ប្រមុខរដ្ឋាភិបាលកម្ពុជាហាមពលរដ្ឋកុំឲ្យយកករណីប៊ួ ខាវទៅជាកំហឹងបែបនយោបាយក្នុងព្រឹត្តិការណ៍ស៊ីហេ្គម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្របានចេញសារជាសាធារណៈ ដោយហាមមិនឲ្យប្រជាពលរដ្ឋបញ្ឆេះករណីកីឡាករប្រដាល់ថៃប៊ួ ខាវ ទៅជាកំហឹងបែបនយោបាយនាពេលដែលកម្ពុជាត្រូវរៀបចំព្រឹត្តិការណ៍ស៊ីហេ្គមនៅសប្តាហ៍ក្រោយ។ការហាមប្រាមនេះធ្វើឡើងបន្ទាប់ពីសាធារណជនរិះគន់កីឡាករប្រដាល់ថៃដែលបានបរិយាយបញ្ចើចបញ្ចើជុំវិញកីឡា«គុនខ្មែរ»និង«MuayThai»។ នៅមិនទាន់ចប់នោះទេ ករណីកីឡាករប្រដាល់ថៃប៊ួខាវត្រូវបានលើកយកជជែកជាថ្មីពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។ក្រុមអ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុក បានប្រើប្រាស់ពាក្យធ្ងន់ៗរិះគន់ប៊ួខាវបន្ទាប់ពីទទួលបានដំណឹងថាកីឡាករប្រដាល់ថៃដ៏ល្បីឈ្មោះរូបនេះមកចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា។ក៏ប៉ុន្តែបញ្ហានេះសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានចេញសារតាមបណ្តាញតេលេក្រាមរបស់ខ្លួនភ្លាមៗដោយហាមមិនឲ្យពលរដ្ឋប្រើប្រាស់ភាសាប្រមាថចំពោះភ្ញៀវដែលមកប្រទេសកម្ពុជាឡើយ។បើតាមសម្តេចនាយករដ្ឋមន្ត្រី ករណីកីឡាករប៊ួខាវបើទោះបីជាមកឬមិនមកក៏ប្រជាពលរដ្ឋខ្មែរមិនត្រូវបង្កើតការរើសអើងឬស្អប់ខ្ពើមចំពោះ ប៊ួ ខាវ ទោះជាកីឡាករប្រដាល់ថៃរូបនេះ ធ្លាប់បានរិះគន់ពីប្រដាល់គុនខ្មែរនិងធ្វើអ្វីមិនសមរម្យលើខ្មែរក៏ដោយ។ការណ៍ដែលប្រមុខរដ្ឋាភិបាលចេញសារហាមប្រាមពលរដ្ឋមិនឲ្យប្រមាថលើកីឡាករប៊ួ ខាវ យ៉ាងដូច្នេះគឺដោយដ្បិតថាសម្តេចហ៊ុន សែន បារម្ភពីការបញ្ឆេះកំហឹងបុគ្គលទៅជារឿងនយោបាយដែលអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងកម្ពុជានិងថៃ។ តាមសម្តេចហ៊ុន សែន កីឡាករ ប៊ួ ខាវតំណាងឲ្យប្រជាជនថៃចំនួន៦០លាននាក់ដែលបញ្ហានេះវាក្លាយជាបញ្ហារវាងប្រទេសនិងប្រទេសដែលចាំបាច់ត្រូវមានមិត្តភាពនិងសាមគ្គីភាពជាមួយគ្នា។សម្រាប់សម្តេចហ៊ុន សែន អ្វីដែលពលរដ្ឋខ្មែរគួរប្រកាន់ខ្ជាប់ គឺការរក្សាបានភាពថ្លៃថ្នូរក្នុងឋានៈជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម និងយកឱកាសនេះកសាងមិត្តភាពជាមួយប្រទេសទាំងអស់ដែលបានមកចូលរួមប្រកួតប្រជែង។គួរជម្រាបថាវិវាទមតិរបស់ប្រជាពលរដ្ឋខ្មែរចំពោះកីឡាករប្រដាល់ថៃប៊ួ ខាវកើតមានឡើងបន្ទាប់ពីកីឡាករប្រដាល់ល្បីឈ្មោះរូបនេះ បាននិយាយរិះគន់ប្រដាល់«គុនខ្មែរ»ថាស្ថិតត្រឹមកម្រិតអាស៊ានប៉ុណ្ណោះ មិនអាចប្រៀបជាមួយ «MauyThai» ដែលស្ថិតក្នុងកម្រិតអូឡាំពិកឡើយ។ ការរិះគន់របស់ប៊ួខាវគឺក្រោយពេលកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះបានសម្រេចដាក់បញ្ចូលកីឡា«គុនខ្មែរ»ជាវិញ្ញាសារប្រកួតប្រជែងមួយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ខណៈដែលភាគីថៃក៏សម្រេចពហិកាមិនចូលរួមក្នុងប្រភេទវិញ្ញាសារមួយនេះ។គួរបញ្ជាក់ផងដែរថានៅមុននៃព្រឹត្តិការណ៍ស៊ីហ្គេមចូលមកដល់ ភាគីថៃតាមរយៈលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ក៏បានប្រាប់ដល់កីឡាកររបស់ខ្លួនដោយមិនឲ្យយកការប្រកួតស៊ីហ្គេមទៅលូកលាន់ជាមួយបញ្ហានយោបាយជាដាច់ខាត។លោកប្រាយុទ្ធបារម្ភថាការលូកលាន់នឹងបញ្ហានយោបាយក្នុងព្រឹត្តិការណ៍កីឡានឹងធ្វើឲ្យការប្រកួតស៊ីហ្គេមដែលកម្ពុជាជាម្ចាស់ផ្ទះមានភាពវឹកវរនិងអាចប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសនឹងប្រទេស។ហើយសម្រាប់មេដឹកនាំថៃរូបនេះគឺកីឡាករថៃត្រូវរក្សាទំនាក់ទំនងឲ្យល្អជាមួយកម្ពុជា ដោយត្រូវមានភាពអត់ធ្មត់ដ្បិតកម្ពុជា-ថៃ ជាប្រទេសភូមិផងរបងជាមួយ៕RFI
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។asianews
Post a Comment