នាយ​​ករដ្ឋមន្ត្រីក​ម្ពុជា​៖​តាម​​ដានស្ថាន​ការ​​ណ៍​នៅប្រ​ទេសស៊ូដ​ង់ឱ្យបា​ន​ជាប់​ដើ​ម្បីជម្លៀស​និស្សិ​តខ្មែរ​ឥស្លាម​ចំ​​នួន០​៦​​​នា​ក់

សម្ដេចហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា​បានណែនាំឱ្យទេសរដ្ឋមន្រ្តី អូស្មាន់ហាស្សាន់តាមដានស្ថានការណ៍នៅប្រទេសស៊ូដង់ឱ្យបានជាប់ដើម្បីជម្លៀសនិស្សិតខ្មែរ​ឥស្លាមចំនួន០៦នាក់ដែលកំពុងស្ថិតនៅរដ្ឋ​ធានី​ខាទុំ នៃប្រទេសស៊ូដង់មកកាន់ប្រទេសវិញ ខណៈពេលប្រទេសម៉ាឡេស៊ី អាចនឹង​ជម្លៀ​សប្រជាជនរបស់ពួកគេចេញពីប្រទេសស៊ូដង់។

ការណែនាំរបស់សម្ដេចនាយក​​រដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លង​សមិទ្ធ​ផលនា នាក្នុងវត្តព្រះបារមីវង្កតបុរី នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ស្ថិត​នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ។សម្ដេចហ៊ុន សែនបានមានប្រសាសន៍ថា សម្ដេចទើបតែទទួលបានព័ត៌មា​ពីប្រទេសស៊ូដង់កាលពីពេលថ្មីៗនេះថានៅរដ្ឋធានីខាទុំនៃប្រទេសស៊ូដង់មាននិស្សិត​ខ្មែរឥស្លាមចំនួន៦នាក់កំពុងស្ថិតនៅទីនោះ។ សម្ដេចបានថ្លែងថាលោក អូ​ស្មាន ហា​ស្សាន់ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេសតាមដានបញ្ហានេះឱ្យ​ជាប់ ​ហើយនៅពេលប្រទេសម៉ាឡេស៊ីអាចនឹងជម្លៀសប្រជាជនរបស់ពួកគេចេញពីប្រទេសស៊ូដង់តាម​​យន្ដ​ហោះក្ដីឬតាមនាវាក្ដីគឺស្នើសុំដឹកនិស្សិតខ្មែរឥស្លាមទាំង០៦នាក់នោះមកជា​មួយ​ផងដែរ។សម្ដេចគូសបញ្ជាក់ថា៖ «ខ្ញុំទើបទទួលបានព័ត៌មានថា ប្រទេសស៊ូដង់មានបងប្អូនខ្មែរ-ឥស្លាមរបស់យើងជានិស្សិតមានរហូតដល់០៦នាក់ដែលកំពុងស្ថិត​នៅទី​នោះ ហើយកំពុងឱ្យលោក អូស្មាន ហាស្សាន់ តាមដាមកិច្ចការងារនេះឱ្យជាប់នៅ​ពេល​ប្រទេសម៉ាឡេស៊ី អាចនឹងជម្លៀសប្រជាជនតាមយន្ដហោះឬតាមនាវាគឺសុំអាចចេញ​ដំណើរ​ជាមួយគ្នាព្រោះការប្រយុទ្ធគ្នានៅប្រទេសនេះកំពុងតែខ្លាំង»។ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ដ្រីលើកឡើងថា សម្រាប់ប្រទេសកម្ពុជា គ្មាន​ការប្រយុទ្ធណាមួយកើតឡើងនោះទេហើយកម្ពុជាអាចប្រារព្ធពិធីបុណ្យទាននិងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយ៉ាងសប្បាយរីករាយដោយសារតែប្រទេសមាន​សុខ​សន្តិ​ភាពគ្មានភ្លើងសង្គ្រាម។  សម្ដេចបានអះអាងថា ក្នុងពេលដែលប្រទេសស៊ូដង់​កំពុង​មានសង្គ្រាមកម្ពុជាឯណោះវិញ គ្មានការប្រយុទ្ធណាមួយកើតឡើងនោះទេ ហើយកម្ពុជា​ទើប​បិទបញ្ចប់ ពិធីបុណ្យចូលឆ្នាំថ្មីដែលមានប្រជាពលរដ្ឋដើរលេងកម្សាន្ដរហូតដល់ជាង​១៣លាននាក់។សម្ដេចនាយករដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា កម្ពុជាកំពុងតែមានសុខសន្ដិភាព​ពេញ​លេញដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការដើរលេងកម្សាន្ដនិង​ប្រារព្ធពិធីផ្សេងៗដោយមិនមានការភ័យខ្លាច។សូមជម្រាបជូនថា កាលពីពេលថ្មីៗនេះកងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF)និង​កងកម្លាំងគាំទ្ររហ័ស(RSF)បានប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញនៅក្នុងរដ្ឋធានីខាទុំនិងតំបន់​ផ្សេង​ទៀតរបស់ស៊ូដង់ដើម្បីគ្រប់គ្រងប្រទេសធំទី៣របស់អាហ្វ្រិកមួយនេះ។ យោងតាមក្រសួងសុខាភិបាលប្រទេសស៊ូដង់បានរាយការណ៍ដែរថាគិតត្រឹមសប្ដាហ៍​មុនមនុស្ស​យ៉ាងហោចណាស់២៧០នាក់ ត្រូវបានសម្លាប់និង២ ៦០០នាក់បានរងរបួសខណៈអ្នកស្លាប់និងរបួសភាគច្រើនគឺជាជនស៊ីវិលដែលជាប់គាំងក្នុងការបាញ់ប្រហារនេះ៕AKP

Powered by Blogger.