈការរៀបចំស៊ីហ្គេមលើកទី៣២ នៅកម្ពុជាមិនត្រូវបានគិតលុយពីប្រតិភូកីឡាអាស៊ានទាំងអស់។សម្តេចហ៊ុន សែន បានធ្វើការព្រមាន២ដង នៅក្នុងសុន្ទរកថាតែមួយ ទៅលើលោក ស៊ន តារា ដែលជាសាស្ត្រាចារ្យផ្នែកទស្សនវិជ្ជា ដោយលោកនឹងហៅឪពុក ម្តាយ និងប្អូនថ្លៃលោក ស៊ន តារា ទៅសួរ និងដកចេញពីការងាររដ្ឋ ប្រសិនបើលោក ស៊ន តារានៅតែបន្តធ្វើអត្ថាធិប្បាយប្រឆាំងនឹងរដ្ឋាភិបាល។ សូមបញ្ជាក់ថាឪពុកលោក ស៊ន តារាគឺជាមន្ត្រីយោធាស័ក្តិ៤ និងប្អូនថ្លៃស្រីលោកគឺជាមន្ត្រីប៉ូលីសស័កិ្ត៤កន្លះ។ដំណាលគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីតាមរយៈបណ្តាញទំនាក់ទំនងតេឡេក្រាមក៏បានបញ្ចេញឯកសារមួយចំនួនដែលទាក់ទងទៅនឹងក្រុមគ្រួសារលោកស៊ន តារា ក្នុងនោះមានការសន្យារបស់លោក ស៊ន សារ៉ាត ប្អូនប្រុសលោក ស៊ន តារា ដែលបច្ចុប្បន្នបំរើការងារជាអ្នកកាសែតCamboJa។ តាមលិខិតផ្ញើទៅកាន់លោក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិកាលពីខែកុម្ភៈ ឆ្នាំ២០២៣ លោក ស៊ន សារ៉ាត បានបញ្ជាក់ថាលោកនឹងព្យាយាមអូសទាញលោកស៊ន តារា ដែលជាបងប្រុសលោកឲ្យបញ្ឈប់ការវាយប្រហារប្រមាថព្រះមហាក្សត្រ រដ្ឋាភិបាលនិងសម្តេចនាយករដ្ឋមន្ត្រីព្រមទាំងស្នើឲ្យចាកចេញពីក្រុមឧទ្ទាមមករួមរស់ជាមួយគ្រួសារនិងប្រទេសជាតិវិញ។ ប្អូនប្រុសលោក ស៊ន តារា ក៏បានបញ្ជាក់ដែរថាលោកនិងភរិយានឹងបន្តគាំទ្រគណបក្សប្រជាជនដោយឥតងាករេ។បន្ថែមពីនេះសម្តេចនាយករដ្ឋមន្ត្រីក៏បានបង្ហាញពីឃ្លីបវីដេអូរបស់កាសែតហ្វេ្រសញូសម្ភាសន៍ជាមួយម្តាយលោក ស៊ន តារ៉ា ផងដែរ។ ដែលម្តាយលោកស៊នតារាក៏មានអារម្មណ៍ខឹងនិងព្យាយាមអូសទាញកូនរបស់គាត់ដែរ ដោយចង់ឲ្យលោកស៊ន តារា បញ្ឈប់សកម្មភាពវាយប្រហាររដ្ឋាភិបាលនិងចង់ឲ្យលោកស៊ន តារា មានការងារធ្វើនៅក្នុងរាជការ។ក៏ប៉ុន្តែលោក ស៊ន តារា មិនស្តាប់។សូមរំលឹកដែរថា កាលពីរាត្រីម្សិលមិញលោក ស៊ន តារា បានបន្តលើកយកប្រធានបទចំនួន២មកធ្វើអត្ថាធិប្បាយតាមហ្វេសប៊ុកដូចជាធនាគារអេស៊ីលីដាប្តឹងពលរដ្ឋជំពាក់បំណុលនិងប្រធានបទចោទសួរថាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខរដ្ឋឬប្រមុខរដ្ឋាភិបាល រួមនឹងពាក្យសម្តេចពុកសម្តេចម៉ែដែលខ្លឹមសារសំដៅទៅលើការវាយប្រហារលើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលរបស់សម្តេច៕RFI

លោក ស៊ន តារា និង​សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។cambodiadaily

Powered by Blogger.