សម្តេចនាយករដ្ឋមន្ត្រីអំពាវនាវឱ្យបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានគោលដៅគ្មានជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥
ជាមួយនឹងសមិទ្ធិផលប្រឆាំងជំងឺគ្រុនចាញ់គួរឲ្យកត់សម្គាល់របស់កម្ពុជា សម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវឱ្យបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីសម្រេចបាននូវគោលដៅគ្មានជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥។សម្តេចហ៊ុន សែន បានអំពាវនាវក្នុងលិខិតចំហរបស់សម្តេច ដើម្បីអបអរទិវាជំងឺគ្រុនចាញ់ពិភពលោក ២៥ មេសាដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។បើតាមនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតផែនការយុទ្ធសាស្រ្តជាតិក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់២០១១-២០២៥ស្របតាមក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្ពោះទៅឆ្នាំ២០២៣។ជាមួយនោះ សម្តេចបានបន្ថែមថាកម្ពុជាបានបញ្ចប់ការស៊ាំនឹងថ្នាំប្រឆាំងគ្រុនចាញ់នៅឆ្នាំ ២០១៦ ហើយធានាថាមិនមានករណីស្លាប់ដោយសារជំងឺនេះ ចាប់តាំងពីឆ្នាំ ២០១៨ រហូតមកដល់បច្ចុប្បន្ន។ករណីជំងឺគ្រុនចាញ់បានធ្លាក់ចុះពីជាមធ្យមជាង ១១០,០០០ករណី (ជាមួយនឹងការស្លាប់ប្រហែល ៥០០នាក់) ក្នុងទសវត្សរ៍មុនឆ្នាំ២០១១ ដល់ ៤,០៤១ករណី ក្នុងឆ្នាំ២០២២។សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធផ្នែកសុខាភិបាលទាំងអស់ចំពោះការលះបង់ការខិតខំប្រឹងប្រែងនិងកិច្ចសហប្រតិបត្តិការដើម្បីសម្រេចបាននូវវិធានការដ៏វិសេសវិសាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ទិវាជំងឺគ្រុនចាញ់ពិភពលោកឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងក្រោមមូលបទ “ពេលវេលាដើម្បីបំបាត់ជំងឺគ្រុនចាញ់៖ វិនិយោគ ច្នៃប្រឌិត អនុវត្ត”។សម្តេចហ៊ុនសែនបានលើកឡើងពីមូលបទនេះថាជាការក្រើនរំលឹកសម្រាប់កម្ពុជាក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាពប្រឆាំងជំងឺគ្រុនចាញ់គ្រប់កម្រិតបន្ថែមទៀតដើម្បីកម្ចាត់ជំងឺនេះទាំងស្រុងនៅឆ្នាំ២០២៥។សម្តេចបានលើកទឹកចិត្តអ្នកពាក់ព័ន្ធទាំងអស់ឱ្យបន្តការងារល្អជាពិសេសតាមរយៈការកសាងការយល់ដឹងក្នុងចំណោមក្រុមដែលងាយរងគ្រោះបំផុតនិងងាយស្រួលទទួលបានសេវាប្រកបដោយគុណភាពដោយមិនគិតថ្លៃសម្រាប់ទាំងអស់គ្នា៕ AKP/Khmer Times
Post a Comment